អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់គុយបាជាបន្ទាន់
18, Sep 2021 , 8:30 pm        
រូបភាព
គ្រូពេទ្យកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ_19_Abdala។_រូបភាព៖_AFP
គ្រូពេទ្យកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ_19_Abdala។_រូបភាព៖_AFP
 
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៧ ខែកញ្ញា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Abdala របស់គុយបាជាបន្ទាន់។ ការអនុម័តនេះ ធ្វើឡើងតែប៉ុន្មានម៉ោងមុនប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ង្វៀន សួនហ្វ៊ុក   បានចាកចេញពីវៀតណាម ដើម្បីទៅទស្សនកិច្ចផ្លូវការនាទីក្រុងឡាហាវ៉ាន គុយបា។



វ៉ាក់សាំង Abdala បានក្លាយជាវ៉ាក់សាំងទី៨ ដែលត្រូវបានវៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេស។ កន្លងមក វៀតណាម បានអនុម័តវ៉ាក់សាំងដូចជា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca, វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson, វ៉ាក់សាំងក្រុមហ៊ុន Moderna, វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងក្រុមហ៊ុន  Sinopharm និងវ៉ាក់សាំង Hayat-Vax របស់អេមីរ៉ាត់អារ៉ាប់រួម។

ការអនុម័តនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។ «ក្រសួងសុខាភិបាលវៀតណាម បានអនុម័តវ៉ាក់សាំង Abdala ដោយផ្អែកលើភាពចាំបាច់របស់ប្រទេសក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩»។ រដ្ឋាភិបាលវៀតណាម បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

យ៉ាងណាមិញ ការអនុម័តវ៉ាក់សាំងមួយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវៀតណាមចាកចេញពីប្រទេស ដើម្បីទៅទស្សនកិច្ចនៅគុយបា។

វ៉ាក់សាំង Abdala ដែលមានឈ្មោះបច្ចេកទេស CIGB-66 ត្រូវបានអភិវឌ្ឍដោយមជ្ឈមណ្ឌល Genetic Engineering and Biotechnology។ មកទល់ពេលនេះ ប្រជាជនវៀតណាមច្រើន ៣៣លាននាក់ហើយ បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលប្រជាជនចំនួន ៦,១៨លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ដូស៕


Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com