ជាតិ
ជប៉ុន បន្តផ្តល់បរិក្ខារប្រព័ន្ធត្រជាក់ស្តុកវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា
21, Sep 2021 , 6:59 pm        
រូបភាព
ជប៉ុន  ផ្តល់នូវបរិក្ខារប្រព័ន្ធត្រជាក់ដល់កម្ពុជា ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩។ បរិក្ខារទាំងនោះ មានទូក្លាស្សេវ៉ាក់សាំងចំនួន ២១គ្រឿង, ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដានសីតុណ្ហភាព ២៧១គ្រឿង។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងយូនីសេហ្វ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ការផ្តល់បរិក្ខារប្រព័ន្ធត្រជាក់មកដល់កម្ពុជានេះ នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កាន់តែប្រសើរថែមទៀត ក៏ដូចជាធានាឲ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩បានល្អ និងធ្វើឲ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជាប្រចាំ នៅនៅកម្ពុជាមានដំណើរការកាន់តែប្រសើរ ក្នុងរយៈពេលវែង។

 
រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វប្រចាំកម្ពុជា បានបន្តផ្តល់នូវបរិក្ខារចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា។ បរិក្ខារទាំងនោះរួមមានទូក្លាស្សេវ៉ាក់សាំងចំនួន ២១គ្រឿង, ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដានសីតុណ្ហភាព ២៧១គ្រឿង។  យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងយូនីសេហ្វ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ការប្រគល់ និងទទួលបរិក្ខារត្រជាក់ទាំងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ កញ្ញា នៅឃ្លាំងឱសថកណ្ដាល ក្នុងរាជធានីភ្នំពេញ។
 


សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា វត្តមាននៃបរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អនៅទូទាំងប្រទេសកម្ពុជា នឹងធានាឲ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩បានល្អ និងធ្វើឲ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជាប្រចាំ នៅនៅកម្ពុជាមានដំណើរការកាន់តែប្រសើរ ក្នុងរយៈពេលវែង។ 
 
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា បានផ្តល់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី ៦ឆ្នាំឆ្នាំឡើងទៅ ប្រមាណ ១២.៣លាននាក់ ស្មើនឹងជាង៧៦ភាគរយនៃចំនួនប្រជាជនសរុប ១៦លាននាក់។ លទ្ធផលនេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន និងនៅក្នុងសកលលោក ដែលនេះជាសមិទ្ធផលមួយដ៏អស្ចារ្យ។ 
 
សេចក្តីប្រកាសព័ត៌មានរួមដដែលបន្តថា ការផ្ដល់ជំនួយទាន់ពេលវេលា ជាបរិក្ខារប្រព័ន្ធត្រជាក់បន្ថែមពីរាជរដ្ឋាភិបាលជប៉ុន គឺជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កាន់តែប្រសើរថែមទៀត។ មិនតែប៉ុណ្ណោះ បរិក្ខារទាំងនេះ នឹងធានាថាការចែកចាយវ៉ាក់សាំងកូវីដ-១៩ នាពេលបច្ចុប្បន្ន នឹងមិនទទួលសម្ពាធខ្លាំងពេកលើសមត្ថភាពបច្ចុប្បន្ន និងមិនបង្កការរំខាន ដល់សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ជាពិសេសការផ្តល់ថ្នាំបង្ការដល់កុមារឡើយ។
 
គួរជ្រាបថា ការគាំទ្រនេះ គឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ពីរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦‌.៩ លានដុល្លារ ដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន១២ ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់របស់ខ្លួន។ ក្នុងចំណោមកញ្ចប់ថវិកាសរុប ទឹកប្រាក់ចំនួន ៩០៧,៥៨៨ដុល្លារ ត្រូវបានវិភាជន៍សម្រាប់ប្រទេសកម្ពុជា។ បន្ថែមលើបរិក្ខារប្រព័ន្ធត្រជាក់ ជប៉ុនក៏កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាល ក្នុងការគ្រប់គ្រង និងថែទាំបរិក្ខារទាំងនេះ ក៏ដូចជាជួយរៀបចំដំណើរការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ឲ្យកាន់តែប្រសើរនៅគ្រប់កម្រិតផងដែរ។ 
 


ប្រទេសជប៉ុន ក៏បានសន្យាផ្តល់ថវិកាចំនួន ១ពាន់លានដុល្លារ ដល់កម្មវិធីកូវ៉ាក់ ដែលជាយន្តការអន្តរជាតិដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ ដើម្បីធានា និងពន្លឿនការទទួលបានវ៉ាក់សាំង ប្រកបដោយសមធម៌ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។  កន្លងមកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងប្រភេទ សាំង      អាស្រ្តាហ្សេនឹកា ចំនួន១លានដូស ពីជប៉ុន តាមរយៈយន្តការកូវ៉ាក់នេះដែរ។
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមនេះថា៖«ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាព គេត្រូវរក្សាទុកវានៅសីតុណ្ហភាពសមស្រប ដែលនេះគឺជាមុខងាររបស់ឧបករណ៍ទាំងនេះអាចធ្វើបាន។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងផ្តល់នូវកម្លាំងវិជ្ជមាន ដើម្បីជួយពន្លឿនវឌ្ឍនភាពគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការស្តារឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងមក។ មិត្តភាពរបស់យើងជាមួយនឹងពលរដ្ឋកម្ពុជា គឺជាមិត្តភាពដ៏សែនជ្រាលជ្រៅ ហើយយើងសង្ឃឹមថា ការគាំទ្រនេះ នឹងជួយឲ្យមិត្តភាពរបស់យើង ឈានទៅមុខមួយជំហានទៀត»។ 
 
ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ ជាស្ថាប័នដឹកនាំការងារលទ្ធកម្ម និងផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានចំណាយពេល៣ទសវត្សរ៍ បំពេញតួនាទីជាស្ថាប័នដឹកនាំផ្នែកបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលផ្តល់ប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖«ពលរដ្ឋជប៉ុន គឺជាមិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនេះគឺជាការគាំទ្រដ៏សំខាន់ និងចាំបាច់មួយទៀត ដែលពលរដ្ឋជប៉ុនបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏គួរឲ្យស្ងប់ស្ងែង ក្នុងការឆ្លើយតបចំពោះការរាតត្បាតជាសកលនេះ»។ សម្រាប់នាយិកាយូនីសេហ្វប្រចាំកម្ពុជា ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសកម្ពុជា ទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តផែនការ ស្តារប្រទេសឡើងវិញ និងបន្តពង្រឹងសមត្ថភាពផ្ដល់ថ្នាំបង្ការ៕
 
 
 
 

Tag:
 ជំនួយ
  ជប៉ុន
  ប្រព័ន្ធត្រជាក់
  វ៉ាក់សាំង
 កូវីដ-១៩
 យូនីសេហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com