ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ប្តេជ្ញាចូលរួមកសាងសង្គម-សេដ្ឋកិច្ចឌីជីថល ជាមួយរដ្ឋាភិបាល
23, Sep 2021 , 8:59 am        
រូបភាព
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា។ រូបថត៖ CDTA
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា។ រូបថត៖ CDTA
ភ្នំពេញ៖ សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា(CDTA) ត្រូវបានបង្កើតឡើងក្នុងបំណងប្រមូលផ្តុំក្រុមហ៊ុននានា ដែលរកស៊ីលើវិស័យបច្ចេកវិទ្យា ឱ្យក្លាយជាកម្លាំងតែមួយ ដើម្បីជួយលើកស្ទួយវិស័យបច្ចេកវិទ្យារបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន  បានអះអាងថា សមាគម នឹងខិតខំចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គម-សេដ្ឋកិច្ចឌីជីថល។

 
ដើម្បីជ្រាបច្បាស់សូមអញ្ញើញលោកអ្នក ស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ដូចតទៅ៖ 





 
សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០២០។ បើតាមលោក ឈិន កេន មូលហេតុដែលសម្រេចបង្កើតសមាគមនេះឡើង គឺដើម្បីប្រមូលក្រុមហ៊ុននានា ដែលប្រកបមុខរបរលើវិស័យបច្ចេកវិទ្យា ឱ្យក្លាយទៅជាកម្លាំងតែមួយ ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលនៅកម្ពុជា។ 
 
តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey តាមប្រព័ន្ធZoom លោក ឈិន កេន បាននិយាយដូច្នេះ៖ «បើយើងរួមគ្នា គឺអាចជួយលើកស្ទួយ និងបង្កើនមុខមាត់ខាងវិស័យបច្ចេកវិទ្យារបស់យើង ទៅឆាកអន្តរជាតិ»។ ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជារូបនេះ លើកឡើងដូច្នេះ ដោយសារតែលោកមើលឃើញថា បច្ចុប្បន្នមាន App , គេហទំព័រ ឬវេបសាយ [លក់ទំនិញលើទីផ្សារឌីជីថល] ជាច្រើនត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ សម្រាប់លោក ឈិន កេន សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា នឹងកា្លយជាទីប្រមូលផ្តុំដោយអ្នកជំនាញបច្ចេកវិទ្យាទាំងនោះ។
 
រយៈពេលជិត១ឆ្នាំមកនេះ ពិសេសនៅក្នុងអំឡុងបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩   លោក ឈិន កេន បានអះអាងថា ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមបច្ចេកវិទ្យាឌីជីថល បានជួយដល់សហគ្រិនធន់តូច-មធ្យម(SMEs)នៅកម្ពុជា ច្រើនណាស់តាមរយៈការយកផលិតផលរបស់SMEsទាំងនោះ មកដាក់លក់នៅលើទីផ្សារជីឌីថលដោយមានការបញ្ជាទិញទំនិញពីអតិថិជនតាមប្រព័ន្ធអនឡាញ។ បើតាមលោក ឈិន កេន  ក្រុមហ៊ុនក្នុងស្រុកដែលកំពុងដើរលើវិស័យទីផ្សារឌីជីថល (E-Commerce)សម្រាប់ជួយគាំទ្រSMEs នោះ មាន៖  Supper App, Agri On , L192, Khmum...ជាដើម។ 
 
ខណៈរដ្ឋាភិបាលកម្ពុជា កំពុងកសាងមូលដ្ឋានគ្រឹះ នៃសង្គម-សេដ្ឋកិច្ចឌីជីថល នោះ  សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ក៏ប្តេជ្ញាដើរទន្ទឹមជាមួយរដ្ឋាភិបាល ក្នុងការចូលរួម កសាងសង្គមឌីជីថលនេះឡើងដែរ ។ «យើងដើរឱ្យទន្ទឹមគ្នាជាមួយរដ្ឋាភិបាល។ បើរដ្ឋាភិបាលយើងមានផែនការត្រឹមឆ្នាំ២០៣៥ យើងឱ្យដើរទន្ទឹមគ្នា នោះការងារយើងអាចជោគជ័យហើយ»។ នេះជាការលើកឡើងរបស់លោក ឈិន កេន ដោយបានបញ្ជាក់ថា៖  «ភាពជោគជ័យនោះ ដោយសារក្រុមហ៊ុនដែលជាសមាជិកសមាគមយើង មានភាគច្រើនគឺជាកូនខ្មែររៀនជំនាញមកពីក្រៅប្រទេស ហើយឥឡូវនេះ ពួកគាត់បានយក[ចំណេះដឹងផ្នែកបច្ចេកវិទ្យាពីបរទេសទាំងនោះ] មកបម្រើឱ្យប្រជាជនខ្មែរយើងហើយ»៕
 


 

Tag:
 បច្ចេកវិទ្យា
  ឌីជីថល
  ឈិន កេន
  CDTA
© រក្សាសិទ្ធិដោយ thmeythmey.com