COVID-19
ជាតិ
ជប៉ុន ដកកម្ពុជា ចេញពីបញ្ជីប្រទេសតម្រូវឲ្យធ្វើចត្តាឡីស័ក ៣ថ្ងៃ ក្នុងមណ្ឌល
23, Sep 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា លែងមានក្នុងបញ្ជីប្រទេសតម្រូវឱ្យធ្វើចត្តាឡីស័ក៣ថ្ងៃ ក្នុងមណ្ឌលប្រទេសជប៉ុនហើយ។ ប៉ុន្តែពលរដ្ឋពីកម្ពុជា ទៅដល់ជប៉ុន ត្រូវបន្តរស់នៅដោយឡែកក្នុងកន្លែងផ្ទាល់ខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ មុននឹងចេញតាមផ្លូវសាធារណៈ។


ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែនឡើងវិញ ដោយបានដកកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័កពេលមកដល់ជប៉ុន ចំនួន៣ថ្ងៃ ហើយត្រូវធ្វើតេស្តនៅថ្ងៃទី៣ នៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ហើយ។
 
ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា អ្នកដំណើរពីកម្ពុជា ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅកន្លែងផ្ទាល់ខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ ។ «សូមជំរាបជូនថា នេះគឺជាការកែប្រែវិធានការចត្តាឡីស័កប៉ុណ្ណោះ។ កាលពីខែសីហាកន្លងទៅ អ្នកដែលចូលមកជប៉ុនវិញ (អ្នកមានកាតស្នាក់នៅស្រាប់ ឬអ្នកដែលមានការលើកលែងករណីពិសេស) គឺត្រូវទៅធ្វើចត្តាឡីស័កនៅកន្លែងគេកំណត់ ៣ថ្ងៃសិនមុនទៅកន្លែងខ្លួនឯង តែពេលនេះគឺទៅធ្វើចត្តាឡីស័កនៅកន្លែងខ្លួនឯងតែម្ដង»។ នេះបើតាមហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន។
 
ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ស្នើឱ្យប្រជាពលរដ្ឋខ្មែរ សហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរជប៉ុន និងកម្ពុជា ដោយបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។ ជាពិសេសថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ដោយចៀសវាសការជួបជុំគ្នាច្រើន និងរក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន៕

Tag:
 ជប៉ុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com