កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ នគរបាលជាតិ ស្គាល់ជ័យជម្នះលើកដំបូង ខណៈព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បន្តភាពខ្លាំង
23, Sep 2021 , 3:49 pm        
រូបភាព
ភ្នំពេញ៖ ក្រុមចំនួន៣ បានទទួលជ័យជម្នះ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៥ កាលពីថ្ងៃទី២២ កញ្ញា។ ក្នុងនោះនគរបាលជាតិ បានស្គាល់ជ័យជម្នះលើកដំបូងខ្លួន ខណៈព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បន្តភាពខ្លាំងរបស់ពួកគេ។


នគរបាលជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបយូណាធិត ដោយលទ្ធផលទាំងប្រផុតប្រផើយ ៤-៣ នាកីឡដ្ឋានសេវេនអេនជី ។ ក្នុងការប្រកួតនេះ ក្រុមទាំងពីរ បានស៊ុតបញ្ចូលទីប្រដំត្រសងគ្នា ដោយកីឡាករ សំ វ៉ាន់និត បានរកគ្រាប់បាលឱ្យនគរបាលជាតិ នៅនាទី៦ មុននឹង Adeyanju Rasheed Omokafe សកសឹកវិញភ្លាមៗ ដោយស៊ុតមួយគ្រាប់តាមពីក្រោយឱ្យអាស៊ីអឺរ៉ុបវិញ នៅនាទី៧។ 
 
ការប្រកួតបន្ត បាន៦នាទី កីឡាករ វង្ស វិសាល បានស៊ុតបន្ថែមឱ្យអាស៊ីអឹរ៉ុប មួយគ្រាប់ទៀត នៅនាទី១៣ មុននឹង Ngwa Baldwin Afanwi រកបានមួយគ្រាប់ឱ្យនគរបាលជាតិ នៅនាទី២៦ តាមស្មើ ២-២ រហូតដល់ចប់វគ្គទី១។ ឈានចូលវគ្គទី២ កីឡាករ នួន បុរី បានបន្ថែមមួយគ្រាប់ទៀត ឱ្យនគរបាលជាតិ បើកការនាំមុខជាថ្មី រហូតដល់នាទី៥៤ ដែលកីឡាករ សាន ចំរ៉ុង តាមស្មើ៣-៣ ឱ្យអាស៊ីអឺរ៉ុបវិញ។ ការប្រកួតជិតចប់វគ្គទី២ទៅហើយ ស្រាប់ Otani Soma អាចរកគ្រាប់បាល់ទី៤ នៅនាទី៨៤ ដែលជាគ្រាប់បាល់ជ័យជម្នះលើកដំបូងសម្រាប់ក្រុមនគរបាលជាតិផងដែរ។
 
បច្ចុប្បន្ននេះ នគរបាលជាតិ កំពុងយ៉ាប់យឺនមែនទែន ដោយឈរបាតតារាង ក្រោយចាញ់៨ ស្មើ៤ និងឈ្នះ១ មាន៧ពិន្ទុនេះ ចំណែកអាស៊ីអឺរ៉ុប មាន១៣ពិន្ទុ បន្ទាប់ពីឈ្នះ៤ ស្មើ១ និងចាញ់៩ប្រកួត។
 
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែល។ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល២-១ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ។ ២គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Privat Mbaga នៅនាទី៥៩ និង Lopes Mendy Robert Waly នៅនាទី៨១ ខណៈដែល Fumiya Kogure ស៊ុតមួយគ្រាប់ឱ្យណាហ្គាវើលដ៏ នៅនាទី៧៤។
 
ចំណែកភ្នំពេញក្រោនវិញ បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ដោយលទ្ធផល៣-១ នាកីឡដ្ឋាន ស្មាត អ អេស អិន។ ខ្សែបម្រើ ប្រាក់ ធីវ៉ា ស៊ុត២គ្រាប់ នៅនាទី៥២ និង៧៧ ខណៈ ពៅ ប៉ុនវទ្ធី នៅនាទី៦៤ ឱ្យភ្នំពេញក្រោន រីឯ ដាវ នីម ស៊ុតឱ្យមួយគ្រាប់គិរីវង់សុខសែនជ័យ នាទី៦៩។
 
ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ក្រោយឈ្នះ១០ ចាញ់ ៣ និងស្មើ១ប្រកួត មាន៣១ពិន្ទុ ខពៈភ្នំពេញក្រោន មាន៣១ពិន្ទុដែរ ប៉ុន្តែពួកគេ ឈ្នះតែ៩ ស្មើ៤ និងចាញ់១ប្រកួត។ ចំណែកណាហ្គាវើលដ៏ មាន២៨ពិន្ទុ ក្រោយឈ្នះ៨ ស្មើ៤ និងចាញ់២ លើក។
 
នៅថ្ងៃទី២៣ កញ្ញា ក៏មានការប្រកួតមួយគូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នាម៉ោង៣ ៖៣០នាទីរសៀល៕

Tag:
 CNCC
  លីគកំពូលកម្ពុជា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com