អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនកម្ពុជា​ ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន ២ ម៉ឺន កេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩
23, Sep 2021 , 6:39 pm        
រូបភាព
ក្រុងព្រះសីហនុ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ  បានប្រកាសឧបត្ដម្ថភេសជ្ជៈរបស់ខ្លួនចំនួន ២០ ០០០ កេស បន្ថែមទៀត  រួមមាន ទឹកពិសាអង្គរពូរ៉ូចំនួន ១០ ០០០ កេស និងភេសជ្ជៈចំនួន ១០ ០០០ កេស  ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ  ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្ដព្រះសីហនុ។
 
លោក Bruce Kidner  អគ្គនាយកគ្រប់គ្រងស្ដីទីរបស់ ខេមប្រ៊ូវ បានមានប្រសាសន៍ថា «ក្នុងគ្រាដ៏លំបាកនេះ  ទាមទារឲ្យមានការចូលរួមទទួលខុសត្រូវពីប្រជាជនគ្រប់រូប និងដើរតួនាទីក្នុងការទប់ស្កាត់វីរុសនេះ។  ខេមប៊្រូវ បន្តប្តេជ្ញាចូលរួមជាមួយសហគមន៍តាមដែលអាចធ្វើទៅបាន។ អាទិភាពដ៏ចម្បងរបស់យើងក្នុងកាលៈទេសៈមិនពិតប្រាកដនេះ គឺសុខសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក និងសហគមន៍ដែលយើងមានប្រតិបត្តិការ។ យើងសង្ឃឹមថា ការចូលរួមរបស់ខេមប្រ៊ូវ នឹងជួយគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសសឆ្លើយតបនឹងតម្រូវការចាំបាច់ នៅមណ្ឌលព្យាបាលកូវីដ-១៩ កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅ និងមណ្ឌលចត្តាឡីស័កនៅខេត្តព្រះសីហនុ។»
 
លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អភិបាលខេត្ត គណៈអភិបាលខេត្ដព្រះសីហនុ រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងការពារឲ្យកម្ពុជាមានសុវត្ថិភាព។
 
គិតត្រឹមថ្ងៃនេះ  ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួន ប្រមាណជិត ៤ ម៉ឺន កេស ចាប់តាំងពីកម្ពុជា បានប្រឈមនឹងការរាតត្បាតដោយកូវីដ-១៩ ក៏ដូចជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩  នៅប្រទេសកម្ពុជា។
 
សូមជម្រាបថា ខេមប្រ៊ូវក៏បានថ្លែងពីការប្តេជ្ញារបស់ខ្លួនថា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន «ខេមប្រ៊ូវអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក»  ខេមប្រ៊ូវនឹងនៅតែបន្ដចូលរួមជាមួយរដ្ឋាភិបាល ជាមួយសហគមន៍ និង ជាមួយប្រជាជនកម្ពុជា ពីវិស័យឯកជន នៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសនៅក្នុងគ្រាដ៏លំបាក និងស្ថានភាពមិនប្រាកដប្រជានេះ ។

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Cambrew
© រក្សាសិទ្ធិដោយ thmeythmey.com