ជាតិ
សិស្សជាង២៤ម៉ឺននាក់ហើយ ប្រើកម្មវិធី MoEYS E-Learning ដែលពង្រឹងបំណិនឌីជីថល និងស្វ័យសិក្សា
23, Sep 2021 , 6:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ខាងឆ្វេង) និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ខាងស្ដាំ) ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ» នៅថ្ងៃទី២៣កញ្ញា ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ (រូបពី ទំព័រហ្វសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា)
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ខាងឆ្វេង) និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ខាងស្ដាំ) ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ» នៅថ្ងៃទី២៣កញ្ញា ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ (រូបពី ទំព័រហ្វសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា)
ភ្នំពេញ៖ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវីធី MoEYS E-Learning រយៈពេល៥ខែមក កម្មវិធីនេះ មានអ្នកចុះឈ្មោះប្រើប្រាស់ជាង២៤ម៉ឺននាក់។ រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា អះអាងថា វិធីសាស្រ្តបង្រៀនថ្មីនេះ នឹងជួយឲ្យសិស្សពង្រឹងសមត្ថភាពបំណិនឌីជីថល និងសិក្សាឯករាជ្យ។

 
គោលដៅរបស់ក្រសួងអប់រំ នឹងដាក់ឲ្យសាលារៀនចំនួន៣ពាន់កន្លែង ប្រើប្រាស់កម្មវិធី MoEYS E-Learning ហើយក៏គ្រោងនឹងពង្រីកបន្ថែមទៀតផង។ ក្រុមការងារក្រសួង ក៏បន្ថែមឯកសារ វីដេអូបង្រៀន និងកម្មវិធីផ្សេងៗទៀតចូលក្នុង MoEYS E-Learning។ នេះបើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្ងៃទី២៣កញ្ញា ២០២១។ 
 
ការបង្កើតប្រព័ន្ធសិក្សាផ្ទាល់ខ្លួន គឺសិស្សម្នាក់អាចទាញយកឯកសារពីកម្មវិធី MoEYS E-Learning ក្នុងគោលដៅសិក្សារៀនសូត្រឲ្យកាន់តែល្អប្រសើរ។ វិធីសាស្រ្តរៀនបែបថ្មីនេះ ជាការបង្រៀនបែបចម្រុះ ទាំងក្នុងថ្នាក់រៀននិងក្រៅថ្នាក់រៀនផង មានន័យថា សិស្សអាចស្វ័យសិក្សាដោយខ្លួនមុនគ្រូបង្រៀន។ កត្តាទាំងអស់នេះ នឹងធ្វើឲ្យសិស្សកាន់តែសកម្មជាងមុន គឺចេះស្រាវជ្រាវដោយខ្លួនឯង។ នេះបើតាមរដ្ឋមន្រី្តក្រសួងអប់រំ ដោយសង្កត់ធ្ងន់ថា៖ «វិធីសាស្រ្តនេះ នឹងជួយពង្រឹងសមត្ថភាព គឺបំណិនឌីជីថល និងបំណិនសិក្សាឯករាជ្យផង»។ 
 
 
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធី MoEYS E-Learning រយៈពេល៥ខែនេះ មានអ្នកចុះឈ្មោះជាង២៤ម៉ឺននាក់ ក្នុងនោះភាគច្រើនជាសិស្សថ្នាក់ទី៩និង១២។ 
 
លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងតាមដានជាប្រចាំជាមួយអ្នកប្រើប្រាស់ ដើម្បីបំពេញតម្រូវតាមអ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ការបណ្ដុះសិស្សឲ្យយល់ការប្រើប្រាស់ឌីជីថល និងចាប់យកមុខវិជ្ជាវិទ្យាសាស្រ្តពិត គឺដើម្បីហ្វឹកហាត់ពួកគេ ត្រៀមខ្លួនក្នុងឧស្សាហកម្មជំនាន់ទី៤ នាពេលខាងមុខ»។ 
 
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន អះអាង អំឡុងពេលកូវីដ-១៩នេះ ក្រសួងមិនមែននៅស្ងៀមនោះទេ ។ ក្រសួងបានយកពេលវេលានេះ បង្កើតប្រព័ន្ធអប់រំតាមឌីជីថល រួមមានប្រព័ន្ធគ្រប់គ្រងការសិក្សាដែលតាមដានអវត្តមាន, ការដាក់ពន្ទុ ,ការចូលរួមពីអាណាព្យាបាល និងការបង្រៀនជាដើម។ លើសពីនេះ អ្នកចេញពីសាលាគរុកោសល្យទាំងអស់ នឹងត្រូវចេះវិធីសាស្រ្តបង្រៀន តាមប្រព័ន្ធឌីជីថលទៀតផង។ 
 
កម្មវិធី MoEYS E-Learning ត្រូវបានក្រសួងដាក់ឲ្យប្រើប្រាស់សាកល្បងកាលពីខែឧសភា ឆ្នាំ២០២១។ សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលសិស្ស អាចចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីDownload កម្មវិធី MoEYS E-Learningនេះ។ សិស្សទាំងអស់អាច សិក្សាមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលមានជាវីដេអូ ក្នុងកម្មវិធី MoEYS E-Learning។ 
 
ជាពិសេសក្នុងកម្មវិធីនេះ ក៏មានសៀវភៅសិក្សាគោល, សៀវភៅកំណែអំណានទូទៅ,សៀវភៅចំណេះដឹងសកល,សៀវភៅរឿងនិទាន,កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ៕
 

Tag:
 អប់រំ
  MoEYS E-Learning
© រក្សាសិទ្ធិដោយ thmeythmey.com