COVID-19
អន្តរជាតិ
ជប៉ុន សន្យាផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០លានដូសទៀតតាមការអំពាវនាវរបស់លោក បៃឌិន
23, Sep 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី ២៣ ខែកញ្ញា បានប្រកាសថា ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣០លានដូសបន្ថែមដល់ប្រទេសដែលខ្វះខាត។ ការប្រកាសរបស់ជប៉ុនធ្វើឡើងមួយថ្ងៃក្រោយមេដឹកនាំអាម៉េរិកអំពាវនាវឱ្យប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំងបន្ថែម។


ការសន្យាផ្តល់ជំនួយវ៉ាក់សាំងបន្ថែមចំនួន៣០លានដូសដល់ប្រទេសក្រីក្រ ជាផ្នែកមួយនៃការចូលរួមរបស់ជប៉ុនជាមួយសហគមន៍អន្តរជាតិដើម្បីធានាថា ប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយការផ្តល់ជំនួយបន្ថែម កញ្ចប់ជំនួយវ៉ាក់សាំងរបស់ជប៉ុនកើនដល់ជាង៦០លានដូសហើយ បូករួមថវិកា១ពាន់លានដុល្លារទៀតដល់កម្មវិធី COVAX ។
 
«ជប៉ុនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២៣លានដូសដល់ប្រទេសផ្សេងៗនៅទូទាំងពិភពលោក និងជាអ្នកផ្តល់វ៉ាក់សាំងធំបំផុតទីបីនៅលើពិភពលោករហូតមកដល់ពេលនេះ»។ លោក ស៊ូហ្គាយូស៊ីហ៊ីដេ បានលើកឡើងក្នុងសន្និសីទកំពូលស្ដីពីជំងឺកូវីដ-១៩ ។
 
ការបរិច្ចាគវ៉ាក់សាំងរបស់ជប៉ុនរហូតមកដល់ពេលនេះ ភាគច្រើនគឺតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសផ្សេងៗជាជាងតាមកម្មវិធី COVAX ។ វ៉ាក់សាំងដែលជប៉ុនផ្តល់ឱ្យជាជំនួយដល់ប្រទេសនានាភាគច្រើនជាវ៉ាក់សាំងផលិតក្នុងស្រុករបស់ក្រុមហ៊ុន AstraZeneca ។
 
ផ្ទុយទៅវិញ ជប៉ុនពឹងផ្អែកខ្លាំងលើការនាំចូលវ៉ាក់សាំងប្រភេទ mRNA ពីក្រុមហ៊ុន Pfizer និង Moderna សម្រាប់ចាក់ជូនពលរដ្ឋខ្លួន។ តាមទិន្នន័យពីរដ្ឋាភិបាល បច្ចុប្បន្នប្រជាជនជប៉ុនប្រមាណ ៥៥ ភាគរយនៃប្រជាជនសរុបបានចាក់វ៉ាក់សាំងរួចរាល់ហើយ។
 
គួររំលឹកថា នៅថ្ងៃទី២២ ខែកញ្ញាប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសន្យា បរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥០០លានបន្ថែមទៀតដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។ ក្នុងកិច្ចប្រជុំស្តីពីជំងឺកូវីដ-១៩ លោកក៏បានអំពាវនាវឱ្យរាល់ប្រទេសអ្នកមាន ក៏ដូចជាសម្ព័ន្ធមិត្តចូលរួមបរិច្ចាគវ៉ាក់សាំងដើម្បីកាត់បន្ថយវិសមភាពនៃការចែកចាយវ៉ាក់សាំងផងដែរ៕
 
 

Tag:
 ជប៉ុន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com