COVID-19
ជាតិ
សុខភាព
មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ជាង៣២លានដូសហើយ
24, Sep 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤កញ្ញានេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac ចំនួន៣លានដូសទៀត។ ការមកដល់នូវវ៉ាក់សាំនេះ បានធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ សរុប៣២,៥លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើង របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនSinovac ចំនួន៦លានដូសបន្ថែម ទៀតនោះ គឺមាន៣លានដូសបានមកដល់កម្ពុជា នាថ្ងៃទី២៤កញ្ញានេះ ខណៈ ៣លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៨កញ្ញា ឆ្នាំ២០២១។  នាពិធីទទួលវ៉ាក់សាំង Sinovac នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ដល់ក្រុមអ្នក សារព័ត៌មានថា ៖ «មកដល់ថ្ងៃនេះដែលកម្ពុជាទទួលបានវ៉ាក់សាំង៣លានដូស បូកទាំងនៅថ្ងៃទី២៨កញ្ញា [មកដល់វ៉ាក់សាំង៣លានដូសទៀត  គឺសរុបទាំងអស់ [យើង]មាន ៣៥,៥ លានដូសហើយ ទាំងជំនួយ និងការបញ្ជាទិញរបស់រដ្ឋាភិបាល»។
 
បើតាមលោកស្រី យក់ សម្បត្តិ នៅក្នុងខែតុលា ឆ្នាំ២០២១ កម្ពុជានឹងទទួលបានវ៉ាក់សាំង Sinovac ចំនួន៣លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន សន្យាផ្តល់ឱ្យកម្ពុជា ក្នុងជំនួបរវាងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១២កញ្ញា នៅទីក្រុងភ្នំពេញ។ 
 
គិតត្រឹមថ្ងៃទី២៣កញ្ញា កម្ពុជាសម្រេចផែនការវ៉ាក់សាំងឱ្យពលរដ្ឋ បានជាង៨០ភាគរយ ក្នុងចំណោមពលរដ្ឋ១៦លាននាក់ ដោយកម្ពុជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋចាប់ពីអាយុ៦ឆ្នាំឡើងទៅ៕ 


 

Tag:
 COVID-19
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com