ជាតិ
ស្រី្តខ្មែរម្នាក់ដែលត្រូវប្ដីជនជាតិចិនវាយធ្វើបាប ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះហើយ
24, Sep 2021 , 4:29 pm        
រូបភាព
ស្រី្តខ្មែរម្នាក់ដែលត្រូវគ្រួសារប្ដីជនជាតិចិនវាយធ្វើបាបត្រូវបានសមត្ថកិច្ចជួយនិងត្រៀមត្រឡប់មកកម្ពុជាវិញ។ (រូបពី នាយកដ្ឋានប្រឆ្នាំងការជួញដូរមនុស្សនិងការពារអនីជន)
ស្រី្តខ្មែរម្នាក់ដែលត្រូវគ្រួសារប្ដីជនជាតិចិនវាយធ្វើបាបត្រូវបានសមត្ថកិច្ចជួយនិងត្រៀមត្រឡប់មកកម្ពុជាវិញ។ (រូបពី នាយកដ្ឋានប្រឆ្នាំងការជួញដូរមនុស្សនិងការពារអនីជន)
ភ្នំពេញ៖ ស្រី្តជនជាតិខ្មែរម្នាក់ ដែលបានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ថា ប្ដីជនជាតិចិនវាយធ្វើបាប ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះហើយ បន្ទាប់ពីក្រុមការងារប្រតិកម្មរហ័ស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានជួយអន្តរាគមន៍។ 

 
នាពេលថ្មីៗនេះ មានវីដេអូស្រី្តខ្មែរម្នាក់ ស្នើសុំសមត្ថកិច្ចជួយសង្គ្រោះ ចេញពីគ្រួសារខាងប្ដីដែលនៅប្រទេសចិន ឲ្យត្រឡប់មកកម្ពុជាវិញ។ ក្នុងវីដេអូដែលចែកចាយបន្តគ្នា លើបណ្ដាញសង្គម ស្រី្តរងគ្រោះរូបនោះថា នាងរងការវាយធ្វើបាប និងបិទសិទ្ធិ មិនឲ្យទាក់ទងជាមួយក្រុមគ្រួសារនៅកម្ពុជា។ 
 
ក្រោយឃើញវីដេអូតាមបណ្ដាញសង្គម ក្រុមការងារបានស្រាវជ្រាវរកទីតាំងជនរងគ្រោះ និងក្រុមគ្រួសារស្ត្រីរងគ្រោះ។ បន្ទាប់មកក៏បានរកឃើញ ក្រុមគ្រួសារ និងព័ត៌មានលម្អិតស្រី្តរងគ្រោះនោះ មានឈ្មោះ អាត់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចជំនាញ ក៏បានបញ្ជូនព័ត៌មានជនរងគ្រោះបន្ត ទៅក្រសួងការបរទេស និង
និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយអន្តរាគមន៍។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
 
មន្ត្រីជំនាញបានស្រាវជ្រាវរកឃើញអាសយដ្ឋានស្នាក់នៅរបស់នារីរងគ្រោះ គឺនៅក្រុងណានឆាង ខេត្តជាំងស៊ី ប្រទេសចិន កាលពីថ្ងៃទី២០កញ្ញា ។ បន្ទាប់មក មន្រី្តស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរប្រទេសចិន ក៏បានជួយសង្គ្រោះនារីរងគ្រោះ ដោយជោគជ័យ។ បច្ចុប្បន្ន ជនរងគ្រោះមានសុវត្ថិភាព ជាមួយនឹងនគរបាលចិន និងត្រៀមបញ្ជូនត្រឡប់មកកម្ពុជាវិញ។ 
 
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានបញ្ជាក់ថា ៦ខែ ឆ្នាំ២០២១នេះ អាជ្ញាធរបានជួយស្ត្រីខ្មែររងគ្រោះនៅចិន២៣១នាក់ ។ លោកថា ស្ត្រីខ្មែររងគ្រោះទាំងនោះ ភាគច្រើន ចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបុរសចិន។ «ភាគច្រើននៅពេលការរស់នៅ (ចិន) ទីនោះ មិនសូវបានសេចក្តីសុខដូចការរំពឹងទុក ដូចមេខ្យល់និយាយបោកប្រាស់ហ្នឹង ពួកគាត់(ស្រ្តីខ្មែរ)ទាំងនោះ ក៏ទាក់ទងមកស្ថានតំណាងកម្ពុជា នៅទីនោះជួយគាត់ឱ្យត្រឡប់មកវិញ»។ នេះបើតាមលោក កុយ គួង។
 
ក្រៅពីស្រ្តីរងគ្រោះនៅចិន ២៣១នាក់នេះ ក៏មានពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ទៀត ដែលស្ថានទូតកម្ពុជា បានជួយសង្គ្រោះពួកគេ នៅរយៈពេល៦ខែនេះដែរ ក្នុងនោះរួមមាន ពលរដ្ឋខ្មែរ ៣៣២នាក់ មកពីម៉ាឡេស៊ី និង១ ៦០៨ មកពីថៃ រួមទាំងប្រទេសផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕
 
 
 

Tag:
 សង្គម
  ប្ដីចិន
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com