អន្តរជាតិ
កាណាដាដោះលែងប្រធានហិរញ្ញវត្ថុ Huawei ឯចិនដោះលែងជនជាតិកាណាដាទាំង២នាក់ដែរ
25, Sep 2021 , 12:29 pm        
រូបភាព
ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ ។ រូបថត AFP
ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ ។ រូបថត AFP
ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ មានសេរីភាពវិញហើយបន្ទាប់ពីតុលាការកាណាដាសម្រេចដោះលែងនៅថ្ងៃទី២៤ ខែកញ្ញា។ ការដោះលែងនេះធ្វើឡើងក្រោយលោកស្រី ម៉ឹង ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រសួងយុត្តិធម៌អាម៉េរិក។ ឯជនជាតិកាណាដា២នាក់ដែលត្រូវបានឃាត់ខ្លួនកន្លងមក ក៏ត្រូវបានដោះលែង និងធ្វើដំណើរទៅកាណាដាវិញដែរ។ នេះទំនងជាសញ្ញាវិលទៅរកភាពល្អប្រសើរវិញក្នុងទំនាក់ទំនងចិន និងកាណាដា។

 
ក្រោយស្ថិតក្រោមការឃុំខ្លួននៅផ្ទះអស់ពេលជិត៣ឆ្នាំ នាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ ត្រូវបានដោះលែងតុលាការកាណាដាឱ្យមានសេរីភាពវិញហើយ។ លោកស្រី​ ម៉ឹង ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរទីក្រុង Vancouver នៅខែធ្នូ ឆ្នាំ២០១៨​ តាមសំណើរបស់អាម៉េរិកដែលចោទលោកស្រីពីបទកេងបន្លំហិរញ្ញវត្ថុ។ លោកស្រី ប្ដឹងជំទាស់ការធ្វើបត្យាប័នទៅអាម៉េរិករហូតមក ខណៈការចាប់ខ្លួនលោកស្រី ក៏នាំដល់ការចាប់ខ្លួនបុរសកាណាដា២នាក់នៅទឹកដីចិន។
 
ក្នុងសវនាការថ្ងៃទី២៤ ខែកញ្ញា តុលាការក្រុង Vancouver បានផ្ដល់សេរីភាពឱ្យនាយកហិរញ្ញវត្ថុរូបនេះវិញ ក្រោយរដ្ឋអាជ្ញាទីក្រុងញូវយ៉ក ប្រកាសកិច្ចព្រមព្រៀងមួយជាមួយនឹងលោកស្រី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រោមកិច្ចព្រមព្រៀងនេះ  ការចោទប្រកាន់ប្រឆាំងលោកស្រី ម៉ឹង នៅអាម៉េរិក នឹងត្រូវព្យួរសិន ហើយនឹងឈានដល់ការទម្លាក់បទចោទនៅត្រឹមខែធ្នូ ឆ្នាំ២០២២ តែម្ដង បើលោកស្រីអនុវត្តតាមលក្ខខណ្ឌការព្រមព្រៀង។
 
ក្រោយត្រូវបានដោះលែង មន្រ្តីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ បង្ហាញអារម្មណ៍រីករាយ ក្រោយអាក់ខានបំពេញការងារនៅក្រុមហ៊ុន និងគ្រួសារអស់បីឆ្នាំ។ លោកស្រី ម៉ឹង ក៏ចាកចេញពីកាណាដាទៅកាន់ទឹកដីចិនភ្លាមៗដែរ។ 
 
ទំនងជាថ្នូរនឹងការដោះលែងលោកស្រី ម៉ឹង អាជ្ញាធរចិន ក៏ដោះលែងជនជាតិកាណាដាពីរនាក់វិញដែរ។​ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ប្រាប់អ្នកកាសែតនៅថ្ងៃទី២៤ ខែកញ្ញា ថា លោក Michael Kovrig និងលោក Michael Spavor ដែលត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៨ដែរនោះ ត្រូវបានដោះលែង និងធ្វើដំណើរទៅកាណាដាផងដែរ។ អ្នកទាំងពីរត្រូវបានតុលាការចិនចោទពីបទលួចការណ៍សម្ងាត់ជាតិ។ កាលពីខែសីហា លោក Spavor ត្រូវបានកាត់ទោស១១ឆ្នាំពីបទស៊ើបការណ៍។
 
ទំនាក់ទំនងចិន និងកាណាដា ល្អក់កករខ្លាំងតាំងពីមានរឿងនេះមក។ ខណៈការពារការចាប់ខ្លួនលោកស្រី ម៉ឹង កាណាដា រិះគន់ចិនខ្លាំងចំពោះការចាប់ខ្លួនបុរសទាំងពីរដែលត្រូវមើលឃើញថា ការជាសងសឹកនោះ។ ទីក្រុងប៉េកាំងក៏ចេញមុខការពារវិធានការខ្លួនវិញដែរ និងចោទទីក្រុងអូតាវ៉ាថា ធ្វើតាមទីក្រុងវ៉ាស៊ីនតោនដោយមិនគិតទំនាក់ទំនងទ្វេភាគីអ្វីសោះ៕
 

Tag:
 កាណាដា
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com