អន្តរជាតិ
អាម៉េរិក បើកផ្លូវឱ្យផ្ដល់ជំនួយចូលអាហ្វហ្កានីស្ថាន
25, Sep 2021 , 10:59 pm        
រូបភាព
ខណៈសហគមន៍អន្តរជាតិព្រួយបារម្ភពីការដាក់ទណ្ឌកម្មលើក្រុមតាលីបង់ដែលនឹងធ្វើឱ្យវិបត្តិមនុស្ស ធម៌កាន់តែធ្ងន់ធ្ងរ នៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងរតនាគារអាម៉េរិកក៏សម្រេច ចាត់វិធានការដើម្បីត្រួសត្រាយផ្លូវឱ្យជំនួយមនុស្សធម៌ហូរចូលអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ អាម៉េរិកនឹងនៅតែបន្តដាក់ទណ្ឌកម្មលើទ្រព្យធនធនាគារកណ្ដាលអាហ្វហ្កានីស្ថាន និងប្រាក់មូលនិធិផ្សេងៗផងដែរ។

 
នៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងរតនាគារអាម៉េរិកបានប្រកាសថា ខ្លួនបានចេញអាជ្ញាប័ណ្ណទូទៅពីរដែលមួយអនុញ្ញាតឱ្យរដ្ឋាភិបាលអាម៉េរិក អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន រួមមានអង្គការសហប្រជាជាតិជាដើម អាចធ្វើប្រតិបត្តិការជាមួយរដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់ ឬ បណ្ដាញ Haqqani ដើម្បីផ្តល់ជំនួយមនុស្សធម៌។ ក្រុមទាំងពីរ នេះសុទ្ធតែកំពុងរងទណ្ឌកម្មពីអាម៉េរិក។
 
ចំពោះអាជ្ញាប័ណ្ណទីពីរ ក្រសួងរតនាគារអាម៉េរិកអនុញ្ញាតឱ្យមានប្រតិបត្តិការមួយចំនួនទាក់ទងនឹង ការនាំចេញឡើងវិញចំពោះអាហារ ឱសថ និងសម្ភារផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាប័ណ្ណក៏អនុញ្ញាតឱ្យអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជួយបង់ពន្ធថ្លៃពន្ធនាំចូល ឬប្រតិបត្តិការចាំបាច់ផ្សេងទៀតផងដែរ។
 
ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាម៉េរិក លោកស្រី Andrea Gacki បានបញ្ជាក់ថា៖ «ក្រសួងរតនាគារបានប្តេជ្ញា ចិត្តសម្រួលលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនអាហ្វហ្កានីស្ថាន និងសកម្មភាពផ្សេងទៀតដែលនឹងគាំទ្រតម្រូវការមូលដ្ឋានរបស់ពួកគេ»។ លោកស្រី Gacki បន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិដើម្បីសម្រួលលំហូរនៃទំនិញកសិកម្ម ថ្នាំពេទ្យ និងធនធានផ្សេងទៀត។
 
គួរបញ្ជាក់ថា អាម៉េរិកបានបង្កកទ្រព្យធនរបស់ធនាគារកណ្ដាលអាហ្វហ្កានីស្ថានមានជិត ៩ពាន់លានដុល្លារដែលទុកនៅទីក្រុងញូវយ៉ក និងធនាគារពិភពលោក (World Bank) ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងសហភាពអឺរ៉ុបក៏បានផ្អាកការផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅអាហ្វហ្កានីស្ថានផងដែរ។ បើមិនអាចទទួលបានថវិកាទាំងនេះទេ រដ្ឋាភិបាលបណ្តោះអាសន្នទីក្រុងកាប៊ុលនឹងមិនអាចបង់ពន្ធនាំស្បៀងអាហារពីប៉ាគីស្ថានបានឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com