ជាតិ
សង្គមជាតិ
ការសម្រេចចិត្តដ៏លំបាក៖ តើកូនខ្មែរត្រូវចេះភាសាខ្មែរមុន ឬភាសាបរទេសមុន?
26, Sep 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ ភាសាខ្មែរ បើទោះបីជាមានការប្រែប្រួលទៅតាមសម័យកាលខ្លះ និងទទួលរង​ឥទ្ធិ​ពល​​​ពីភាសាបរទេស​យ៉ាងណាក្តី ក៏ភាសាខ្មែរនៅបន្តចាក់ឫសយ៉ាងជ្រាលជ្រៅនៅក្នុងក្រឳ​បេះដូង​ប្រជា​ពលរដ្ឋខ្មែរ។ ក្នុងចន្លោះឆ្នាំ​១៨៦៣-១៩៥៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណា​និគម​និយម​បារាំង ដូច្នេះចង់មិនចង់ភាសាបារាំងមានវត្តមាន និងឥទ្ធិពលមកលើសង្គម និង​រដ្ឋបាលខ្មែរ​នាសម័យនោះ ហើយបន្តឥទ្ធិពលរបស់វារហូតមកដល់សព្វថ្ងៃនេះ​ក្នុងចំណោម​បញ្ញវន្តខ្មែរ​។​ រីឯ​ភាសាអង់គ្លេស ដែលត្រូវបានគេចាត់ទុកជាភាសាសកលលោក ក៏មាន​ឥទ្ធិពល​​​មកលើ​ប្រទេសកម្ពុជាក្នុងអតីតកាល និងបច្ចុប្បន្នកាលដែរ? តើកូនខ្មែរ​ត្រូវចេះ​ភាសា​ខ្មែរច្បាស់លាស់ជាមុន ឬត្រូវចេះភាសាបរទេស ដូចជាបារាំង ចិន ឬអង់គ្លេសជាមុន?

 
ភាសាបរទេស ដូចជា ភាសាបារាំង ចិន ឬអង់គ្លេស គឺជាភាសា​សំខាន់សម្រាប់​ទីផ្សារ​ការងារ​របស់កូនខ្មែរ​ទាំងនៅក្នុង និងក្រៅប្រទេស។ រីឯ ភាសាខ្មែរ ក៏ជាភាសាផ្លូវការ​នៃសង្គម​ខ្មែរ​ ដែល​កូនខ្មែរត្រូវតែចេះ​ឲ្យច្បាស់លាស់ដែរ ទាំងនិយាយ និងសរសេរ។ ដោយសារតែភាសា​បរទេសក៏​សំខាន់ ហើយភាសា​ខ្មែរ ក៏រឹតតែ​សំខាន់ដែរនោះ ដូច្នេះកូនខ្មែរត្រូវតែរៀន​ឲ្យចេះទាំងព្រមជា​​គោលការណ៍ តែជាក់​ស្តែង វាមិន​មែនរឿង​ងាយស្រួលឡើយ​។ មានន័យថា បើចេះភាសា​បរទេសច្បាស់ ពេលនោះអ្នកសិក្សាជារឿយៗ​ ខ្សោយ​ភាសាខ្មែរ ហើយ​បញ្ច្រាសមវិញ។ 
 
តើភាសាខ្មែរទទួលរងឥទ្ធិពល នៃភាសាណាខ្លះ? ក្នុងការសិក្សា តើកូនខ្មែរពិបាក​សម្រេចចិត្ត​យ៉ាងដូចម្តេចខ្លះ ​​ក្នុងការ​​ជ្រើសរើសយកភាសា​ខ្មែរមុន ឬភាសាបរទេសមុន? ឬក៏ពួកគេ​ត្រូវ​ជ្រើសរើស ​យក​ភាសា​ទាំងពីរ​ ព្រមពេលជាមួយគ្នា? 
 
មែនទែនទៅ ប្រទេស​កម្ពុជា ​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង​៩០​ឆ្នាំ ពោលគឺ​ពី​ឆ្នាំ​១៨៦៣ ​ដល់​១៩៥៣​។ ទាំង​នៅក្រោម​អាណានិគម និង​ក្រោយ​អាណានិគម​បារាំង​, បញ្ញវន្ត​ខ្មែរ​មួយ​ភាគ​ធំ ​នៅតែ​បន្ត​ប្រើប្រាស់​ភាសា​បារាំង​ ដូចជា​ភាសាផ្លូវការ ​រហូតមក​ដល់​ទសវត្សរ៍​៩០​។ ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​២០០០​មក ការប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​ការថយចុះ​​គួរឱ្យកត់សម្គាល់​។ 
 
ស្របពេលដែល​ភាសាបារាំងថយឥទ្ធិពលនៅ​ក្នុង​សង្គមខ្មែរ ភាសាអង់គ្លេស ​ក៏ហក់ចូលមក​ជំនួសវិញ។ ក្នុងដំណើរការ​​ចរន្ត​សកល​ភា​រូបនីយកម្ម ភាសាអង់គ្លេស បង្កើនវត្តមានរបស់ខ្លួន​​កាន់តែខ្លាំងនៅកម្ពុជា ព្រោះ កម្ពុជា ​គឺជា​សមាជិក​អាស៊ាន​។ អាស៊ាន គឺ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវការ​។ 
 
ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ក្នុងនោះ មាន​ប្រទេស​ចំនួន​៤​ ដូចជា សិង្ហ​បុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ ​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាងទូលំទូលាយ ​រួចស្រេច​​ទៅហើយ​។ ក្រៅពីភាសា​អង់គ្លេស ភាសា​ចិន ភាសា​កូរ៉េ ​ភាសា​ថៃ​ វៀតណាម និងរុស្ស៊ី ក៏ជ្រៀត​ចូលមកក្នុង​សង្គម​ខ្មែរផង​ដែរ​​។ គួររម្លឹកថា ​នាទសវត្សរ៍​ឆ្នាំ​៨០ កម្មវិធីសិក្សា​រដ្ឋ​តម្រូវ​ឱ្យមាន​ភាសា​វៀត​ណា​ម និង​ភាសា​រុស្ស៊ី​ និងក្រោយមក​ក្នុង​​ទសវត្សរ៍​៩០ ភាសា​បារាំង និង​ភាសា​អង់គ្លេស ​ត្រូវបាន​បើកចំហ​ទាំង​នៅក្នុង​កម្មវិធី​សិក្សា ​រប​ស់រ​ដ្ឋ និង​ទាំង​នៅតាម​សាលា​ឯកជន​នានា​។ ក្នុងទសវត្សរ៍​៧០ ភាសាបារាំង និងអង់គ្លេស ក៏ធ្លាប់ត្រូវបាន​រដ្ឋាភិបាល​សម័យនោះ ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា​ក្នុងសាលាមួយចំនួនដែរ មុន​ពេលដែល​របបខ្មែរ​ក្រហម ឡើងកាន់អំណាចនៅក្នុងឆ្នាំ​១៩៧៥។  
 
ក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយសារតែ​ឥទ្ធិ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​ អ្នកវិនិយោគ​ស្ទើរតែ​ទាំងអស់​ នៅក្នុង​ប្រទេស​កម្ពុជា ​សុទ្ធតែ​ប្រើប្រាស់​ភាសា​អង់គ្លេស ឬ​ចិន​ជា​គោល​ រីឯ ភាសាបារាំង​ ថមថយឥទ្ធិពល។ 
 
ចំពោះភាសាចិនវិញ ដោយសារតែប្រវត្តិនយោបាយ និងវប្បធម៌ដ៏យូរលង់​រវាងកម្ពុជា និងចិន​នោះ កូនខ្មែរសេស្រឡាយចិនមួយចំនួន នៅប​ន្តនិយាយភាសាចិននៅក្នុងគ្រួសារ និងរៀន​ភាសានេះ​ នៅតាម​សាលារៀនភាសាចិនថែមទៀតផង។ ភាសាចិន, ដោយសារតែឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន, បានពង្រីកវត្តមានទៅកាន់ពិភពលោកកាន់តែធំ និងកាន់តែរហ័ស ក្នុងនោះ កម្ពុជាក៏មិនអាចចៀសផុតពីចរន្តនេះបានឡើយ។ 
 
​យុវជន​ខ្មែរ​អ្នកសិក្សាស្ទើរតែ​ជាង​៩០​ភាគរយ​ទៅហើយ ​បាននាំគ្នា​រៀន​ភាសា​អង់គ្លេស ឬ​ភាសា​ចិន។ កាលពី​អតីតកាល ​និស្សិត​តែងតែ​ជ្រើសរើស​រៀន​ភាសា​អង់គ្លេស បូក​នឹង​ភាសា​បារាំង​។ ប៉ុន្តែ​ឥឡូវនេះ និស្សិត ឬ​អ្នកជំនួញ​ជ្រើសរើស​រៀន​ភាសា​អង់គ្លេស បូក​នឹង​ភាសា​ចិន​វិញ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​អ្នកចេះ​ភាសា​បារាំង ​ក៏ត្រូវ​បង្ខំចិត្ត​រៀន​ភាសា​អង់គ្លេស ឬភាសា​ចិន​​​បន្ថែមទៀត​ដែរ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការលំបាក ​ក្នុង​ទំនាក់​ទំនងជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ បើផ្អែកលើឥទ្ធិពល​សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ភាសាខ្មែរ​ទទួលរងសម្ពាធ​ពីភាសា​បរទេស​ជាច្រើន។ តែទោះជាយ៉ាងណា ភាសាខ្មែរនៅតែរក្សាវត្តមាន​របស់ខ្លួន​បានយ៉ាងខ្ជាប់​ខ្ជួន​នៅក្នុង​សង្គមខ្មែរ។ 
 
នៅពេលបច្ចុប្បន្ននេះ តើការប្រើប្រាស់ភាសាខ្មែរសំខាន់ជាងភាសាបរទេស ឬភាសាបរទេស​សំខាន់​ជាងភាសាខ្មែរ? 
 
ទាក់ទងទៅនឹងសំណួរនេះ គេមិនអាចឆ្លើយតែមួយម៉ាត់បានឡើយ។ បើនិយាយ​ពីទសវត្សរ៍​១៩៩០, ២០០០ ឬដើម​​ឆ្នាំ​២០១០ អ្នកចេះភាសាបរទេស ដូចជា បារាំង អង់គ្លេស ឬចិន ងាយ​ស្រួល​ក្នុង​ការស្វែងរកការងារធ្វើទាំងនៅក្នុងជំនួញ អង្គការ ឬនៅក្នុងរដ្ឋាភិបាល ព្រោះ តួអង្គ​ពាក់​ព័ន្ធជាមួយ​រដ្ឋាភិបាល​កម្ពុជានាពេលនោះ ច្រើនតែ​ប្រើប្រាស់​ភាសា​បរទេស​ជាគោល។ ដូច្នេះ អ្នកចេះ​ភាសាបរទេសដែលមានចំនួន​តិចផងនាសម័យនោះ មានឱកាស និង​អាទិភាព​ជាង​អ្នក​មិនចេះ។ 
 
និន្នាការនេះបានជំរុញឲ្យឪពុកម្តាយជាច្រើនបានបញ្ជូនកូនចៅ​ឲ្យ​ទៅរៀននៅសាលាបរទេស ទាំងក្នុង និង​ក្រៅប្រទេសដើម្បីឲ្យកូនចៅចេះភាសាបរទេស​ ជាពិសេស ភាសាអង់គ្លេស​ ឬបារំាង ដោយបំភ្លេចចោលបន្តិចភាសារខ្មែរ។ ជាលទ្ធផល បច្ចុប្បន្ននេះ យុវជនមួយ​ចំនួន​អាយុ​ក្រោម​៣០ឆ្នាំ ឬលើស៣០ឆ្នាំ ដែលបាន​​ទៅ​សិក្សានៅក្រៅប្រទេស ឬ​សិក្សានៅ​សាលាអន្តរជាតិ ពិតជា​ចេះភាសា​អង់​គ្លេស និងទទួលបានចំណេះ​ជំនាញប្រសើរ​មែន​។ ប៉ុន្តែ ស្របពេលជាមួយគ្នា ពួកគេក៏​​ប្រឈមឧបសគ្គ​ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ច្បាស់លាស់ ជាពិសេស ក្នុង​សំណេរទៅវិញ។ 
 
កូនខ្មែរ​ចេះភាសា​អង់គ្លេស គឺជាមោទកភាព។ ប៉ុន្តែ កូនខ្មែរ មិនសូវ​ចេះនិយាយ​ភាសាខ្មែរ ឬសរសេរ​​ភាសាខ្មែរ​​ត្រឹមត្រូវក្នុងការងារ​​ ក៏ជារឿងគួរឲ្យលំបាក និងខ្មាសអៀន​ដែរនៅ​ក្នុងសង្គមខ្មែរ។ យុវជន​ខ្មែរដែល​ចេះភាសាអង់គ្លេស ហើយមិនសូវចេះភាសាខ្មែរ ជាពិសេស ក្នុង​សំណេរ ពួកគេ​ត្រូវចំណាយ​ពេលជាច្រើនឆ្នាំសារឡើងវិញ​ដើម្បី​រៀនសរសេរភាសាខ្មែរ​ឲ្យត្រឹមត្រូវ​ក្នុងការងារ​។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​គួរឲ្យ​កត់សម្គាល់​។ ជំនួញភាគច្រើន​បង្កើតឡើង​ដោយជន​ជាតិខ្មែរកាន់តែច្រើនក្នុងរយៈ​ពេល​ចុងក្រោយនេះ ដូច្នេះ ការងារ​មួយ​ចំនួន​ត្រូវបានគេ​ប្រើប្រាស់ជាភាសាខ្មែរ។ អ្នកចេះ​ភាសា​ខ្មែរត្រូវបាន​គេយកចិត្ត​ទុកដាក់ និង​ទទួល​បាន​ការងារធ្វើ​មិនចាញ់​អ្នកចេះភាសា​បរទេស​ឡើយ បើទោះបីជាភាសាអង់គ្លេស ឬចិន​នៅតែ​ពេញនិយមក៏ដោយក្តី។ 
 
ដោយសារតែភាសាខ្មែរកាន់តែមានតម្លៃ ដូច្នេះ អាណាព្យាបាលខ្មែរ​មួយចំនួនកាន់តែ​ពិបាក​សម្រេចចិត្តថាតើពួកគេត្រូវបញ្ជូន​កូនចៅ​ទៅ​សាលាខ្មែរ ឬទៅ​សាលា​បរទេស ឬទៅ​សាលា​ដែលបង្រៀនទាំងពីរភាសា ភាសា​ខ្មែរផង​ និងភាសាបរទេសផង។ ឲ្យកូនចៅចេះ​ភាសាសខ្មែរផង និងភាសា​បរទេសផង គឺជាបំណងប្រាថ្នារបស់អាណាព្យាបាលគ្រប់រូប​ ប៉ុន្តែ បំណងនេះ មិនងាយ និង​ពិបាក​ក្លាយជាការពិត។ បើកូនចៅរៀន​នៅ​សាលា​អន្តរ​ជាតិ ពួកគេប្រាកដជាចេះ​ភាសា​បរទេស​ច្រើនជាងភាសាខ្មែរ ហើយ​បញ្ច្រេសមកវិញ។ អាណា​ព្យាបាលខ្លះ បាន​ត្អូញ​ត្អែរថា កូនចៅរបស់ពួកគេ ទាមទារចង់រៀននៅ​សាលាបរទេស ព្រោះ ពួកគេគិតថា ភាសា​បរទេស​ងាយសិក្សាជាងភាសាខ្មែរ។ 
 
ស្ថិតនៅចំពោះមុខស្ថានភាពនេះ ឪពុកម្តាយខ្លះសប្បាយចិត្តនឹង​ឃើញកូនចៅចេះនិយាយ និង​ចេះ​សរសេរ​​ភាសា​អង់គ្លេសច្បាស់លាស់។ តែ​ពួកគេ​ក៏កំពុងតែពិបាកចិត្តដែរ​ ព្រោះកូន​ចៅរបស់​ពួកគេ​ខ្សោយ ឬមិនសូវ​ចេះសរសេរភាសាខ្មែរ។ បើពិនិត្យលើស្ថានភាពជាក់ស្តែង កុមារា កុមារី យុវជន យុវនារី ចេញពីគ្រួសារធូរធា នាសម័យបច្ចុប្បន្ននេះ ចេះភាសាបរទេស ជា​ពិសេស ភាសា​អង់គ្លេស ច្រើនជាងភាសាខ្មែរ។ ល្អ តែពួកគេ​ប្រឈមខ្លាំងជាង​អ្នក​សម័យ​មុន​ទៅទៀត ព្រោះ សង្គមខ្មែរ​នាពេលនេះ ឲ្យតម្លៃលើ​ភាសាជាតិកាន់តែខ្លាំងឡើងៗពី​មួយថ្ងៃៗ​ទៅមួយថ្ងៃ ខុសពី​២០ឆ្នាំមុន​។ ជាក់ស្តែង លិខិតបទ​ដ្ឋាននានា កិច្ចការ​ផ្សេងៗក្នុង​ស្ថាប័នរដ្ឋ ឯកជន ឬអង្គការ ត្រូវបានសរសេរ និង​ប្រើប្រាស់​ជាភាសា​ខ្មែរជាគោល ខុសពីជាង​១០មុនដែលឯកសារ​មួយ​ចំនួនត្រូវបានគេសរសេរ ឬទំនាក់​ទំនងគ្នាជាភាសាបរទេស។ 
 
មានឧបសគ្គមួយទៀតបាន​កើតឡើងរួចស្រេច​ហើយចំពោះ​កូនខ្មែរនៅក្រៅប្រទេស​។  ក្រោយពីឪពុកម្តាយ​របស់ពួកគេ​បានគេចចេញពីសង្រ្គាម​ក្រោយសម័យប៉ុល​ពតទៅរស់នៅបរទេស កូនខ្មែរដែល​កើតនៅស្រុកខ្មែរ ឬកើតនៅក្រៅប្រទេស ដូចជា នៅ​ប្រទេសបារាំង ឬប្រទេសអាមេរិក ភាគ​ច្រើន ពួកគេគ្រាន់តែអាចយល់ភាសាខ្មែរបានខ្លះ តែពួក​គេមិនអាច​ប្រើប្រាស់ភាសាខ្មែរ​ដើម្បីធ្វើការងារជាផ្លូវការបានឡើយ។ អ្នកខ្លះ បានសាក​ល្បងមកធ្វើការងារ​ផ្សេងៗនៅ​ក្នុងប្រទេស​កម្ពុជាវិញដែរ តែពួកគេប្រឈម​នឹងការ​ប្រើ​ប្រាស់​ភាសា​ខ្មែរមិនល្អ និងពិបាក​សម្របខ្លួន​ទៅនឹង​វប្បធម៌​ខ្មែរដែលខ្លួនមិនសូវបាន​ប្រតិបត្តិ​អស់​រយៈ​​ពេលជាច្រើនទសវត្សរ៍មកហើយ។ 
 
បើផ្អែកលើកទឡ្ហីករណ៍ខាងលើ និងនិន្នាការថ្មីនៃសង្គមខ្មែរ ការសិក្សារភាសាខ្មែរឲ្យ​ចេះច្បាស់លាស់​ គឺជា​រឿង​ចាំបាច់ បន្ទាប់មក ចេះភាសាបរទេស គឺជារឿង​សំខាន់​បំផុត​សម្រាប់​​ការងារ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ជាពិសេស សម្រាប់ការងារក្នុង​ទំនាក់​ទំនងជាលក្ខណៈអន្តរជាតិ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com