ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង-សិរីសោភ័ណជាផ្លូវការ ក្រោយសាងសង់រួច ១០០ភាគរយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ)។
បើតាមក្រសួងសាធារណការ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណនេះមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ដោយចំណាយរយៈពេលសាងសង់ជាង ៣ឆ្នាំ។
កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបងដល់សិរីសោភ័ណ ប្រវែង៨៤,៧៤គីឡូម៉ែត្រ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានដាក់ដំណើរជាផ្លូវការ ក្រោយសាងសង់រួចរាល់ ១០០ភាគរយ។ កំណាត់ផ្លូវនេះចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ចេញពីខេត្តបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
លោក តូច ចាន់កុសលរដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនដែលដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមទាំងតំណាង JICA ប្រចាំកម្ពុជាចុះត្រួតពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ដល់សិរីសោភ័ណលើកឡើងយ៉ាងដូច្នេះ៖ «ឡានដឹកទំនិញធំៗអាចបង្វែរចរាចរណ៍ពីការឆ្លងកាត់ទីរួមខេត្ត មកផ្លូវវាងក្រុងថ្មីនេះវិញដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជួយការពារបរិស្ថាន សុខភាពសាធារណៈ។ ហើយចំនេញពេលវេលាក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះនៅទីរួមខេត្ត»។
បើតាមក្រសួងសាធារណការគម្រោងស្ថាបនាកំណាត់ផ្លូវនេះ បានបែងចែកជាពីរកញ្ចប់ការងារ ដោយកញ្ចប់ការងារទី១សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-AsanumaJoint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ។
ដើម្បីបន្ថែមសោភ័ណភាព និងការពារដល់ព្រំដីចំណីផ្លូវលើកំណាត់ផ្លូវជាតិលេខ៥នេះក្រសួងសាធារណការ បានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវចំនួន៧១១០ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងចំនួន ៦០០០ដើម។
រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការរូបនេះអះអាងថា ក្រោយស្ថាបនារួចរាល់ ក្រុមហ៊ុនម៉ៅការសាងសង់ នឹងបន្តថែទាំកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង-សិរីសោភ័ណនេះ រយៈពេលមួយឆ្នាំទៀត។ ជាមួយគ្នានេះ លោក តូច ចាន់កុសលក៏បានស្នើសុំដល់អភិបាលខេត្តទាំងពីរ បន្តការការពារថែរក្សានិងគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីពលរដ្ឋ។
សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) ដោយគ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារ៕
ក្រសួងសាធារណការ, ផ្លូវជាតិលេខ ៥, បាត់ដំបង, សិរីសោភ័ណ៖