ពីនេះ ពីនោះ
«មក្ខជន» មានន័យថា មនុស្ស​រមិលគុណ
28, Sep 2021 , 7:29 am        
រូបភាព
«មក្ខជន» (អានថា មាក់-ខៈជន់) មានន័យថា ជនអ្នកលុបគុណគេ, មនុស្សរមិលគុណ។ នេះបើតាមការពន្យល់​ក្នុងវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត។ មក្ខជនទោះប្រុសក្ដីស្រីក្ដី ច្រើនតែមានគំនិតខ្លីៗកំបុតកំបុញ ទោសរមិលគុណច្រើនតែរុញច្រានទម្លាក់ទៅក្នុងសេចក្ដីទុក្ខវិនាស ។

 
មក្ខជនទោះនៅក្នុងទីណា ច្រើនតែទេព្ដាបរាមុខ ឲ្យជននោះបានសេចក្ដីទុក្ខ ពុំសុខព្រោះខ្លួនរមិលគុណ ។ នេះជាឧទាហរណ៍​ក្នុងសម្រង់កំណាព្យមួយ។
 
ជាមួយគ្នានេះ វចនានុក្រម តម្រូវឲ្យមើលពាក្យ «រមិលគុណ» បន្ថែម ដើម្បីស្វែងយល់ឲ្យច្បាស់ពីអត្ថន័យ «មក្ខជន»។ 
 
រមិលគុណ ដែលជាកិរិយាសព្ទ មានន័យថា ឃើញគុណ ឬនឹកគុណដែរតែស្បើយៗ មិនសូវយកចិត្តទុកដាក់។ ធ្វើជាមនុស្សមិនត្រូវរមិលគុណគេទេ ។ ប្រើជា គុណសព្ទ ក៏បាន : មនុស្សរមិលគុណ ។
 
 ពាក្យកាព្យ៖ មនុស្សរមិលគុណស៊ុនខាងល្មើស ចិត្តទ្រើសទ្រនង់ភ្លេចគ្រាក្រ កាលគេផ្គត់ផ្គង់ខ្លួនឲ្យល្អ ឥតនឹកតបតសងគុណគេ ។ លុះដល់យូរមកនឹកស្ដាយក្រោយ នឹកឃើញក្ដីធ្លោយព្រោះធ្វេសទ្វេ មិនហ៊ានហើបមាត់មួយម៉ាត់ទេ ចេះតែគេចខ្លួនពួនបំបាំង ។
 
ពាក្យ «រមិល» និង «រមឹល» អាច​សរសេរបាន​ដូចគ្នា ដែលមានន័យថា មើលមិនពេញភ្នែក, ក្រឡេកមើលម្ដងៗ បោះបង់ចោលលែងរមិល; ដើរចោលផ្ទះឥតរមិលកូនតូច ។ រមិលមើល មើលខ្លះបន្តិចបន្តួច ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com