ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ រដ្ឋមន្ត្រីការងារ ប្រាប់ឱ្យម្ចាស់រោងចក្រ និងសហគ្រាស ត្រៀមតេស្តរហ័សលើកម្មករ ដែលឈប់សម្រាក
29, Sep 2021 , 10:59 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចឱ្យកម្មករ និយោជិត ឈប់សម្រាក ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ក្រោយកម្មករឈប់សម្រាកហើយ ម្ចាស់រោងចក្រ និងសហគ្រាស ត្រូវធ្វើតេស្តរហ័សលើពួកគេ ដើម្បីទប់ស្កាត់កូវីដ-១៩ នាពេលចូលបម្រើការងារវិញ។


 
រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់ម្ចាស់រោងចក្រ និងសហគ្រាស ត្រូវត្រៀមឧបករណ៍តេស្តរហ័សលើកម្មករ និយោជិតឱ្យបានគ្រប់ចំនួន ក្រោយពេលឈប់សម្រាកនាថ្ងៃភ្ជុំបិណ្ឌនេះ។ «ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ និងសហគ្រាស»។ នេះបើតាមលោក អ៊ិត សំហេង ដែលបានបញ្ជាក់ក្នុងសេចក្តីណែនាំ កាលពីថ្ងៃទី២៨ កញ្ញា។
 
ជាមួយគ្នានេះ លោក អ៊ិត សំហេង ក៏អំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយករោងចក្រ និងសហគ្រាស។ រដ្ឋមន្រ្តីការងារ បានសង្កត់ធ្ងន់ថា៖«ចំពោះកម្មករនិយោជិតណា ដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជក អាចបញ្ឈប់កម្មករនិយោជិតពីការងារបាន»។
 
ដោយឡែកកម្មករ និយោជិត ត្រូវរាយការណ៍ទៅក្រសួងការងារ ក្នុងករណីនិយោជក មិនបានធ្វើតេស្តរហ័សដល់ខ្លួន នៅក្រោយពេលឈប់សម្រាកពេលភ្ជុំបិណ្ឌនេះ តាមរយៈតេឡេក្រាម ដែលមានឈ្មោះថា «សម្រាប់កម្មករនិយោជិត» ( https://t.me/KhmerWorkerChat )។ នេះបើតាមរដ្ឋមន្រ្តីការងារ ដែលស្នើឱ្យកម្មករទាំងអស់ អនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ឱ្យបានត្រឹមត្រូវ នៅអំឡុងពេលឈប់សម្រាកនេះ។
 
ក្រសួងការងារ បានសម្រេចឱ្យកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃ នាពិធីបុណ្យភ្ជុំបិណ្ឌ។ ពួកគេទាំងនោះ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា៕
 

Tag:
 កម្មករ
  និយោជិត
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com