ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់កម្ចីជាង៨០លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អផ្លូវ ក្នុងខេត្តកណ្តាល និងព្រៃវែង
29, Sep 2021 , 6:59 pm        
រូបភាព
សកម្មភាពសាងសង់ផ្លូវមួយកន្លែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ រូបថត៖ MPWT
សកម្មភាពសាងសង់ផ្លូវមួយកន្លែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ រូបថត៖ MPWT
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្តល់កម្ចីឱ្យកម្ពុជា ជាង៨០លានដុល្លារ សម្រាប់កែលម្អផ្លូវក្នុងខេត្តព្រៃវែង និង កណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB។

 
កម្ពុជានឹងទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ចំនួន៨២លានដុល្លារ ក្រោយស្ថាប័នអន្តរជាតិដ៏ធំមួយនេះ បានអនុម័តក្នុងការផ្តល់ប្រាក់កម្ចីឱ្យកម្ពុជា នាថ្ងៃទី២៩កញ្ញា ឆ្នាំ២០២១។ ថវិកាដែលកម្ពុជាទទួលបានពីADBនេះ គឺប្រើសម្រាប់កែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រ នៅក្នុងខេត្តព្រៃវែង និង កណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ការផ្តល់កម្ចីឱ្យកម្ពុជានេះ គឺជាដំណាក់កាលទីពីរ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ADB បានបញ្ជាក់ថា៖ « ការធ្វើឱ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយនិងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវនិងនាំឱ្យមានការជួសជុលមុនពេលកំណត់»។
 
លោក Mohammad Nazrul Islam ដែលជាអ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា  ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរទំនិញ និង មនុស្សនៅក្នុង កម្ពុជានិងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបានការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន។ ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ លោកបានអះអាងដូច្នេះ៖«គម្រោងនេះ ក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ច តាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ភាពធន់នឹងអាកាសធាតុ ដែលតភ្ជាប់កម្ពុជា ជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ» ។
 
ADB បានអនុម័តគម្រោងក្នុងដំណាក់កាលទីមួយនៃគម្រោង កាលពីឆ្នាំ២០១៧  ដែលគ្របដណ្តប់លើផ្លូវជាតិចំនួន១៤៧ គីឡូម៉ែត្រ ដោយលាតសន្ធឹងនៅក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។ បើតាមADB គម្រោងផ្លូវនេះ គឺអនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់កម្ពុជា ដែលមានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ច។ ADB បានបញ្ជាក់ថា  គម្រោងនេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវនិងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជា ផងដែរ៕ 
 

Tag:
 ADB
  កណ្តាល
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com