ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំខ្ជិលនឹងកក់សក់ថែម បើបញ្ហា ៧នេះលេចឡើង
29, Sep 2021 , 10:59 pm        
រូបភាព
ការកក់សក់តិចពេក ឬញឹកពេក គឺសុទ្ធតែមិនល្អឡើយចំពោះសុខភាពសក់និងស្បែកក្បាល។ ទោះជាយ៉ាងណាប្រសិនបើអាការៈទាំងនេះលេចឡើង នោះវាចង្អុលបង្ហាញថាអ្នកចាំបាច់គួរបង្កើនការសក់សម្អាតសក់ហើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលលេចឡើងនៅពេលអ្នកកក់សក់មិនទាន់គ្រប់គ្រាន់ ឬតិចពេក ៖

 
១. សក់ឡើងប្រេងខ្លាំង
 
អ្នកខ្ជិលនឹងកក់សក់ប៉ុណ្ណា ជាតិប្រេងលើសក់ប្រាកដជាកើនឡើងប៉ុននោះ។
 
២. សក់ជំពាក់រញ៉េរ៉ញ៉ៃ
 
ការកក់សម្អាតសក់បានតិចពេកអាចបណ្ដាលឱ្យកាកសំណល់នៃផលិតផលដែលអ្នកបានប្រើលើសក់ត្រូវប្រមូលផ្ដុំលើស្បែកក្បាល គួបផ្សំនឹងជាតិប្រេង និងញើសថែមទៀតនោះសក់ប្រាកដជាចៀសមិនផុតពីភាពងាយជំពាក់ជាប់គ្នាឡើយ។
 
៣. សក់មើលទៅគ្មានជីវិតនិងមិនរលាស់
 
ប្រសិនបើអ្នកកក់សម្អាតសក់មិនបានគ្រប់គ្រាន់ នោះសក់នឹងមើលទៅមិនរលាស់ដោយបរិមាណនៃជាតិប្រេងច្រើនពេកលើសក់ ព្រមទាំងស្បែកក្បាល។ ធូលីនិងភាពកខ្វក់ផ្សេងៗក៏ងាយតោងជាប់សក់ផងដែរ ប្រសិនបើជាតិប្រេងកើនឡើងច្រើន។
 
៤. សក់ធុំក្លិនអាក្រក់ ឬស្អុយ
 
អ្នកគួរចាប់ផ្ដើមកក់សម្អាតសក់ឱ្យញឹកញាប់ជាងមុនហើយ បើសិនជាវាមានក្លិនមិនល្អ។
 
៥. អង្គែពេញក្បាល
 
ភាគច្រើននៃពួកយើងគិតថា អង្គែអាចកើតមានឡើងតែដោយសារស្បែកក្បាលស្ងួតប៉ុណ្ណោះ! ប៉ុន្តែតាមពិតទៅវាក៏អាចកើតឡើងដោយសារស្បែកក្បាលឡើងប្រេងខ្លាំងផងដែរ។ ការប្រមូលផ្ដុំនៃជាតិប្រេងលើសលុប, ធូលី និងភាពកខ្វក់អាចបណ្ដាលឱ្យស្បែកក្បាលកើតអង្គែខ្លាំង។
 
៦. រមាស់
 
អង្គែដែលនាំមកដោយការកក់សម្អាតសក់មិនបានញឹកញាប់ក៏អាចបង្កអាការៈរមាស់ពេញស្បែកក្បាលផងដែរ។ ការអេះមិនមែនជាដំណោះស្រាយឡើយ ខណៈដែលវាកាន់តែនាំឱ្យអង្គែឡើងច្រើន ហើយរមាស់ជាងមុន។ ម្យ៉ាងវិញទៀតការអេះស្បែកក្បាលខ្លាំងៗក៏នាំឱ្យសក់ជ្រុះគួរឱ្យបារម្ភ។
 
៧. ឡើងមុន
 
ប្រសិនបើអ្នកកក់សម្អាតសក់មិនបានគ្រប់គ្រាន់ទេនោះ រោគមុនក៏អាចលេចឡើងលើមុខគួរឱ្យកត់សម្គាល់។ ចុងសក់ដែលកខ្វក់និងមានជាតិប្រេងខ្លាំងអាចបង្ករោគមុននៅពេលប៉ះត្រូវស្បែក។ អ្នកក៏អាចឡើងមុននៅជើងសក់ និងសូម្បីតែស្បែកក្បាលប្រសិនបើមិនបានកក់សក់ឱ្យទៀងទាត់៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com