ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យដោះលែងរថយន្ត២២៩គ្រឿង ដែលខុសច្បាប់ ដោយសារដឹកលើសទម្ងន់
30, Sep 2021 , 9:23 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកលើសទម្ងន់ ខុសច្បាប់ ២២៩គ្រឿង មុនកាលកំណត់ ។ រថយន្តទាំងនោះ បានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យដោះលែងរថយន្តខុសច្បាប់ទាំងនេះ គឺជាការបន្ធូរបន្ថយ និងផ្ដល់ឱកាសជាថ្មី ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដែលត្រូវបានផាកពិន័យ និងឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ជាពិសេសជួយឱ្យម្ចាស់យានយន្តទាំងនោះអាចប្រកបអាជីវកម្មឡើងវិញ ស្របតាមគោលនយោបាយស្ដារសេដ្ឋកិច្ចផងដែរ។ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករថយន្តដឹកជញ្ជូនលើសទម្ងន់ ២២៩គ្រឿងនេះ រយៈពេលមួយឆ្នាំហើយ។
 
«ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន លើហ្វេសប៊ុក នៅថ្ងៃទី៣០ កញ្ញា។
 
ទោះបីជារដ្ឋាភិបាល អនុគ្រោះបែបនេះពិតមែន ប៉ុន្តែមិនមែនមានន័យថា រដ្ឋបន្ធូរបន្ថយការអនុវត្តច្បាប់ឡើយ។ បើតាមនាយករដ្ឋមន្រ្តី រដ្ឋនឹងគ្មានការអនុគ្រោះលើកទី២ សម្រាប់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់ខុសច្បាប់ទៀតទេ។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ។ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ»។
 
ដោយឡែកក្រសួងសាធារណការ ក៏ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
 

Tag:
 ហ៊ុន សែន
  ច្បាប់ចរាចរណ៍
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com