ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
កញ្ញា ម៉េត ម៉ាឡែន ប្តេជ្ញាការពារព្រៃឈើសហគមន៍ ទោះនឿយ ហើយប្រឈមច្រើន
30, Sep 2021 , 2:00 pm        
រូបភាព
កញ្ញា​ ម៉េត ម៉ាឡែន ក្នុងពេលចេញល្បាតព្រៃសហគមន៍។
កញ្ញា​ ម៉េត ម៉ាឡែន ក្នុងពេលចេញល្បាតព្រៃសហគមន៍។
 ភ្នំពេញ៖ កញ្ញា ម៉េត ម៉ាឡែន ជាប្រធានសហគមន៍ស្រ្តីដំបូង ដែលមានវ័យក្មេងជាងគេ នៅតំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត នៃដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ។ មានវ័យ២១ឆ្នាំ កញ្ញា ម៉ាឡែន បានអះអាងថា ដ្បិតមានវ័យក្មេង និងរៀនសូត្របានតិច ប៉ុន្តែនាងបានយកបេះដូង និងឆន្ទៈ ក្នុងការដឹកនាំសហគមន៍មិនចាញ់បុរសឡើយ។ យុវតីរូបនេះ បានប្តេជ្ញាដឹកនាំសហគមន៍ ព្រមទាំងខិតខំការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងមនុស្សជំនាន់ក្រោយ។ 


កញ្ញា ម៉េត ម៉ាឡែន ស្ថិតក្នុងចំណោមស្រ្តីដ៏តិចតួចបំផុត ដែលបានដឹកនាំសហគមន៍ និងធ្វើកិច្ចការការពារបរិស្ថាន។ ជាយុវតីជនបទ ដែលបានកើត និងធំធាត់នៅក្នុងភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ម៉ាឡែន មានវាសនាមិនខុសពីក្មេងស្រីក្នុងសហគមន៍ដទៃទៀតឡើយ ដោយនាងត្រូវបោះបង់ការសិក្សា ព្រោះជីវភាពខ្សត់ខ្សោយ និងសាលាឆ្ងាយពីផ្ទះ។



ក្នុងឆ្នាំ២០១៨ ម៉ាឡែន ត្រូវបានពលរដ្ឋនៅក្នុងសហគមន៍ បោះឆ្នោតជ្រើសជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត ដែលកាលនោះ ម៉ាឡែន មានវ័យក្មេងជាងគេ ក្នុងចំណោមបេក្ខជន ដែលបានឈរឈ្មោះចំនួន១៧នាក់។ កញ្ញា ម៉ាឡែន បានឱ្យដឹងថា មុនក្លាយជាប្រធានសហគមន៍ នាងបានធ្វើការងារស្ម័គ្រចិត្តជួយដល់សហគមន៍ ដែលជាហេតុផលនាំឱ្យពលរដ្ឋ ដឹងពីសមត្ថភាព និងពេញចិត្តជ្រើសរើសនាង ឱ្យដឹកនាំសហគមន៍។ 
 
កញ្ញា ម៉ាឡែន រំឭកដូច្នេះថា៖«មុនដំបូង លោកមេភូមិបានឱ្យខ្ញុំឈរឈ្មោះបោះឆ្នោត ជ្រើសរើសប្រធានសហគមន៍។ ក្នុងការបោះឆ្នោតនោះ មានមនុស្សស្រី តែ៤នាក់ទេ។ ពេលនោះខ្ញុំមានសង្ឃឹម ៥០ ទៅ៦០ភាគរយ ព្រោះមុនពេលបោះឆ្នោតខ្ញុំ ជាយុវជនម្នាក់ដែលសកម្មក្នុងសហគមន៍»។ 


 
ទោះបីជា ម៉ាឡែន នៅក្មេង តែនាងបានប្រឹងប្រែងយ៉ាងក្លៀវក្លា ក្នុងការដឹកនាំសហគមន៍មិនចាញ់បុរសឡើយ។ តួយ៉ាងយុវតីវ័យ២១ឆ្នាំរូបនេះ តែងតែខិតខំរៀនសូត្រពីមនុស្សជុំវិញខ្លួន និងជាអ្នកដឹកនាំដ៏ល្អម្នាក់  ដោយនាងបានសហការជាមួយអ្នកភូមិ អាជ្ញាធរ និងអង្គការពាក់ព័ន្ធផ្សេងៗ ដើម្បីអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើន។
 
បើតាមប្រធានសហគមន៍វ័យក្មេងរូបនេះ ក្នុងមួយខែ នាងត្រូវចុះល្បាតព្រៃ៥ដង ហើយក្នុង១ដង ត្រូវដើរល្បាតព្រៃរាប់សិបគីឡូម៉ែត្រ តាំងពីព្រលឹមទល់ព្រលប់ ដោយពេលខ្លះត្រូវដេកព្រៃក៏មាន។ ក្នុងរយៈពេល៣ឆ្នាំមកនេះ ម៉ាឡែន បានអនុវត្តសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីជាគំរូភាពដល់ពលរដ្ឋ និងកាត់បន្ថយបទល្មើសនានា ក្នុងព្រៃសហគមន៍។ លើសពីនេះ ម៉ាឡែន តែងតែងចុះអប់រំផ្សព្វផ្សាយ ពីសារសំខាន់ពីធនធានធម្មជាតិ ដល់ប្រជាសហគមន៍ផងដែរ។  
 
សកម្មភាពដឹកនាំដ៏អង់អាច របស់យុវតីរូបនេះ ត្រូវបានសាទរ និងគាំទ្រពីអាជ្ញាធរ និងពលរដ្ឋយ៉ាងច្រើន។ ទន្ទឹមនឹងមានការគាំទ្រពីមនុស្សជុំវិញខ្លួន ម៉ាឡែន ក៏ត្រូវទទួលរងការរើសអើង និងមិនឱ្យតម្លៃដោយសារខ្លួនជាស្រ្តី និងវ័យក្មេង។ លើសពីនេះនាងក៏ត្រូវ រងការគំរាមកំហែងពីជនល្មើសដែលប៉ុនប៉ងកាប់បំផ្លាញព្រៃឈើទៀតផង។ ប៉ុន្តែយ៉ាងណា ម៉ាឡែន មិនបានចុះចាញ់ឡើយ នាងនៅតែបន្តឆន្ទៈការពារសម្បត្តិធនធានធម្មជាតិ និងដឹកនាំសហគមន៍ទៅមុខទៀត។ «ចំពោះបញ្ហាទាំងអស់ ដែលខ្ញុំបានជួបប្រទះកន្លងមក ខ្ញុំមិនដែលចង់បោះបង់នោះទេ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំ នៅតែចង់បន្តសកម្មភាពឱ្យកាន់តែខ្លាំងជាងមុន។  ព្រោះខ្ញុំឃើញសព្វថ្ងៃពលរដ្ឋមួយចំនួន គាត់មិនទាន់យល់ច្បាស់ ប្រយោជន៍ធនធានធម្មជាតិច្រើននោះទេ»។ នេះជាការបញ្ជាក់របស់កញ្ញា ម៉ាឡែន។ 
 
កញ្ញា ម៉ាឡែន មានមោកទភាព ដែលជាផ្នែកមួយជួយការពារនិងអភិវឌ្ឍន៍សហគមន៍ខ្លួន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បទល្មើសព្រៃឈើនៅតំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត បានថយចុះ ដោយសារមានការចូលរួមល្បាតពីពលរដ្ឋក្នុងសហគមន៍កាន់តែច្រើន និងមួយផ្នែកទៀត គឺមានការចូលរួមពីអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើស។ សម្រាប់ម៉ាឡែន ការថយចុះបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍នេះ ជាជោគជ័យដ៏ធំមួយ ដែលបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់ខ្លួន។ ប្រធានសហគមន៍វ័យក្មេងរូបនេះបន្ត៖ «ខ្ញុំសប្បាយចិត្ត ពេលឃើញបទល្មើសព្រៃឈើថយចុះ និងពលរដ្ឋក្នុងសហគមន៍មានការចូលរួមថែព្រៃឈើទាំងអស់គ្នា»។


 
កញ្ញា ម៉ាឡែន អះអាងថា ខ្លួនបានយកបេះដូង និងឆន្ទៈ មកដឹកនាំសហគមន៍។ ប្រធានសហគមន៍រូបនេះ មានមហិច្ឆតា ចង់ដឹកនាំតំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងប្ដេជ្ញាបង្កើតផែនការក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីបង្កើនមុខរបរ និងចំណូលដល់ពលរដ្ឋ។ «ខ្ញុំចង់ឃើញពលរដ្ឋកាន់តែច្រើន អាស្រ័យផលលើធនធានធម្មជាតិ និងចេះរក្សាព្រៃឈើ។ មួយទៀតចង់ឃើញ តំបន់នេះក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដើម្បីឱ្យពលរដ្ឋបានចំណូលដែរ»។  
 
សម្រាប់ ម៉ាឡែន ចាត់ទុកការការពារធនធានធម្មជាតិ ជាកិច្ចការដ៏ធំធេងមួយ ក្នុងការជួយអភិវឌ្ឍន៍ប្រទេស ក៏ដូចជាវិស័យទេសចរណ៍តាមរយៈសក្ដានុពលនៃតំបន់ទាំងនោះ។ ហើយកិច្ចការពារនេះ ក៏ត្រូវមានការចូលរួមពីគ្រប់បុគ្គល និងភាគីពាក់ព័ន្ធផងដែរ។ ប្រធានសហគមន៍ស្រ្តីឆ្នើមរូបនេះ លើកទឹកចិត្តដល់យុវជន និងស្រ្តី ដែលមានបំណងធ្វើការងារសហគមន៍ ឬការងារបរិស្ថាន ត្រូវមានភាពក្លាហាន កុំភ័យខ្លាច ត្រូវជម្នះឧបសគ្គ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕     
 

© រក្សាសិទ្ធិដោយ thmeythmey.com