អន្តរជាតិ
មន្រ្តីយោធាអាម៉េរិកនិងចិន ជួបគ្នាក្នុងកិច្ចពិភាក្សាស៊ីជម្រៅលើវិស័យការពារជាតិ
30, Sep 2021 , 3:29 pm        
រូបភាព
មន្រ្តីយោធាអាម៉េរិក និងចិនបានបញ្ចប់កិច្ចពិភាក្សាសម្របសម្រួលគោលនយោបាយ ការពារជាតិដែលធ្វើឡើងពីរថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយកិច្ចពិភាក្សាផ្ដោត លើបញ្ហាផ្សេងៗ​ដែល​ធ្វើឱ្យប៉ះពាល់ទំនាក់ទំនងការពារជាតិរបស់ភាគីទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ​ក៏​បាន​សន្យាជាថ្មីពីការរក្សាបណ្តាញទំនាក់ទំនងបើកចំហផងដែរ។

 
កិច្ចពិភាក្សាសម្របសម្រួលគោលនយោបាយការពារជាតិអាម៉េរិក-ចិន ត្រូវបានធ្វើឡើងតាម​ប្រព័ន្ធ​អនឡាញ។ ភាគីអាម៉េរិកចូលរួមដោយឧបការីរងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកទទួលបន្ទុកកិច្ចការចិន​លោក Michael Chase ឯចិនដឹកនាំដោយឧត្តមសេនីយ៍ឯក Huang Xueping អនុប្រធាន​ការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិនៃការិយាល័យយោធាចិន។
 
បើតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃទី៣០ ខែកញ្ញា ជំនួបខាងលើកម្រិតខ្ពស់នេះ ជាផ្នែក​មួយ​កិច្ចខិតខំនៃរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងការ គ្រប់គ្រង​ការ​ប្រកួត​ប្រជែងជាមួយចិនដោយមានទំនួលខុសត្រូវ និងរក្សាទំនាក់ទំនងបើកចំហផងដែរ។
 
«ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាគ្នាដោយស្មោះត្រង់ ស៊ីជម្រៅ និងបើកចំហ​លើ​ប្រធានបទជាច្រើនដែលប៉ះពាល់ដល់ទំនាក់ទំនងការពារជាតិអាម៉េរិក-ចិន។»  អ្នកនាំពាក្យក្រសួងការពារជាតិ​អាម៉េរិក Martin Meiners បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ដដែល មុនបន្ថែមថា ភាគី​ទាំងពីរឯកភាពគ្នារក្សាបណ្តាញទំនាក់ទំនងឱ្យបើកចំហដដែល។ ភាគីអាម៉េរិកក៏បញ្ជាក់ពីការប្តេជ្ញាចិត្ត​គាំទ្រគោលការណ៍រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ការពិភាក្សានេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីអាម៉េរិកបានប្រកាសសម្ព័ន្ធភាពថ្មីជាមួយអង់គ្លេស និង​អូស្ត្រាលី នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា សម្ព័ន្ធភាពថ្មីនឹង​បង្កើនហានិភ័យនៃការប្រកួតប្រជែងអាវុធ និងសង្គ្រាមត្រជាក់ថ្មី។
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ នៅតែមានភាពតានតឹងក្នុងរយៈពេលប៉ុន្មាន​ខែ​ចុងក្រោយនេះលើបញ្ហាចាស់ជាច្រើនរួមមានបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ ប៉ុន្តែ​ភាគីអាម៉េរិកក៏បានបង្ហាញការសហការជាមួយចិនខ្លះៗដែរដូចជាដំណើរទស្សនកិច្ចទៅកាន់ចិន​ពីរដង​របស់លោក ចន ឃែរី ដែលជាប្រេសិតពិសេសផ្នែកអាកាសធាតុ ៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com