ជាតិ
សង្គមជាតិ
កម្ពុជា-ចិន រួមគ្នាបន្តទប់ស្កាត់ល្បែងអនឡាញ អំពើឆបោក និង ការជួញដូរគ្រឿងញៀន
30, Sep 2021 , 6:59 pm        
រូបភាព
សម្តេច ស ខេង (ស្តាំដៃ) និង លោក ចាវ ខឹជី ស្ថិតក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា)
សម្តេច ស ខេង (ស្តាំដៃ) និង លោក ចាវ ខឹជី ស្ថិតក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា)
ដោយ: ថ្មីៗ
កម្ពុជា និងចិន បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជា ឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និង ការជួយដូរគ្រឿងញៀន ជាអាទិ៍។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក ចាវ ខឹជី (Zhao Kezhi) រដ្ឋមន្រ្តីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើឯកសារស្តីពីការបន្តកិច្ចសហប្រតិបត្តិការនេះ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

 
 
ព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានឲ្យដឹងថា សម្តេច និង លោក ចាវ ខឹជី សុទ្ធតែសម្តែងការអបអរសាទរ ចំពោះទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលនាំឲ្យមានការរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។ សម្តេច ស ខេង និង លោក ចាវ ខឹជី ក៏បានកោតសរសើរទៅវិញទៅមក ចំពោះការប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញ ដែលបង្កឡើងដោយជំងឺកូវីដ-១៩ក្តី។
 
រដ្ឋមន្រ្តីទាំងពីរ កត់សម្គាល់ឃើញដូចគ្នា ពីការទទួលសមិទ្ធផលសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នាពេលកន្លងមក។ ជាមួយគ្នានេះ រដ្ឋមន្រ្តីទាំងពីរ ដែលគ្រប់គ្រងផ្នែកសន្តិសុខក្នុងប្រទេស បានចែករំលែកទៅវិញទៅមកអំពីសភាពការណ៍សន្តិសុខទូទៅ។ 
 
ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា សរសេរថា សម្តេច ស ខេង និងលោក ចាវ ខឹជី  បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។ ស្ថានទូតចិន ចាត់ទុកជំនួបរវាងភាគីកម្ពុជា-ចិន និងការចុះហត្ថលេខាលើឯកសារស្តីពីការបន្តកិច្ចសហការប្រត្តិការជាមួយគ្នា ថាជាការប្តេជ្ញាចិត្តរួម ក្នុងការបង្រ្កាបរាល់បទឧក្រិដ្ឋ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រទេស និងប្រជាជនទាំងពីរ៕

Tag:
 កម្ពុជា-ចិន
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com