អន្តរជាតិ
ហ្វីលីពីនត្រូវប្រើពេល ១០ ឆ្នាំដើម្បីស្តារសេដ្ឋកិច្ចពីជំងឺកូវីដ-១៩
01, Oct 2021 , 2:29 pm        
រូបភាព
ការកកស្ទះលើដងផ្លូវក្នុងរដ្ឋធានីម៉ានីល។ រូបថត Xinhua
ការកកស្ទះលើដងផ្លូវក្នុងរដ្ឋធានីម៉ានីល។ រូបថត Xinhua
ដោយ៖ឡាយស្រីពេជ្រ
 
សេដ្ឋកិច្ចហ្វីលីពីននឹងត្រូវចំណាយពេលច្រើនជាង១ទសវត្សរ៍ដើម្បីវិលទៅរកភាពដើមមុនមានការរាលដាលដោយជំងឺកូវីដ-១៩។ មន្រ្តីរដ្ឋាភិបាលហ្វីលីពីនបញ្ជាក់បែបនេះនៅថ្ងៃទី៣០ ខែកញ្ញា ដោយភ្ជាប់ការព្រមានថា ពលរដ្ឋហ្វីលីពីន២ជំនាន់ក្រោយ នឹងត្រូវទទួលបន្ទុកលើអ្វីដែលកើតឡើងក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ។

 
ការបិទខ្ទប់និងវិធានការរឹតបន្តឹងផ្សេងៗដែលធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ បានប៉ះពាល់សេដ្ឋកិច្ចហ្វីលីពីនយ៉ាងដំណំ ជាមួយទំហំខូចខាតច្រើន។ ប្រជាជនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះរាប់លាននាក់ បាត់បង់ការងារ ហើយគ្រួសារជាច្រើនធ្លាក់ខ្លួនកាន់តែយ៉ាប់យ៉ឺន។
 
«ការចំណាយសរុបទៅលើជំងឺកូវីដ-១៩ និងថ្លៃធ្វើចត្តាឡីស័ក្កនឹងត្រូវប្រើរយៈពេលវែងពី១០ទៅ៤០ ឆ្នាំខាងមុខដើម្បីស្តាឡើងវិញ ពីព្រោះការខាតបង់នេះអាចកើនឡើងដល់៨១០ពាន់លានដុល្លារ»។ រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ចហ្វីលីពីន Karl Kendrick Chua អះអាងថាបែបនេះ មុនវាយតម្លៃថា ពលរដ្ឋហ្វីលីពីនជំនាន់នេះ និងជំនាន់ក្រោយមួយទៀត ជាអ្នករ៉ាប់រងថ្លៃចំណាយទាំងនេះ។ តួលេខនេះគឺច្រើនជាងផលិតផលក្នុងស្រុកសរុបទ្វេដងរបស់ហ្វីលីពីននៅឆ្នាំ ២០២០ ដែលធនាគារពិភពលោកព្យាករថាមានចំនួន៣៦១,៥ពាន់លានដុល្លារអាម៉េរិក។ 
 
លោក Chua បន្តថា ការប្រើប្រាស់ ការវិនិយោគ និងចំណូលពន្ធ នឹងពិបាកងើបឡើងវិញដោយសារច្បាប់រក្សាគម្លាតសុវត្ថិភាពរារាំងវិស័យសំខាន់ៗដូចជាទេសចរណ៍និងភោជនីយដ្ឋានពីការបើកដំណើរការឡើងវិញ។ ជាមួយគ្នានេះ ផលិតភាពទាបដែលបណ្តាលមកពីការស្លាប់ ជំងឺ ឬការបិទសាលារៀនអំឡុងវិបត្តិកូវីដ-១៩ ក៏ទំនងជាមានផលប៉ះពាល់ជាអចិន្រ្តៃយ៍។ 
 
ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលរូបនេះ អះអាងថា នៅឆ្នាំ២០២១ សេដ្ឋកិច្ចហ្វីលីពីនត្រូវរំពឹងថា នឹងកើនឡើងពី៤ទៅ៥ ភាគរយវិញ បន្ទាប់ពីធ្លាក់ចុះខ្លាំងដល់ទៅ៩,៦ភាគរយនៅឆ្នាំ ២០២០។ ​ប៉ុន្តែ ហ្វីលីពីន ត្រូវចំណាយពេល១០ឆ្នាំដើម្បីវិលត្រឡប់ទៅកំណើនសេដ្ឋកិច្ចមុនការផ្ទុះជំងឺកូវីដ-១៩ ។ មុនមានជំងឺនេះ  ​កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ១០ មានជាមធ្យម៦,៤ភាគរយ។
 
មកទល់ពេលនេះ ហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង២,៥លាននាក់ និងស្លាប់ចំនួន៣៨ពាន់នាក់។ ត្រឹមតែជាងមួយភាគបួននៃប្រជាជនពេញវ័យប៉ុណ្ណោះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com