ជាតិ
សង្គមជាតិ
រថយន្តដឹកលើសទម្ងន់ បើចាប់បានលើកទី២ ត្រូវពិន័យប្រាក់ទ្វេដង ដកបណ្ណបើកបរ និង អាចឈានទៅបិទក្រុមហ៊ុន
01, Oct 2021 , 10:54 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រងយានយន្តដឹកលើសទម្ងន់កំណត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ រូបពីក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រងយានយន្តដឹកលើសទម្ងន់កំណត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ រូបពីក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា ក្រសួងរបស់លោក កំពុងរៀបចំបង្កើត App ប្រភេទថ្មីមួយទៀត ដែល App ប្រភេទថ្មីនេះ អាចឲ្យមន្រ្តី ពិនិត្យដឹងភ្លាមៗទៅលើរថយន្ត ដែលដឹកលើសទម្ងន់កំណត់ដោយច្បាប់ ហើយក៏អាចឲ្យមន្រ្តី ដឹងថា អ្នកបើកបររថយន្តនោះ ធ្លាប់រងការពិន័យពីបទដឹកលើសទម្ងន់ឬអត់។



លោក ស៊ុន ចាន់ថុល អះអាងថា បើមន្រ្តី យក App ប្រភេទនេះ ទៅស្កេន (ពិនិត្យ) ផ្លាកលេខរថយន្ត និងស្កេនបណ្ណបើកបរ ដោយនិន្នន័យ បង្ហាញថា រថយន្តនោះ ធ្លាប់ដឹកលើសទម្ងន់ម្តងរួចមកហើយ ហើយអ្នកបើកបរ ក៏ធ្លាប់ត្រូវពិន័យពីបទដឹកលើសទម្ងន់ម្តងរួចមកហើយដែរនោះ អ្នកបើកបរ នឹងត្រូវពិន័យប្រាក់ទ្វេដង និងត្រូវព្យួរបណ្ណបើកបរមួយរយៈ (អាចកន្លះឆ្នាំ ១ឆ្នាំ ឬដល់២ឆ្នាំ)។ បើតាមលោករដ្ឋមន្រ្តី ការចាត់វិធានការលើបទល្មើសដឹកលើសទម្ងន់ មិនមែនត្រឹមតែការពិន័យប្រាក់ទ្វេងដង និងការដកបណ្ណបើកបរនោះទេ ដោយនឹងត្រូវចាត់វិធានការធ្ងន់ជាងនេះមួយទៀត នោះគឺការឈានទៅបិទក្រុមហ៊ុន ដែលជាម្ចាស់រថយន្តដឹកលើសទម្ងន់នោះតែម្តង។  

ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រងយានយន្តដឹកលើសទម្ងន់កំណត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសាធារណការ ផ្ញើសារទៅកាន់អ្នកបើករថយន្តដឹកទំនិញធ្ងន់ៗ ក៏ដូចជាក្រុមហ៊ុនរថយន្តដឹកទំនិញ ឲ្យប្រុងប្រយ័ត្នថា៖«បើផាកពិន័យម្តងហើយ នៅតែបន្តដឹកទំនិញលើសចំនួនកំណត់ដោយច្បាប់លើកទី២ អាហ្នឹង ត្រូវការផាកទ្វេដង ឬឈានទៅដល់ការបិទក្រុមហ៊ុន»។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ មន្រ្តីក្រសួងសាធារណការ មិនទាន់អាចអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយលើការពិន័យប្រាក់ទ្វេដង ការដកបណ្ណបើកបរ និង ការបិទក្រុមហ៊ុននោះទេ ដ្បិត App ប្រភេទថ្មី ដែលជាប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិនេះ មិនទាន់រៀបចំបានរួចរាល់។ ប៉ុន្តែ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា App នេះ នឹងត្រូវបង្កើតឲ្យបានក្នុងពេលឆាប់ៗ។

លោក ថ្លែងថា៖«មិនយូរទេ App នេះ នឹងចេញ អ៊ីចឹងក្រុមការងារជញ្ជីងទាំងអស់ នឹងមាន App នេះប្រើ»។

លោករដ្ឋមន្រ្តីរូបនេះ ណែនាំទៅអ្នកបើកបរ ឲ្យបដិសេធ បើក្រុមហ៊ុន ឲ្យដឹកទំនិញលើសទម្ងន់។ លោក ប្រាប់ទៀតថា បើដឹកលើសទម្ងន់ ហើយត្រូវអាជ្ញាធរចាប់បាន ក្រុមហ៊ុន អាចនឹងជួយបង់ប្រាក់ផាកពិន័យជួស តែខ្លួនជាអ្នកបើកបរ ត្រូវបានដកបណ្ណបើកបរ ដែលនាំឲ្យបាត់បង់សិទ្ធិបើកបរ។ លោក បន្ថែមថា ដើម្បីមានសិទ្ធិបើកបរ អ្នកបើកបរ ដែលត្រូវដកហូតបណ្ណបើកបរនោះ ត្រូវទៅប្រឡងយកបណ្ណបើកបរឡើងវិញ។

ផ្លូវនៅកម្ពុជា ភាគច្រើនគឺជាប្រភេទផ្លូវ DBST ដែលមានអាយុកាលពី៥ឆ្នាំ ទៅ៨ឆ្នាំយ៉ាងយូរ និងមានមួយចំនួនតូច ជាផ្លូវប្រភេទ Asphalt Concrete (AC) ដែលអាចមានអាយុកាលពី៩ឆ្នាំ ទៅ១២ឆ្នាំយ៉ាងយូរ។ ចំពោះប្រភេទផ្លូវមួយទៀត គឺប្រភេទផ្លូវបេតុង ដែលអាចមានអាយុកាលលើសពី១២ឆ្នាំ កម្ពុជា ពុំទាន់មាននោះទេ ដោយសារប្រភេទផ្លូវនេះ ត្រូវចំណាយថវិកាច្រើន ខណៈកញ្ចប់ថវិកាសម្រាប់សង់ផ្លូវនៅកម្ពុជា មានកម្រិត។ កម្ពុជា ក៏មិនទាន់អាចកសាងប្រភេទផ្លូវ AC ឲ្យបានច្រើនដែរ ព្រោះប្រភេទផ្លូវនេះ ក៏ត្រូវចំណាយថវិកាច្រើនដែរ។ ផ្លូវ និងស្ពាននៅកម្ពុជា អនុញ្ញាតឲ្យរថយន្ត ដឹកទំនិញច្រើនផុតត្រឹម៤០តោន ទៅ៥០តោនប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា បើអ្នកបើកបរ ដឹកទំនិញតាមការកំណត់របស់ច្បាប់ ផ្លូវនៅកម្ពុជា នឹងអាចមានអាយុកាលទៅតាមកាលកំណត់របស់វា។ លោក និយាយ ផ្លូវនៅប្រទេសជិតខាង ដូចជា ថៃ និង វៀតណាម ក៏ជាប្រភេទផ្លូវដូចកម្ពុជាដែរ ហើយអនុញ្ញាតឲ្យដឹកទំនិញត្រឹម៤០តោន ទៅ៥០តោនដូចគ្នា៕

Tag:
 ផ្លូវ
  ដឹកលើសទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com