អន្តរជាតិ
ប្រឡងក្របខណ្ឌ​គ្រូ! ឥណ្ឌាចាប់បាន​បេក្ខជន១០នាក់ដែល​លួច​បង្កប់ Bluetooth ក្នុងស្បែកជើងផ្ទាត់
02, Oct 2021 , 9:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
នៅឥណ្ឌា មនុស្ស​១០​នាក់​ត្រូវបាន​ចាប់ខ្លួន ពីបទរៀបចំគម្រោង​លួច​ចម្លងវិញ្ញាសា ក្នុងការ​ប្រឡង​ជ្រើសរើសក្របខណ្ឌ​គ្រូបង្រៀនកាលពីថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា។ បើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AFP អ្នក​ទាំងនោះ សុទ្ធតែ​បាន​លួច​បង្កប់​ឧបករណ៍ Bluetooth ក្នុង​ស្បែក​ជើង​ផ្ទាត់​របស់ខ្លួន។

 
បេក្ខជន​ប្រមាណ​១,៦លាននាក់នៅ​រដ្ឋ Rajasthan ត្រៀម​ប្រឡង​ប្រជែង​ដើម្បី​ទទួលបានឱកាស​ក្លាយ​ជាគ្រូ​បង្រៀន។ ដោយសារតែការប្រឡង​ត្រូវ​រឹតបន្តឹង ហើយប៉ូលិសមានគ្រប់បែបយ៉ាងក្នុង​ការដកហូត​មធ្យោបាយ​ទំនាក់ទំនងដែលភ្ជាប់អ៊ីនធ័រណិត បេក្ខជន​ដែលមានគំនិតខិល​ខូច មាន​វិធីសាស្ត្រ​កាន់តែទំនើប​បន្ថែមទៀត។
 
តាម​ការស៊ើបអង្កេត ប៉ូលិស​បាន​ស្រាវជ្រាវឃើញ​មនុស្ស​មួយ​ក្រុម បាន​រៀបចំផែន​ការលួចចម្លង តាមរយៈ​ការ​លួច​បង្កប់ឧបករណ៍ Bluetooth នៅក្នុងស្បែកជើងផ្ទាល់ ហើយបន្ត​ភ្ជាប់ប្រព័ន្ធគ្មាន​ខ្សែទៅនឹងឧបករណ៍ស្តាប់​ដែលបង្កប់ក្នុងត្រចៀក។ បច្ចេកវិទ្យានេះ អាចធ្វើ​ឲ្យ​បេក្ខជនទាក់ទង​ទៅអ្នកសម​គំនិត​នៅខាងក្រៅ ដើម្បី​ផ្តល់ចម្លើយ​វិញ្ញាសា។
 
លោក Priti Chandra មន្ត្រីប៉ូលិស​ប្រចាំក្រុង Bikaner បាន​បញ្ជាក់ប្រាប់ AFP ថា បេក្ខជន​១០​នាក់ស្ថិតក្រោម​ការសង្ស័យ ហើយត្រូវបាន​ចាប់ខ្លួន​នៅ​ក្រៅបន្ទប់​ប្រឡង​នា​ល្ងាចមួយ​ថ្ងៃមុន​ការ​ប្រឡង ក្រោយ​ស្រាវជ្រាវឃើញឧបករណ៍​ដែល​ពួក​គេ​បានលាក់បង្កប់ទុក​ក្នុង​ស្បែក​ជើង​ផ្ទាត់។
 
លោកបាន​លើកឡើងថា សមត្ថកិច្ចតែងតែរឹតបន្តឹងដើម្បី​ទប់ស្កាត់​ការលួចចម្លង​តាមប្រព័ន្ធអ៊ីនធ័រណិត ហើយ​ករណី​លួច​បង្កប់ឧបករណ៍ Bluetooth ក្នុងស្បែកជើង និងត្រចៀកនេះ ជាករណីថ្មី​ និងទំនើប​បំផុតផងដែរ។
 
ការស៊ើបអង្កេត​បន្ត​បន្ទាប់ បាន​រកឃើញបេក្ខជនយ៉ាងហោចណាស់​២៥នាក់ បានទិញ​ស្បែកជើង​ផ្ទាត់ដែលបង្កប់បច្ចេកវិទ្យា Bluetooth ដោយ​ក្រុមជន​សង្គមងងឹតលក់ក្នុងតម្លៃ​៦០ម៉ឺនរូពី (ជាង​៨០០០​ដុល្លារអាមេរិក)។
 
ក្រោយការកើតឡើង​ករណីនេះ មណ្ឌលប្រឡងជាច្រើននៅឥណ្ឌា បាន​តម្រូវឲ្យ​បេក្ខជន​ដោះស្បែកជើងទុក​នៅ​ក្រៅ​បន្ទប់ប្រឡង៕
 

Tag:
 អប់រំ
  ប្រឡង
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com