អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំយោធាហ្គីណេស្បថចូលកាន់តំណែងប្រធានាធិបតី ក្រោយរដ្ឋប្រហារ
02, Oct 2021 , 6:59 am        
រូបភាព
ឧត្តមសេនីយ៍ Mamady Doumbouy កាលពីថ្ងៃទី១ ខែតុលា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ហ្គីណេ បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់លោក Alpha Conde ចេញពីតំណែង។

 
លោក Doumbouy អាយុ៤១ឆ្នាំ ដែលធ្លាប់ធ្វើជាទាហានបារាំងនោះ ក្លាយជាមេដឹកនាំវ័យក្មេងជាងគេទីពីរនៅទ្វីបអាហ្វ្រិក បន្ទាប់មេដឹកនាំម៉ាលី លោក Assimi Goita អាយុ៣៨ឆ្នាំ ដែលបានឡើងកាន់អំណាចដោយសាររដ្ឋប្រហារយោធាដូចគ្នា។
 
កាលពីថ្ងៃទី៥ ខែកញ្ញា លោក Doumbouya គឺជាមេខ្លោងដឹកនាំរដ្ឋប្រហារ ដែលឈានទៅចាប់ប្រធានាធិបតី Alpha Conde ឃុំឃាំង។ លោកបានផ្អាករៀបចំបោះឆ្នោត ហើយសន្យាស្តារប្រទេសឡើងវិញ ដោយពង្រឹងរដ្ឋបាលសាធារណៈ ក៏ដូចជាការលុបបំបាត់ភាពក្រីក្រ និងពុករលួយ។
 
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាអង្គការតំបន់នៅទ្វីបអាហ្វ្រិក នៅតែថ្កោលទោសចំពោះសកម្មភាពរដ្ឋប្រហារនៅហ្គីណេ ហើយលោក Doumbouya ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ហ្គីណេ២៥រូប ដែលសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មពីបទរំលោភសិទ្ធិមនុស្ស។
 
លោក Doumbouya បានរៀបការជាមួយស្ត្រីបារាំងម្នាក់ ដែលបច្ចុប្បន្នក៏កំពុងបម្រើការនៅកងរាជអាវុធហត្ថជាតិបារាំងផងដែរ។ លោក និងភរិយាមានកូន៣នាក់។ យោងតាមការផ្សាយរបស់ France 24 ក្រៅពីការសន្យាដឹកនាំប្រទេសឲ្យរីកចម្រើន លោកមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដដែលលោកត្រូវឈប់ពីតំណែងប្រធានាធិបតីបណ្តោះអាសន្ននោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com