អន្តរជាតិ
កិច្ចចរចាពាណិជ្ជកម្មរវាង EU និងអូស្ត្រាលី ត្រូវពន្យារពេល ក្រោយមានរឿងនាវាមុជទឹក
02, Oct 2021 , 7:29 pm        
រូបភាព
កិច្ចចរចាពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងសហភាពអឺរ៉ុប (EU) ដែលបានគ្រោងទុកជាយូរមកហើយ ត្រូវបានពន្យារពេល បន្ទាប់ពីមានការថ្នាំងថ្នាក់ចិត្តជុំវិញការសម្រេចចិត្តរបស់អូស្រ្តាលីដែលបានលុបចោលកិច្ចសន្យាទិញនាវាមុជពីបារាំង។


 
«កិច្ចចរចាពាណិជ្ជកម្មសេរី (FTA) ត្រូវបានពន្យាពេលមួយខែ ដោយលើកទៅខែវិច្ឆិកាវិញ»។ នេះជាការបញ្ជាក់ពីមន្រ្តីសហភាពអឺរ៉ុប (EU) ដែលមិនបានបញ្ចេញឈ្មោះម្នាក់ ប្រាប់ទីភ្នាក់ងារព័ត៌មានAFP នៅថ្ងៃទី១ ខែតុលា។ 
 
កាលពីខែមុន អូស្រ្តាលីបានលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីបារាំងចំនួន១២គ្រឿងដែលមានតម្លៃជាង ៤០ ពាន់លានដុល្លារ ដោយចូលរួមក្នុងកិច្ចព្រមព្រៀងថ្មីជាមួយអាម៉េរិក និងអង់គ្លេសដែលនឹងជួយផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ការសម្រេចចិត្តរបស់អូស្ត្រាលីនេះ បានបង្កឱ្យមានការប៉ះទង្គិចផ្នែកការទូតរវាងប្រទេសទាំង២ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអូស្រ្តាលី និង EU ផងដែរ។ 
 
ជុំវិញបញ្ហានេះ បារាំងធ្លាប់បាននិយាយជាសាធារណៈថា ខ្លួនលែងជឿទុកចិត្តលើរដ្ឋាភិបាលអូស្រ្តាលី ដោយលើកឡើងថា  អូស្ត្រាលីបានចាក់ខ្លួនពីក្រោយខ្នង និងចោទរដ្ឋបាលប្រធានាធិបតីចូ បៃឌិន ថាដើរតាមគន្លងលោក ដូណាល់ ត្រាំ ទៀតផង។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan បានគ្រោងនឹងធ្វើដំណើរទៅអឺរ៉ុបដើម្បីពិភាក្សាជុំវិញបញ្ហានេះ។ លោក Tehan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១ ខែតុលា ថា៖«យើងយល់ពីប្រតិកម្មរបស់បារាំងចំពោះការសម្រេចចិត្តទាក់ទងនឹងរឿងនាវាមុជទឹក ប៉ុន្តែទីបំផុតប្រទេសមួយត្រូវតែធ្វើសម្រេចចិត្តការពារផលប្រយោជន៍ជាតិខ្លួន ដែលនេះជាអ្វីដែលអូស្ត្រាលីបានធ្វើ»។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Tehan ក៏បានបន្ថែមថា លោកមានគម្រោងជួបជាមួយ លោក Valdis Dombrovskis ដែលជាមន្រ្តីគណៈកម្មការអឺរ៉ុបផ្នែកពាណិជ្ជកម្ម នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាបន្ថែមពីកិច្ចចរចាពាណិជ្ជកម្មសេរី ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ។
 
គួរបញ្ជាក់ថា EU គឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់អូស្រ្តាលី ដោយបានដោះដូរទំនិញក្នុងទំហំទឹកប្រាក់ ៣៦ ពាន់លានអឺរ៉ូ ឬស្មើនឹង ៤២,៤ ពាន់លានដុល្លារ និងសេវាកម្មគិតជាទឹកប្រាក់ជាង ២៦ ពាន់លានផោនទៀតកាលពីឆ្នាំមុន។
 
ការចរចាពាណិជ្ជកម្មសេរី រវាងភាគីទាំង២ បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ដោយសង្ឃឹមថានឹងឈានដល់ការចុះកិច្ចព្រមព្រៀងចុងក្រោយនៅចុងឆ្នាំនេះ។ ក្នុងកិច្ចចរចាជុំបន្ទាប់ដែលត្រូវបានលើកទៅខែវិច្ឆកានេះ គឺនឹងត្រូវពិភាក្សាលើវិស័យមួយចំនួន រួមមានពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ និងកម្មសិទ្ធិបញ្ញា៕
 

Tag:
 EU
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com