អន្តរជាតិ
អ្វីទៅជាគោលដៅអភិវឌ្ឍន៍ដោយចីរភាពផ្នែកចំណីអាហារ?
02, Oct 2021 , 9:29 pm        
រូបភាព
តាមការស្រាវជ្រាវ ប្រជាជននៅទូទាំងពិភពលោកជាង ៧០០លាននាក់ បានរងគ្រោះដោយសារ បញ្ហាអសុវត្ថិភាពស្បៀងអាហារ និងការជ្រើសរើសរបបអាហារមិនបានល្អ។ ដើម្បីដោះស្រាយបញ្ហានេះ គ្រប់គ្នាគួរចូលរួម តាមរយៈការកាត់បន្ថយការទទួលទានសាច់ ជំនួសដោយការទទួលទានអាហារសមុទ្រ ហើយអ្នកត្រូវដឹងពីប្រភព និងកន្លែងផលិតអាហារដែលត្រូវទទួលទាន។

 
នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាំង១៧ គោលដៅទាក់ទងនឹងចំណីអាហារមាន៥ សំដៅលើកកម្ពស់ផ្នែកសុវត្ថិភាពស្បៀងអាហារពិភពលោក។ គោលដៅអភិវឌ្ឍន៍ទាក់ទងសុវត្ថិភាពស្បៀងអាហារទាំងនោះមាន គោលដៅគ្មានភាពស្រេកឃ្លាន(SDG2), គោលដៅសុខភាពល្អ និងសុខុមាលភាព (SDG3), គោលដៅនៃទំនួលខុសត្រូវលើការប្រើប្រាស់និងផលិតកម្ម (SDG12), គោលដៅនៃជីវិតរស់លើដី (SDG15) និងគោលដៅនៃជីវិតក្នុងទឹក (SDG14)។ 
 
គោលដៅទាំងនេះធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពផ្នែកសុវត្ថិភាពស្បៀងអាហារនៅថ្ងៃអនាគត។ ការសិក្សាបានបង្ហាញថា អាហារមានសារសំខាន់ណាស់ ចំពោះសុខភាពរបស់មនុស្ស។ មនុស្សប្រមាណ ៧០០លាននាក់ រងគ្រោះដោយបញ្ហាអសន្ដិសុខស្បៀង និងការជ្រើសរើសរបបអាហារមិនបានល្អ។ ទាំងនេះជាមូលហេតុចម្បងនៃការបង្កឱ្យមានជំងឺរ៉ាំរ៉ៃ ក៏ដូចជាករណីស្លាប់មុនអាយុជាដើម។ លើសពីនេះ ការផលិតស្បៀងអាហារ គឺជាបុព្វហេតុឈានមុខគេនៃការធ្វើឱ្យបាត់បង់ជម្រកជីវចម្រុះ។
 
ដើម្បីឱ្យពិភពលោកនៅថ្ងៃអនាគតមានសុវត្ថិភាពស្បៀងអាហារ និងមានអាហារបរិភោគគ្រប់គ្រាន់ មនុស្សគួរចូលរួមយកចិត្តទុកដាក់លើដំណោះស្រាយមួយចំនួន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានដូចជា កាត់បន្ថយការទទួលទានសាច់ ចូលរួមទទួលទានអាហារសមុទ្រ និងគិតគូរពីប្រភពអាហារមុនទទួលទាន។ នេះបើតាមការចុះផ្សាយរបស់វេបសាយ World Economic Form។ 
 
ការកាត់បន្ថយការទទួលទានសាច់នឹងជួយឱ្យអ្នកមានសុខភាពល្អជាងមុន កាត់បន្ថយការចំណាយ បង្កើនប្រាក់សន្សំ ក៏ដូចជាជួយដល់បរិស្ថានដោយការកាត់បន្ថយការបំភាយឧស្ម័នមេតានពីសត្វដូចជាគោ ក្របីជាដើម។ ផ្ទុយទៅវិញ មនុស្សត្រូវបានលើកទឹកចិត្តឱ្យទទួលទានអាហារដែលលូតលាស់ក្នុងទឹកសមុទ្រ ព្រោះវាមានផលប៉ះពាល់ទៅបរិស្ថានតិចជាងពពួកអាហារលូតលាស់លើដី។ វាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងមានរសជាតិឆ្ងាញ់ មិនចាញ់ពពួកសាច់សត្វគោកនោះទេ។ 
 
អ្នកគួរតែយកចិត្តទុកដាក់លើបញ្ហាប្រភព និងទីកន្លែងផលិតអាហារដែលអ្នកបរិភោគផងដែរ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ។ ការជ្រើសរើសរបបអាហារពិតជាមានឥទ្ធិពលលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។ អាហារគឺជាមធ្យោបាយដែលភ្ជាប់គ្នារវាងសុខភាពមនុស្ស ទៅនឹងសុខភាពរបស់ភពផែនដី។ ដូច្នេះហើយការជ្រើសម្ហូប និងការហូបចុក គឺជារឿងសំខាន់ដែលមនុស្សគួរយកចិត្តទុកដាក់ សម្រាប់សុខភាពខ្លួនផង និងផែនដីដែលជាកន្លែងខ្លួនរស់នៅផងដែរ៕
 

Tag:
 ស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com