អន្តរជាតិ
កាលីហ្វនីញ៉ា រដ្ឋដំបូងនៅអាម៉េរិកដែលតម្រូវឲ្យសិស្សអាយុ១២-១៧ឆ្នាំចាក់វ៉ាក់សាំងកូវីដ-១៩
02, Oct 2021 , 10:29 pm        
រូបភាព
ដោយ: រួបរួម
អភិបាលរដ្ឋកាលីហ្វនីញ៉ា លោក Gavin Newsom បានប្រកាសកាលពីថ្ងៃសុក្រ ដោយតម្រូវឲ្យសិស្សសាលាទាំងអស់ពីអាយុ១២ ដល់១៧ឆ្នាំ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយបានភ្លើងខៀវពីអាជ្ញាធរឱសថ (FDA)។

 
យុទ្ធនាការដែលប្រកាសដោយលោកអភិបាលរដ្ឋ នាំឲ្យកាលីហ្វនីញ៉ា ដែលមានពលរដ្ឋប្រមាណ៤០លាននាក់ ក្លាយរដ្ឋដំបូងបំផុតរបស់សហរដ្ឋអាម៉េរិក ដែលឈានមុខគេលើការជំវុញវ៉ាក់សាំងសម្រាប់បណ្តាសិស្សសាលា។
 
យោងតាមការផ្សាយរបស់សារព័ត៌មាន ABC យុទ្ធនាការសម្រាប់សិស្សសាលានេះ មិនអាចប្រព្រឹត្តទៅនៅដើមខែមករា ឡើយ ប៉ុន្តែអាចចាប់ផ្តើមយ៉ាងហោចណាស់នៅខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរ FDA បានការវាយតម្លៃពេញលេញទាក់ទងនឹងការចាក់ឲ្យកុមារអាយុក្រោម១៦ឆ្នាំ។
 
ទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលរដ្ឋ Newsom មកពីគណបក្សប្រជាធិបតេយ្យ លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានចាត់ចែងឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
 
បច្ចុប្បន្ន ពលរដ្ឋអាមេរិកអាយុចាប់ពី១២ឆ្នាំឡើង អាចចាក់វ៉ាក់សាំង Pfizer។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Newsom បានអះអាងថា លោកចង់ឃើញ FDA អនុម័តឆាប់រហ័សលើករណីនេះ ដើម្បីជំរុញដំណើរការសាលារៀនពេញលេញឡើងវិញទូទាំងប្រទេស។
 
ជាមួយគ្នានេះ ABC បានរាយការណ៍ថា នៅរដ្ឋកាលីហ្វនីញ៉ា ក្មេងអាយុពី១២ ដល់១៧ឆ្នាំ ៦៣,៥ភាគរយហើយដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ «យើងចង់បញ្ចប់ជីវិតជំងឺរាតត្បាតនេះ យើងនឿយហត់ដោយសារវាខ្លាំងណាស់»។ លោក Newsom បានត្អូញត្អែរយ៉ាងដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com