អន្តរជាតិ
តៃវ៉ាន់ក្ដៅស្លឹកត្រចៀក ក្រោយយន្តហោះចិន៣៩ទៀត ហោះចូលដែនការពារអាកាសខ្លួន
03, Oct 2021 , 7:29 pm        
រូបភាព
យន្តហោះចម្បាំងចិនក្នុងបេសកកម្មកន្លងមក។ រូបថត Xinhua
យន្តហោះចម្បាំងចិនក្នុងបេសកកម្មកន្លងមក។ រូបថត Xinhua
យន្តហោះចម្បាំងចិន៣៩គ្រឿងទៀត បានហោះចូលតំបន់ការពារអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃទី២ ខែតុលា។ នេះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់របស់យន្តហោះចម្បាំងចិននៅកៀកកោះតៃវ៉ាន់ ដែលធ្វើឱ្យរដ្ឋាភិបាលកោះនេះក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។

 
 
ចំនួនយន្តហោះចម្បាំងចិន៣៩គ្រឿងដែលហោះចូលដែនការពារអាកាសតៃវ៉ាន់នៅថ្ងៃទី២ ខែតុលា មានច្រើនជាងចំនួនយន្តហោះចិនដែលជ្រៀតចូលកៀកតៃវ៉ាន់នៅថ្ងៃទី១ ខែតុលាត្រឹមមួយគ្រឿងប៉ុណ្ណោះ។ យន្តហោះចិន ហោះក្បែរកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រង។ 
 
យន្តហោះចម្បាំងចិនទាំង៣៩គ្រឿងនេះ បំពេញបេសកម្មរបស់ខ្លួនចំនួនពីរលើកបន្តបន្ទាប់គ្នា ដោយជុំដំបូងមាន២០គ្រឿង និងជុំទីពីរមាន១៩គ្រឿង ហើយភាគច្រើនជាយន្តហោះប្រភេទ J-16 និង Su-30 ។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា យន្តហោះចម្បាំងតៃវ៉ាន់ ក៏ត្រូវបានបញ្ជូនទៅបណ្ដេញយន្តហោះចិន ហើយប្រព័ន្ធការពារអាកាស ក៏ត្រូវដាក់ដំណើរការផងដែរ។
 
នាយករដ្ឋមន្រ្តីតៃវ៉ាន់ Su Tseng-chang បានថ្កោលទោសទង្វើរបស់ចិន។ លោកចោទរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងធ្វើសកម្មភាពបំភ័យតាមសកម្មភាពយោធា និងបំផ្លាញសន្តិភាពតំបន់។ 
 
តៃវ៉ាន់ តែងតែបង្ហាញការខឹងសម្បារចំពោះសកម្មភាពផ្លូវអាកាសរបស់ចិន ពិសេសនៅក្បែរកោះ Pratas តែម្ដង។ ទីក្រុងប៉េកាំងវិញ ហៅបេសកកម្មយន្តហោះរបស់ខ្លួន ជាការការពារអធិបតេយ្យ និងទប់ស្កាត់ការចូលដៃចូលជើងរវាងតៃវ៉ាន់ និងអាម៉េរិក៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com