អន្តរជាតិ
កូរ៉េខាងជើង ចោទក្រុមប្រឹក្សាសន្តិសុខថា អនុវត្តស្តង់ដាពីរជាន់
03, Oct 2021 , 9:29 pm        
រូបភាព
ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣ ខែតុលា បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី១ ខែតុលាដើម្បីជជែកពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ តាមរយៈក្រសួងការបរទេស កូរ៉េខាងជើងចោទក្រុមប្រឹក្សាដ៏មានឥទ្ធិពលនេះថា អនុវត្តស្តង់ដាពីរជាន់ ព្រោះនៅស្ងៀមនៅពេលអាម៉េរិកធ្វើសមយុទ្ធ ឬសាកល្បងអាវុធ តែបែរជាកោះប្រជុំដើម្បីជជែកការបាញ់មីស៊ីលរបស់ខ្លួនទៅវិញ។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់នៅថ្ងៃទី១ ខែតុលា តាមសំណើអាម៉េរិក បារាំង និងអង់គ្លេសដើម្បីពិភាក្សាពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីខែកញ្ញាកន្លងទៅ ដោយរាប់ទាំងមីស៊ីលប្រើបច្ចេកវិទ្យាបាលីស្ទិក ដែលត្រូវបានហាមឃាត់ផងដែរ។
 
កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងជាងមួយម៉ោង ប៉ុន្តែមិនមានសេចក្ដីថ្លែងការណ៍អ្វីឡើយ។ ចិន និងរុស្ស៊ី ត្រូវបានរាយការណ៍ថា ចេញមុខការពារកូរ៉េខាងជើង។ ទោះមិនមានលទ្ធផលអ្វី កូរ៉េខាងជើង បានប្រតិកម្មខ្លាំងៗនឹងកិច្ចប្រជុំនេះ។ 
 
ក្នុងសេចក្ដីថ្លែងការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក Jo Chol-su ប្រធាននាយកដ្ឋានអង្គការអន្តរជាតិចំណុះក្រសួងការបរទេសកូរ៉េខាងជើង ហៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ជាការបំពាន និងការមិនអើពើជាចំហលើអធិបតេយ្យកូរ៉េខាងជើង ហើយជាទង្វើបង្ករឿងដែលមិនអាចអត់ធ្មត់បាន។ មន្រ្តីដដែលនេះ ចោទក្រុមប្រឹក្សាទៀតថា នៅស្ងៀមស្ងាត់ពេលអាម៉េរិកធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្ត តែបញ្ចេញមតិលើសកម្មភាពការពារខ្លួនរបស់កូរ៉េខាងជើងទៅវិញ។
 
«នេះជាការបដិសេធភាពមិនលម្អៀង និងភាពពឹងពាក់បានរបស់អង្គការសហប្រជាជាតិ ហើយក៏ជាព័ស្តុតាងនៃការអនុវត្តស្តង់ដាពីរ។» មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងខាងលើបញ្ជាក់បែបនេះ មុននិយាយការពារការសាកល្បងមីស៊ីលជាបន្តបន្ទាប់ថា មិនបានបង្កការគំរាម ឬគ្រោះថ្នាក់ណាមួយដល់ប្រទេសផ្សេងឡើយ។
 
កន្លងមក កូរ៉េខាងជើង តែងយកការសាកល្បងអាវុធនេះ ជាការដាក់សម្ពាធលើកូរ៉េខាងត្បូង ឬអាម៉េរិក ខណៈសម្ព័ន្ធមិត្តទាំងពីរ ទទូចជារឿយៗឱ្យរដ្ឋកុម្មុយនីស្តមួយនេះ ចូលតុចរចាជាថ្មី។ កាលពីពាក់កណ្ដាលសប្ដាហ៍ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដែលចង់ចរចាដោយគ្មានលក្ខខណ្ឌមុន៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com