ជាតិ
បុណ្យភ្ជុំបិណ្ឌ
ក្រៅពីស្លឹកចេកណាំវ៉ា តើគេអាចយកស្លឹកចេកណាខ្លះមកវេចនំ?
07, Oct 2023 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រជាជនខ្មែរនិយមយកស្លឹកចេកណាំវ៉ា ឬចេកទឹក មកវេចនំអន្សម និងនំខ្មែរជាច្រើនទៀត ព្រោះស្លឹកចេកប្រភេទនេះសម្បូរ និងមានទំហំស្លឹកធំ ងាយស្រួលយកមកខ្ចប់។ ក្រៅពីស្លឹកចេកណាំវ៉ា តើគេអាចយកស្លឹកចេកណាខ្លះមកវេចនំបាន និងមិនប៉ះពាល់ដល់នំ?

 
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរ និយមធ្វើនំប្រពៃណីជាតិ ដូចជានំអន្សមជ្រូក អន្សមចេក និងនំខ្មែរមួយចំនួនទៀត សម្រាប់បរិភោគ ប្រគេនព្រះសង្ឃ និងចែកញាតិមិត្ត។ ការធ្វើនំខ្មែរជាពិសេសនំអន្សម គឺត្រូវការគ្រឿងផ្សំដូចជា អង្ករដំណើប សណ្ដែក និងសាច់ជ្រូកជាដើម។ ក្រៅពីការជ្រើសរើសគ្រឿងផ្សំដែលល្អ ការយកស្លឹកចេកមកវិចនំក៏ជារឿងសំខាន់មួយផ្សេងទៀតដែរ។
 
សូមទស្សនាវីដេអូ

 
មានបទពិសោធធ្វើនំអន្សមលក់ជាង ២០ឆ្នាំ លោកស្រី ញឹក សុខងួន បានសាកល្បងប្រើស្លឹកចេកជាច្រើនប្រភេទយកមកវេចនំ ដូចជាស្លឹកចេកអំបូង ចេកពងមាន់ ចេកជ្វា ចេកព្រៃ និងចេកណាំវ៉ា។ បន្ទាប់ពីសាកល្បងលើការជ្រើសរើសស្លឹកចេកទាំងនោះ លោកស្រី សុខងួន លើកឡើងថា ក្រៅពីស្លឹកចេកណាំវ៉ា ចេកជ្វា និងចេកព្រៃ គេមិនអាចយកស្លឹកចេកដទៃមកវេចនំឱ្យបានល្អទេ។
 
«ខ្ញុំយកតែស្លឹកចេកណាំវ៉ា ឬចេកជ្វាទេមកវេចនំ។ ចំណែកស្លឹកចេកអំបូង និងពងមាន់យកមកវេចអត់កើតទេ ព្រោះវាស្រួយ ហើយស្ងោទៅវាខ្មៅ មិនដូចចេកណាវ៉ាស្ងោទៅធ្វើឱ្យសាច់នំភ្លឺ។ ស្លឹកចេកព្រៃក៏វិចបានដែរ។ ខ្ញុំធ្លាប់សាកយកស្លឹកចេកព្រៃវេចនំល្អណាស់ សម្បុរនំខៀវស្អាត ប៉ុន្តែកម្រមានណាស់»។ នេះជាការរៀបរាប់ របស់អ្នកលក់នំខ្មែររូបនេះ ដោយបន្តថា តំបន់ខ្លះមិនសម្បូរស្លឹកចេក គេក៏អាចយកស្លឹកផ្អាវ និងស្លឹកត្នោតមកវេចអន្សមបានដែរ។
 
ជាទូទៅអ្នកស្រី សុខងួន តែងតែទិញស្លឹកចេកពី ឈ្មួញដែលទៅកាត់ស្លឹកចេកនៅតាមចម្ការ ក្បែរព្រំប្រទល់វៀតណាម។ ដោយឡែក ពេលឈ្មួញមិនយកស្លឹកចេកមកឱ្យ អ្នកស្រីក៏រកទិញនៅផ្សារដើមគរ ក្នុងតម្លៃ១ដុំ តម្លៃ១ ៥០០រៀល។
 
ក្រៅពីថ្ងៃបុណ្យស្លឹកចេកក៏អាចឡើងថ្លៃតាមរដូវកាលផងដែរ។ «ស្លឹកចេកមិនសូវសម្បូរ ក្នុងខែប្រាំង ព្រោះគេមិនឱ្យកាត់ស្លឹកទេ ដោយសារវាអត់លាស់។ ចំណែកភ្ញៀវ ពួកគេក៏រកទិញច្រើន ព្រោះពិធីបុណ្យទាន។ ខែប្រាំង តម្លៃស្លឹកចេកអាចឡើងដល់ ២០០០រៀល-២៥០០រៀល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ញឹក សុខងួន។
 
លោកស្រីបានបញ្ជាក់ទៀតថា មុននឹងយកស្លឹកចេកទៅវេចនំ គេត្រូវយកស្លឹកទៅហាលថ្ងៃ ២-៣ម៉ោង ឱ្យស្លឹកចេកនោះ មានសភាពទន់ បត់ទៅមិនបាក់។ បើសិនមេឃ មិនបើកថ្ងៃ គេក៏អាចយកស្លឹកចេកនោះទៅស្រុះទឹកបន្តិច ឱ្យវាទន់ ហើយគេអាចយកមកវេចនំបានដូចគ្នា។ ចំណែកស្លឹកចេករហែក ឬតូចៗ អ្នកធ្វើនំលក់រូបនេះ ណែនាំឱ្យអ្នកវេចនំ យកស្លឹកនោះដាក់ខាងក្នុង និងយកស្លឹកធំៗមកវិចពីក្រៅ ជៀសជាងយកទៅបោះចោល៕

Tag:
 ភ្ជុំបិណ្ឌ
  នំអន្សម
  សម្ភាស
  វីដេអូ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com