ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ត្រៀមកែរដ្ឋធម្មនុញ្ញ ឲ្យមេដឹកនាំកំពូល៤រូប មានសញ្ជាតិខ្មែរតែមួយ
06, Oct 2021 , 10:54 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតក្នុងកម្មវិធីមួយជាមួយគ្នានាពេលកន្លងមក។
ពីឆ្វេងទៅស្តាំ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតក្នុងកម្មវិធីមួយជាមួយគ្នានាពេលកន្លងមក។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មីម្តងទៀត ដើម្បីកំណត់ថា មេដឹកនាំកំពូល៤រូបរបស់កម្ពុជា រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និង ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិតែមួយ គឺសញ្ជាតិខ្មែរ។



តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាសាធារណៈថា៖«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ»។

បើរដ្ឋធម្មនុញ្ញ ត្រូវបានចែងបន្ថែមក្នុងចំណុចនេះមែន ទៅថ្ងៃអនាគត អ្នកដែលអាចធ្វើជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និង ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបាន លុះត្រាតែអ្នកនោះ មានសញ្ជាតិខ្មែរតែមួយ ហើយអ្នកដែលមានសញ្ជាតិ២ នឹងមិនអាចកាន់តំណែងកំពូលណាមួយ ក្នុងចំណោមតំណែងកំពូលទាំង៤នេះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ បានឆ្លងកាត់ការធ្វើវិសោធនកម្ម៩លើករួចមកហើយ ហើយនឹងត្រូវឆ្លងកាត់លើកទី១០ នៅពេលខាងមុខ តាមការបង្គាប់បញ្ជារបស់នាយករដ្ឋមន្រ្តី។

សម្តេច ហ៊ុន សែន បន្តថា៖«បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបាន បិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ២ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសំឡេង២ភាគ៣ ទើបអាចអនុម័តបាន»។

ថ្វីបើពុំបានបញ្ចេញឈ្មោះចំៗ តែប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ទំនងជាចង់សំដៅទៅមេដឹកនាំក្រុមប្រឆាំង ដោយរួមទាំងលោក សម រង្ស៊ី ផងដែរ។ លោក សម រង្ស៊ី ដែលជាមេដឹកនាំកំពូលនៃក្រុមប្រឆាំង មានសញ្ជាតិ២ គឺសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់លោក ក៏មានសញ្ជាតិ២ដែរ។

ការប្រកាសធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូបរបស់កម្ពុជា មានសញ្ជាតិខ្មែរតែមួយ គឺស្របពេលមានការបែកធ្លាយរបាយការណ៍មួយ ដែលបញ្ចេញដោយក្រុមស៊ើបអង្កេតអន្តរជាតិ ហៅថា The Pandora Papers Investigation ដោយក្នុងរបាយការណ៍នោះ ក៏មានឈ្មោះសម្តេច ហ៊ុន សែន ដែរ។ របាយការណ៍នោះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Guardian របស់អង់គ្លេស កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ 

សារព័ត៌មាន The Guardian សរសេរថា៖«...មេដឹកនាំកម្ពុជា លោក ហ៊ុន សែន គឺជាបុគ្គលម្នាក់ ក្នុងចំណោមរាប់ពាន់នាក់ ដែលមិនមែនជាប្រជាជនអឺរ៉ុប បានទទួលលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)»។ 

ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ពិសេសលោក សម រង្ស៊ី បានបំផុសព័ត៌មានថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ជិតដួលរលំហើយ ទើបសម្តេច ហ៊ុន សែន ទិញលិខិតឆ្លងដែនប្រទេសស៊ីប ដើម្បីរត់ចោលប្រទេសជាតិ។ ព័ត៌មាន ដែលបង្ហោះដោយលោក សម រង្ស៊ី ត្រូវបានក្រុមអ្នកប្រឆាំង ចែករំលែកយ៉ាងព្រោងព្រាត។ 

សម្តេច ហ៊ុន សែន ធ្លាប់បង្ហាញជំហរកន្លងមកថា ទោះជួបរឿងអ្វីក៏ដោយ សម្តេច និងថ្នាក់ដឹកនាំគណបក្សកាន់អំណាច មិនរត់ចោលប្រជាជនឡើយ។ មេដឹកនាំកម្ពុជារូបនេះ ប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកណ្តាល កាលពីដើមឆ្នាំ២០១៩ ថា៖«ខ្ញុំ អត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់ គឺជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា»៕



Tag:
 កែរដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com