ជាតិ
ពីនេះ ពីនោះ
រស និង រស់ មាន​សូរ​ដូចគ្នា ប៉ុន្តែអត្ថ​ន័យ​ខុសគ្នា
20, Feb 2023 , 7:29 am        
រូបភាព
យើង​មិនអាច​សរសេរពាក្យ រស និង​ រស់ ច្របូកច្របល់គ្នានោះឡើយ ពីព្រោះពាក្យទាំងពីរ​មានអត្ថន័យខុស​គ្នាទាំងស្រុង។ តាម​វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ «រស» អាចអាន​ថា «រៈសៈ» ប៉ុន្តែភាគច្រើន​អានថា «រស់» ជាពិសេស​បើ​រៀងខាងចុង។

 
«រស» មានន័យថា សម្ផស្ស​ប្លែក​ៗ ដែល​ប៉ះ​ពាល់​ជិវា្ហ​បសាទ ដឹង​ថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម : រស​ប្រៃ, រស​ជូរ, រស​ផ្អែម; អាហារ​មាន​រស​ឆ្ងាញ់ ។ សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ប្រែ​តាម​រូប​ធាតុ គឺ​ប្រភព​ដើម​ថា “វិស័យ​ជា​ទី​ត្រេក​អរ​របស់​សត្វ” ឬ​ថា “វិស័យ​ដែល​សត្វ​ទទួល​រ៉ាប់​រង​ដោយ​ការ​ដឹង”, ប្រែ​តាម​ដំណើរ​សេចក្ដី នៅ​មាន​ច្រើន យ៉ាង​ទៅ​ទៀត គឺ​ប្រែ​ថា ការ​ដឹង​អារម្មណ៍; សម្ផស្ស​កាម; តម្រេក; វត្ថុ​រាវ; ទឹក​ដម; ធាតុ​ទឹក​ក្នុង​រាង​កាយ; ទឹក​ក្នុង​សាច់, ក្នុង​ដើម​ឬ​ក្នុង​ផ្លែ; ទឹក​បន្សារ; កិច្ច; នាទី, មុខ​ការ; សម្បត្តិ; ព្យាយាម; មារយាទ ។ល។
 
រសក : អ្នក​ចម្អិន​អាហារ, អ្នក​ពិសែស, ចុងភៅ (បើ​ស្ត្រី​ជា រសិកា) ។ រស​គន្ធ គឺ​ក្លិន​រស (ពាក្យ​កាព្យ​ប្រើ​ជា រស​គន្ធា ក៏​មាន) ។ រស​ជាត ជា ជាត​របស់​រស (រស​ឆ្ងាញ់​ពិសា) ។ រសញ្ញា, រសនា គឺអណ្ដាត ។  រសញ្ញូ អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត, ខាង​តែង​សេចក្ដី, ខាង​កាព្យ​ឃ្លោង ។ 
 
ពាក្យផ្សេងទៀតរួមមាន រស​តេជ័ស, ធម្ម​រស, រស​ធាតុ, រស​នាថ, រស​រាជ, រស​នាយក, រស​នាលិះ, រស​ផល, រស​ភង្គ, រស​វតី, រស​វិទ, រស​វិទូ, រស​វិជ្ជា, រស​វិទ្យា, ករុណា​រស, គន្ធ​រស រស​ក្លិន, ធម្ម​រស, រស​ធម៌, មធុរ​រស, រស​ផ្អែម; រស​ឆ្ងាញ់, វីរ​រស, សុគន្ធ​រស, សុវណ្ណ​រស, ស្រឹង្គារ​រស, ហាសន​រស, ឱជា​រស, ឱសថ​រស ឬ ឱសធ​រស។
 
រីឯពាក្យ «រស់» វិញ មានន័យថា មាន​ជីវិត​នៅ, មិន​ទាន់​ស្លាប់ : បុគ្គល​រស់​នៅ​មួយ​រយ​ឆ្នាំ បើ​មាន​សេចក្ដី​ប្រមាទ​លោក​ហៅ​ថា រស់​នៅ​ឥត​អំពើ ទុក​ស្មើ​ដូច​ស្លាប់​ទៅ​ហើយ ។ ជាគុណសព្ទមានន័យថា ដែល​មាន​ជីវិត​នៅ : សត្វ​រស់ ។ រស់​រាន មាន​ជីវិត​រាន​ខែ​ឆ្នាំ​ត​ទៅ គឺ​មាន​អាយុ​វែង​ត​ទៅ : សូម​ឲ្យ​បាន​រស់​រាន​មាន​ជីវិត​ត​វែង​ឆ្ងាយ​ទៅ ! ។
 
ពាក្យប្រៀបនឹងពាក្យរស់ គឺ​ ស្ថិត​នៅ, តាំង​នៅ, មិន​ទាន់​វិនាស, មិន​ទាន់​រលំ : ជំនួញ​នៅ​រស់ ។ ទ្រង់​ព្រះ​ជន្ម​នៅ, មាន​ឬ​គង់​ព្រះ​ជន្ម​នៅ, ទ្រទ្រង់​នៅ; មាន​ជីវិត​នៅ, មាន​អាយុ​នៅ ។ រីឯពាក្យផ្ទុយវិញគឺ បរិនិញ្វន; សោយ​ទិព្វ​ជង្គត, សោយ​ទិវង្គត; សោយ​ពិរាល័យ; សុគត; ក្ស័យ, ក្សីណក្ស័យ; ទទួល​អសញ្ញ​កម្ម, ទទួល​អសញ្ញ​ភាព; ទទួល​មរណ​ភាព; ទទួល​អនិច្ច​ធម្ម; ទទួល​អនិច្ច​កម្ម; ធ្វើ​កាល​កិរិយា; រលត់, រលត់​ខន្ធ, រំលាង​ខន្ធ, ធ្លាយ​ខន្ធ, ធ្លាយ​សង្ខារ ឬ បែក​ធ្លាយ​សង្ខារ; បាត់​បង់, ស្លាប់; ដើរ, ផុត, ផុត​រលត់; ដាច់​ខ្យល់, អស់​ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង, តេន៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com