ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​​ងាយ​​ៗ ចង់​បំបាត់​ឈឺ​ខ្នង​
08, Oct 2021 , 6:59 am        
រូបភាព
​មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​ជួប​អា​ការៈឈឺ​ខ្នង​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត ហើយ​វា​ក៏​ជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​។ អាការៈ​បែបនេះ​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​អ្វី​ដែល​គេ​ជួប​ច្រើនជាងគេ​នោះ​គឺ​មនុស្ស​វ័យ​កណ្តាល​អាយុ​ចាប់ពី ៣៣ ទៅ​៥៥​ឆ្នាំ​។​ខ្នង​របស់​យើង​គឺជា​រចនាសម្ព័ន្ធ​ដ៏​សាំញ៉ាំ​មួយ​ដែល​ផ្សំ​ឡើង​ដោយ​ឆ្អឹង សរសៃប្រសាទ សន្លាក់ និង​សាច់ដុំ​។ រាល់​សមាសធាតុ​នីមួយៗ​ទាំងអស់​នេះ​សុទ្ធតែ​អាច​នាំ​ឱ្យ​ឆ្នង​ឈឺ​បាន​ទាំងអស់ ដែល​វា​បង្កឡើង​ដោយ​សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ​ដូចជា ការលើក​របស់​ធ្ងន់ៗ រមួល​ខ្លួន ឬ​បត់​ខ្លួន​ភ្លាម​។ ការឈឺ​ខ្នង​ក៏​អាច​កើតឡើង​ភ្លាមៗ​ដោយ​គ្មាន​ហេតុផល​ដែរ ដូចជា​ពេល​ភ្ញាក់​ពី​គេង​ជាដើម​។

 
​យើង​អាច​ប្រឈម​នឹង​ការឈឺ​ខ្នង​កាន់តែ​ច្រើន​នៅពេល​អាយុ​កាន់តែច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ របៀប​រស់នៅ​បែប​ស៊ី​ដេកៗ ធាត់​ជ្រុល មាន​ផ្ទៃពោះ បាក់​ទឹកចិត្ត ថប់​អារម្មណ៍ ជក់បារី និង​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ក៏​អាច​នាំ​ឱ្យ​ឈឺ​ខ្នង​បានដែរ​។ ជាទូទៅ ស្ត្រី​ប្រឈម​នឹង​ការឈឺ​ខ្នង​ច្រើនជាង   បុរស​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​ដោះស្រាយ​អា​ការៈឈឺ​ខ្នង​បាន​។
 
​កាត់បន្ថយ​ការ​គេង​លើ​គ្រែ​
​កាលពីមុន​អ្នក​ធ្លាប់​ដឹង​រួចមកហើយ​ថា វិធី​ព្យាបាល​ការឈឺ​ខ្នង​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​សម្រាក និង​គេង​លើ​គ្រែ​ឱ្យបាន​ច្រើន​។ ទោះបីជា​យ៉ាងនេះក្តី សព្វថ្ងៃនេះ​មាន​គ្រូពេទ្យ​កាន់តែច្រើន​ហើយ​ដែល​ឱ្យ​ដំបូន្មាន​ទៅ​អ្នកជំងឺ​ពួកគេ​ថា ចូរ​ប្រញាប់​ក្រោក​ពី​គេង​ឱ្យបាន​លឿន​តាម​តែ​អាច​ធ្វើបាន និង​ចៀសវាង​ការ​គេង​ច្រើនពេក​។ ការស្រាវជ្រាវ​បាន​ឱ្យដឹងថា ការ​គេង​យូរពេក​មិន​ត្រឹមតែ​ពន្យារ​ពេល​នៃ​ការ​ជាសះស្បើយ​ទេ តែ​ក៏​ធ្វើឱ្យ​អាការៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។
 
​ការ​គេង​លើសពី​បី​ថ្ងៃ​ជាប់​គ្នា​អាច​បណ្តាលឱ្យ​សាច់ដុំ​ខូច និង​ឈឺចាប់​កាន់តែ​ច្រើន​ជាង​មុន​ទៀត​។
 
​ហាត់ប្រាណ​
​ចូរ​រក្សា​ការធ្វើ​ចលនា​ជានិច្ច​។ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅពេល​ធ្វើ​លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ដូចជា ការដើរ ហែល​ទឹក និង​ជិះ​កង់​ជាដើម ព្រោះ​វា​អាច​ធ្វើឱ្យ​ខ្នង​អ្នក​មាន​ចលនា​បាន​។ វា​ក៏​ជួយ​ថែរក្សា​រាងកាយ​កុំឱ្យ​ស្ថិត​នៅក្នុង​ជំហរ​អង្គុយ​រហូត​ដែរ​។ ចូរ​ធ្វើ​ចលនា​ក្នុង​កម្រិត​មធ្យម និង​ចៀសវាង​ការធ្វើ​សកម្មភាព​ណា​ខ្លាំងក្លា​ដែល​នាំឱ្យ​ដាក់​សម្ពាធ​បន្ថែម​លើ​ខ្នង​ទៀត​។
 
​ស្អំ​ទឹកកក​
​ចូរ​ស្អំ​ទឹកកក​នៅ​កន្លែង​ឈឺចាប់​រយៈពេល ២៤​ម៉ោង ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​បំបាត់​អា​ការៈមិន​ស្រួល​បាន​តាមរយៈ​ការបញ្ឈប់​សរសៃប្រសាទ​កុំ​ឱ្យ​បញ្ជូន​អារម្មណ៍​ឈឺចាប់​ទៅ​ខួរក្បាល  ទៀត​។
 
​ចូរ​ស្អំ​ទឹកកក​នៅលើ​កន្លែង​ដែល​មាន​របួស​រយៈពេល​២០​នាទី បន្ទាប់​មក​រង់ចាំ ៣០​នាទី​សិន មុន​ពេល​ស្អំ​ម្តង​ទៀត​រយៈពេល​២០​នាទី​បន្ទាប់​។
ងូតទឹ​កក្តៅ ឬ​ស្អំ​ទឹ​កក្តៅ​
​បើសិន​ជា​រយៈពេល ២៤​ម៉ោង​កន្លងទៅ​ក្រោយ​ពី​មាន​របួស​នៅ​ខ្នង​នោះ ការ​ស្អំ​ទឹក​ក្តៅ​នឹង​មាន​ប្រយោជន៍​ក្នុង​ការបំបាត់​ការឈឺចាប់​។ ការ​ស្អំ​ទឹក​ក្តៅ​ក៏​នឹង​ជួយ​ពង្រឹ​ក​សរសៃឈាម​ក្នុង​សាច់ដុំ​ផង    ដែរ​។ រឿងនេះ​នឹង​ធ្វើឱ្យ​មាន​អុកស៊ីសែន និង​ជីវជាតិ​ហូរ​ទៅ​ចិញ្ចឹម​សាច់ដុំ​កាន់តែច្រើន ដើម្បី​ជួយ​ព្យាបាល​ជាលិកា​ដែល​ខូចខាត​។
មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ក្នុង​ការ​ស្អំ​ទឹក​ក្តៅ​នៅ​ខ្នង​។ អ្នក​អាច​ស្អំ​ដោយ​ការប្រើ​ដប​ទឹក ជែល​ក្តៅ ប្រដាប់​ស្អំ​ទឹក​ក្តៅ​អគ្គិសនី ឬ​កន្សែង​ក្តៅ​។
​រយៈពេល​នៃ​ការ​ស្អំ​ទឹក​ក្តៅ​អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​មាន​របួស​ផងដែរ​។ សម្រាប់​ការឈឺ​ខ្នង​តិចតួច ការ​ស្អំ​រយៈពេល​១៥ ទៅ​២០​នាទី​គឺ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​ករណី​របួស​ធ្ងន់ធ្ងរ ការ​ស្អំ​រយៈពេល​យូរ​ពី ៣០ ទៅ​មួយ​ម៉ោង​អាច​នឹង​មាន​ប្រយោជន៍​ជាង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com