COVID-19
ជាតិ
អនាគតគ្រួសារមួយត្រូវបានបំផ្លាញដោយសារជំងឺកូវីដ១៩ ក្នុងពេលតែមួយប៉ព្រិចភ្នែក
09, Oct 2021 , 7:59 pm        
រូបភាព
កូនស្រីអាយុ ៤ ឆ្នាំរបស់លោក ឡេង ចាន់ដារ៉ូ ដាក់ខ្លួនផ្អែកលើទ្រូងឪពុក  ។ (ធីតា វីន វីអូអេ)
កូនស្រីអាយុ ៤ ឆ្នាំរបស់លោក ឡេង ចាន់ដារ៉ូ ដាក់ខ្លួនផ្អែកលើទ្រូងឪពុក ។ (ធីតា វីន វីអូអេ)
ដោយ: VOA
ផែនការសម្រាប់អនាគតគ្រួសាររបស់លោក ឡេង ចាន់ដារ៉ូ ត្រូវបានរៀបចំឡើងហើយបានដើរទៅមុខសន្សឹមៗដោយរលូនក្នុងពេល ៥ឆ្នាំមកនេះ។ ក៏ប៉ុន្តែផែនការពង្រីកមុខជំនួញដែលស្ទើរតែទទួលបានជោគជ័យទៅហើយនោះ បានបរាជ័យទាំងស្រុងដែលនឹកស្មានមិនដល់ ដោយសារតែជំងឺកូវីដ១៩។

 
លោក ឡេង ចាន់ដារ៉ូ អាយុ ៣៥ឆ្នាំ ជាអ្នករកស៊ីម្នាក់ រស់នៅក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រពន្ធរបស់លោក គឺអ្នកស្រី ស៊ាត ស្រីម៉ៅ មានអាយុ ៣៣ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីដើមខែកញ្ញាកន្លងទៅ ក្រោយពីសម្រាលកូនប្រុសរួចបាន ៧ថ្ងៃ។
 
មុនពេលជំងឺកូវីដ១៩ ផ្តាច់យកជីវិតរបស់ប្រពន្ធលោកគ្រួសាររបស់លោក ចាន់ដារ៉ូ មានគ្នា ៤នាក់ រួមមានម្តាយអាយុ ៨០ឆ្នាំ លោក ចាន់ ដារ៉ូ ប្រពន្ធដែលកំពុងមានផ្ទៃពោះ ៨ខែ និងកូនស្រីម្នាក់ អាយុ ៤ឆ្នាំ។
 
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ប្រពន្ធរបស់លោក និងកូនស្រីអាយុ ៤ឆ្នាំ បានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីក្តៅខ្លួន និងអស់កម្លាំងជាច្រើនថ្ងៃ ក្រោយពីព្យាបាលនៅតាមគ្លីនិកឯកជនមិនបានធូរ។ នៅថ្ងៃដដែលនោះ ពួកគាត់ក៏បានទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក។
 
ក្រោយពីសម្រាកព្យាបាលជំងឺនៅទីនោះបាន ៣ថ្ងៃ ក្រុមគ្រូពេទ្យបានប្រាប់លោក ដារ៉ូ ឲ្យដឹងថា សួតប្រពន្ធគាត់បានខូចអស់ ៧៥ ភាគរយ។ ហើយក្តីសង្ឃឹមរស់មានតែ ២០ ភាគរយតែប៉ុណ្ណោះ។ដោយដឹងថាខ្លួនស្ថិតក្នុងស្ថានភាពមិនអាចទ្រាំទ្រទៅមុខបាន ភរិយារបស់លោក ដារ៉ូ បានផ្តាំលារូបលោកជាមុន។
 
រៀបរាប់ដោយអួលដើមក ភ្នែកឡើងក្រហមនិងលើកដៃជូតទឹកភ្នែកដែលបានហូរជាច្រើនដង លោក ដារ៉ូ បានថ្លែងថា៖
 
«ខ្ញុំប្រាប់ថាប្រពន្ធ ប្តីសុំទោសប្តីមើលថែអូនឯងអត់បានល្អ។ យើងប្រាប់ពីអាការរបស់គាត់។ គាត់ក៏មិនមាត់ដែរ។ គាត់ឲ្យខ្ញុំតេទៅបងប្អូន។ គាត់ថាចង់ជួបម៉ែ។ គាត់សំពះ គាត់លា គាត់ដឹងរឿង។ គាត់អត់មានអ្វីក្រៅពីយំទេ។ គាត់លាបងប្អូនគ្រប់គ្នា។ គាត់លាបោយដៃ»។
 
ការផ្តល់កិច្ចសម្ភាសន៍របស់លោក ដារ៉ូ ត្រូវបានផ្អាកជាច្រើនដងដោយសារលោកតែងតែហូរទឹកភ្នែកអួលដើមក នៅពេលរម្លឹកពីការឈឺចាប់ទុក្ខលំបាកវេទនារបស់ប្រពន្ធគាត់ ដែលបង្កឡើងដោយជំងឺកូវីដ១៩។ លោកបានថ្លែងប្រាប់ VOA បន្តទៀតថា៖
 
«ពេលដែលគាត់ពិបាកពេកគាត់ថា «ប្តីខ្ញុំសុំទោស គាត់សំពះ ខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំលាប្តីឯងហើយ ហើយប្តីឯថែរក្សាកូន»។ គាត់ពិបាកក្នុងខ្លួនពេក គាត់បេះអ៊ុកស៊ីសែនដែលជាប់ច្រមុះគាត់ហ្នឹង គាត់បេះចេញ។ ខ្ញុំលត់ជង្គង់សុំអង្វរប្រពន្ធថា សុំសំពះប្រពន្ធថា បងជូនអូនឯងមក បងចង់ឲ្យអូនឯងរស់ និយាយគ្នាហើយថ្ពក់ដៃគ្នាហើយ សន្យាគ្នាថា គាត់អត់បោចចេញទេ»។
 
ប្រពន្ធលោក ដារ៉ូ បានសម្រាលកូន ក្រោយពីចូលសម្រាកព្យាបាលនៅស្តាតអូឡាំពិកបាន ៤ថ្ងៃ។ ក្រោយពេលសម្រាលកូនបាន ៧ថ្ងៃ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ប្រពន្ធរបស់គាត់ក៏បានស្លាប់ ចំណែកឯម្តាយរបស់លោក ដារ៉ូ ដែលមានជំងឺប្រចាំកាយនោះ ក៏បានស្លាប់នៅរសៀលថ្ងៃដដែលនោះផងដែរ។
 
កូនរបស់លោក ដារ៉ូ ដែលទើបតែកើតនោះមានសុខភាពល្អជាធម្មតា បន្ទាប់ពីបានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅទីនោះ។ ពេលនេះកូនតូចរបស់លោកកំពុងទទួលបានការមើលថែពីជីដូន ដែលត្រូវម្តាយរបស់ភរិយាលោក នៅឯស្រុកកំណើត។
 
សម្ពាធផ្លូវចិត្តនិងសេដ្ឋកិច្ច
 
ក្រោយពីបាត់បង់ភរិយាដែលបានបំពេញតួនាទីជាបង្គោលគ្រួសារដ៏សំខាន់ម្នាក់ សព្វថ្ងៃនេះ លោក ចាន់ដារ៉ូ កំពុងរងសម្ពាធយ៉ាងខ្លាំងទាំងខាងសុខភាពផ្លូវចិត្ត និងស្ថានភាពសេដ្ឋកិច្ចផ្គត់ផ្តង់គ្រួសារ។
 
លោកបានរៀបរាប់ថា៖ «ចូលដល់ផ្ទះភ្លាមកូនខ្ញុំគាត់ថា ប៉ា!ប៉ា! យាយណា ប៉ា? គាត់ងាកឃើញគ្រែយាយ។ ដល់ពេលរត់ចូលដល់ក្នុងបន្ទប់ វាសួរទៀត ប៉ា! ម៉ាក់ណាប៉ា? ដល់ពេលចឹង យើងជាឳពុកគេពេលដែលកូនសួរមក ចាប់ផ្តើមអ៊ួរដើមក នឹកឃើញភ្លាម អាណិតសព្វគ្រប់ គាត់ចេះតែសួរ ចេះតែប្រាប់ថា ម៉ាក់ទៅផ្ទះយាយៗហើយ។ វាថា ឱ្យតេ ឱ្យតេទៅម៉ាក់វា។ បងឃើញស្រាប់ហើយ មកដល់ឃើញទេ មានអីមានតែ ២នាក់ឳកូន គ្រាន់តែទូរស័ព្ទមិនហ៊ានកាន់ទេ ពីព្រោះអីបើកទូរស័ព្ទមក ឃើញរូបប្រពន្ធ ឃើញម្តាយ អួលដើមក ថាវាលឿនពេកសម្រាប់យើង»។
 
ផ្ទះដែលសង់ពីថ្មផ្ទាល់ដីប្រក់សង្ក័សី ទំហំ ៥ម៉ែត្រគុណ និង១៥ម៉ែត្ររបស់លោក ដារ៉ូ ដែលធ្លាប់មានមនុស្សចេញចូលទិញឥវ៉ាន់និងសេវាកម្មផ្សេងៗ បានផ្លាស់ប្តូរទៅជាភាពស្ងាត់ជ្រងំ។ លោក ដារ៉ូ និងភរិយាដែលបានទទួលមរណភាពទៅហើយនោះ ជាមនុស្សឧស្សាហ៍ និងមមាញឹកដោយប្រឹងប្រកបរបររកស៊ីច្រើនមុខ ដូចជាបោកអ៊ុតខោអាវ លក់គ្រឿងសម្អាង គ្រឿងទេស ផ្តល់សេវាព្រីននិងស្កេនឯកសារ ថតរូប និងលក់ស៊ុបគោនៅពីមុខផ្ទះនាពេលរសៀល។
 
មុខរបរជាច្រើនមុខទាំងនេះអាចផ្តល់ប្រាក់ចំណេញក្នុងមួយថ្ងៃជាមធ្យម ២០ម៉ឺនរៀល គឺស្នើ ៥០ដុល្លារអាមេរិក ដល់ប្តីប្រពន្ធមួយគូរនេះ។ ក៏ប៉ុន្តែមរណភាពភរិយារបស់លោក ដោយសារតែជំងឺកូវីដ១៩ ដ៏ប្រល័យ កំពុងបណ្តាលឲ្យស្ថានភាពសេដ្ឋកិច្ចរបស់លោកទ្រុឌទ្រោមយ៉ាងខ្លាំង។
 
លោក ឡេង ចាន់ដារ៉ូ  បានរៀបរាប់ថា៖ «យើងរកស៊ីជួយគ្នាបូកគ្នាតិចៗបានចំណូលច្រើន។ មកខ្ញុំម្នាក់ឯង ខ្ញុំរ៉ាប់អត់អស់ទេ។ តែឥឡូវដល់ពេលបាត់បង់គាត់ទៅ វាដូចតែលតោល ហេហា ចង់ទៅធ្វើអ្វីក៏ពិបាក។ យើងគ្រាន់តែចង់តែទៅទិញតែម្ហូបស៊ី ក៏ត្រូវតែអូសកូន ដឹកកូនទៅជាមួយដែរ។ ហើយទ្វារក៏ត្រូវបិទ។ សេដ្ឋកិច្ចដែលយើងត្រូវការរកបានមួយថ្ងៃរកបាន ១០ម៉ឺន ២០ម៉ឺន ក៏វាត្រូវចុះសល់តែ ៤ទៅ ៥ម៉ឺន។ និយាយរួម ឲ្យតែយើងត្រូវការទៅណា ត្រូវតែបិទទ្វារ ហើយពីមុនយើងមានគ្នា ខ្ញុំទៅណា គាត់ជួយយើងបានសព្វគ្រប់ចឹងណា»។
 
កាលពីពីរឆ្នាំមុន លោកនិងភរិយាបានទិញផ្ទះមួយខ្នង ក្នុងតម្លៃ ៦ម៉ឺនដុល្លារអាមេរិក ដែលមានទំហំទទឹង ១០ម៉ែត្របណ្តោយ ១៥ម៉ែត្រ នៅក្បែរផ្ទះដែលលោកកំពុងរស់នៅ ដើម្បីកែច្នៃទៅជាបន្ទប់ជួលរកប្រាក់ចំណូលបន្ថែមទៀត ដោយក្នុងមួយបន្ទប់ជួលបានចន្លោះពី ២០ដុល្លារទៅ ៤០ដុល្លារអាមរិកក្នុងមួយខែ។ ផ្ទះដែលទិញថ្មីនោះមាន ២១បន្ទប់។
 
ដើម្បីទិញផ្ទះនោះបាននិងពង្រីកអាជីវកម្ម លោក ចាន់ដារ៉ូ និងភរិយា បានខ្ចីប្រាក់ពីធនាគារចំនួន ៥ម៉ឺនដុល្លារអាមេរិកដោយទឹកប្រាក់ ២ម៉ឺនដុល្លារអាមរិក ទុកធ្វើទុនរកស៊ី និងប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិកទៅបង់ថ្លៃទិញផ្ទះពាក់កណ្តាល។ លោក ដារ៉ូ បានថ្លែងថា លោកត្រូវបង់ថ្លៃផ្ទះនៅសល់ពាក់កណ្តាលទៀតទៅឲ្យម្ចាស់ផ្ទះក្នុងពេលឆាប់ៗនេះ។
 
តាមការគិតគូរនិងគ្រោងទុកជាមួយប្រពន្ធរបស់លោក ប្រាក់ចំណូលបានមកពីការប្រកបរបររកស៊ីជាច្រើនមុខ ទោះបីជាមុខរបរនោះតូចតាចក្តី និងបានមកពីការជួលបន្ទប់ខ្លះនោះ អាចឲ្យលោកនិងគ្រួសារបង់ទៅធនាគារក្នុងមួយខែជិត ១ពាន់ដុល្លារអាមេរិកបាន ហើយនៅសល់លុយខ្លះទៀតសន្សំទុកឲ្យទៅម្ចាស់ផ្ទះ ដែលលោកនៅជំពាក់គេ។ ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុង ដោយសារតែវត្តមានជំងឺកូវីដ១៩ ដ៏ប្រល័យ។
 
លោក ដារ៉ូ បានថ្លែងថា៖ «គម្រោងការដែលយើងគិតនោះ ត្រូវអស់ហើយ អ្វីដែលយើងរំពឹងទុករាប់ឆ្នាំចេញមកហើយ។ យើងរៀបនោះ វាត្រូវហើយ។ តែវាក្រឡាប់ចាក់មួយភ្លែតហ្នឹង។ អាលុយដែលយើងត្រៀមសម្រាប់យកឲ្យគេយើង ត្រូវការដកចំណាយសព្វគ្រប់។ ចង់លក់ដីហ្នឹង លក់ផ្ទះហ្នឹងវាមិនបានថ្លៃទេ។ យើងលក់ប្រញាប់ វាបានថោកថោក ហើយសងគេអត់រួចទៀត។ យើងអស់ទាំងប្រពន្ធ ហើយអាទ្រព្យសម្បត្តិដែលយើងខំប្រឹងជាមួយប្រពន្ធតាំងពីគាត់នៅរស់ដល់គាត់ស្លាប់ បែរជាអស់ទាំងអស់។ ចឹងមានអារម្មណ៍ថា តែលតោល ហេហា។ គិតហើយអស់ហើយរៀបចំគម្រោងអស់ហើយ បែរជារោគនោះចូលមកភ្លាម វាធ្វើឲ្យយើងស្ទើរតែឆ្កួតខ្លួនឯង»។


 លោក ឡេង ចាន់ដារ៉ូ នៅក្នុងគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន វីអូអេ)

បច្ចុប្បន្ននេះលោក ដារ៉ូ អស់សង្ឃឹមនិងភាពជឿទុកចិត្តលើខ្លួនឯង ហើយតាំងពីភរិយារបស់លោកបានស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ លោកក៏នៅមិនទាន់ដឹងថា នឹងត្រូវធ្វើអ្វីបន្តទៀតដែរ។
 
«គិតនេះមិនមែនគិតថាគិតឱ្យវាធូរទេណា។ គិតនេះ វានៅតឹងទ្រូង ណែនទ្រូង គិតថា អញនឹងបាត់បង់អស់ហើយ ប្រពន្ធអញក៏បាត់បង់ ឥឡូវទ្រព្យសម្បត្តិដែលអញខំប្រឹងពីរនាក់ប្តីប្រពន្ធក៏បាត់បង់។ តើអញត្រូវរំពឹងឯណា? ទៅនៅជាមួយម្តាយក្មេក ឬក៏ទៅជួលផ្ទះគេនៅ ឬក៏ធ្វើយ៉ាងម៉េច? យើងត្រូវតែផ្លាស់ប្តូរទីលំនៅទៅកន្លែងឆ្ងាយណាមួយហើយ បើគាត់នៅ គាត់ជួយយើងបាន»។
 
នៅក្នុងគ្រួសារលោកអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានតែរូបលោកម្នាក់គត់។ ប្រពន្ធនិងកូនស្រីមិនបានចាក់វ៉ាក់សាំងទេ ដោយសារប្រពន្ធរបស់គាត់មានផ្ទៃពោះ ហើយកូនរបស់គាត់ទើបតែមានអាយុ ៤ឆ្នាំ។ លោក ឡេង ចាន់ដារ៉ូ បានបង្ហាញការសោកស្តាយចំពោះការធ្វេសប្រហែសរបស់ប្រពន្ធគាត់ ដែលបណ្តាលឲ្យឆ្លងជំងឺកូវីដ១៩ យ៉ាងដូច្នេះថា៖
 
លោក ឡេង ចាន់ដារ៉ូ បានបញ្ជាក់ថា៖ «ប្រហែសច្រើន គាត់ពេលណាខ្លះ គេមកហ្វូតូកូពីចឹង គាត់មិនសូវពាក់ម៉ាស់ចឹង។ គឺថាយើងបានប្រាប់គាត់ហើយ តែគាត់ច្រើនតែធ្វេសប្រហែសចឹងណា។ គាត់ច្រើនតែគិតថា ផ្ទះខ្លួនឯង មិនអីទេ។ គាត់នៅជុំគ្រួសារចឹង គាត់ដោះម៉ាស់ដើរធម្មតា។ ចឹងពេលដែលគេមកធ្វើអ្វី គាត់ដើរមកយកចឹងទៅហើយកូពីឲ្យគេទៅ ហ៊ុចឲ្យគេចឹងទៅ គាត់ប្រហែសអារឿងចឹងៗណា។ ខ្ញុំផ្តែផ្តាំបងប្អូនទាំងអស់គ្នា ធ្វើយ៉ាងម៉េចការពារខ្លួន កុំឲ្យអារោគចូលមក គឺថាវាមិនស្រួលទេ។ វាពិបាកខ្លួន ហើយវាខាតបង់ពេលវេលាសម្រាប់រកស៊ីទៀត ហើយបាត់បង់មនុស្សជាទីស្រលាញ់ទៀត»។
 
លោក ឡេង ចាន់ដារ៉ូ ពកូនស្រីអាយុ ៤ ឆ្នាំ នៅមុខគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)
សោកនាដកម្មនៃការព្រាត់គ្នាដែលបានកើតឡើងលើគ្រួសាររបស់លោកឡេង ចាន់ដារ៉ូ ដោយសារតែជំងឺកូវីដ១៩ បានប្រល័យយកជីវិតរបស់ភរិយាលោក និងផលប៉ះពាល់លើសុខភាពផ្លូវចិត្តនិងសេដ្ឋកិច្ចកំពុងតែកើតមានឡើងជាបន្តបន្ទាប់លើគ្រួសារជាច្រើននៅក្នុងប្រទេសកម្ពុជា។ វត្តមាននៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ដ៏ធំបំផុតដែលមិនធ្លាប់មានពីមុន គឺចាប់ផ្ដើមពីថ្ងៃទី២០ ខែកុម្ភៈ ២០២១នេះមក បាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជាប់បំណុលជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
 
 
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសថា ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានរៀបចំឥណទានឡើងវិញចំនួនជាង ៣៦ ម៉ឺនគណនី ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១។
 
កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវនិងលើកទឹកចិត្តផងដែរ ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ «សូមពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន និងលើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរីនិងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់» រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២៕
 
អត្ថបទ៖ ធីតា វីន

អានអត្ថបទផ្ទាល់នៅលើ VOA

© រក្សាសិទ្ធិដោយ thmeythmey.com