ជាតិ
សង្គមជាតិ
JICA បន្តជួយលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់​កូវីដ-១៩ ​​នៅ​​សៀម​រា​ប ​
12, Oct 2021 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​​ភ្នំពេញ៖ អង្គការ JICA ​នឹងបន្តជួយលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប។  តាមរយៈគម្រោងនេះ JICA នឹងផ្តល់​សម្ភារចាំបាច់មួយចំនួនដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីធានាគុណភាពទឹក​ ​និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត​ ព្រមទាំងអនុវត្តសកម្មភាព​លើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃដើម្បីការពារជំងឺកូវីដ-១៩ ​ដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប​។

 
រដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា(JICA) បានចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាការស្តីពីការអនុវត្តគម្រោង «លើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩» ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន។ កំណត់ត្រានេះត្រូវបានចុះហត្ថលេខាដោយ លោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និងលោកស្រី កាមេយ ការូកុ ប្រធានតំណាងការិយាល័យចៃកាប្រទេសកម្ពុជា។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ SRWSA និងJICA ការអនុវត្តគម្រោងនេះគឺក្នុងបំណងលើកកម្ពស់វិធានការបង្ការជំងឺកូវីដ-១៩ តាមរយៈការពង្រីសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងចីរភាព និងលើកម្ពស់នូវការអនុវត្តការលាងសម្អាតដៃ ឱ្យកាន់ប្រប្រសើរឡើង។  
 
គម្រោងនេះ នឹងផ្តល់សម្ភារចាំបាច់មួយចំនួនដូចជាឧស្ម័នក្លរ និងកំបោរ ដើម្បីធានាគុនភាពទឹកឱ្យស្របតាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ចៃកា ក៏នឹងផ្តល់នាឡិកាទឹក បំពង់ទឹក ​សម្ភារតំណ​ និងឧបករណ៍ផ្សេងៗដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីពង្រីកសេវាទឹកស្អាតដល់តំបន់ដែលមិនទាន់មានការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្រុងសៀមរាប។ លើសពីនេះ គម្រោងនេះក៏នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ស្តីពីសារសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃដើម្បីការពារជំងឺកូវីដ-១៩ ផងដែរ​។
 
បើតាមអង្គការ JICA គម្រោងនេះជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ ហើយចៃការំពឹងថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ក្របដណ្តប់គម្រោង និងតំបន់ដែលស្ថិតក្នុងការផ្គត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ៩,៣ម៉ឺននាក់ និងទទួលបានប្រយោជន៍។  សម្រាប់អង្គការ JICA ការគាំទ្រនេះក៏នឹងរួមចំណែកដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងគ្រាដែលរដ្ឋាករទឹកស្វយ័តសៀមរាប កំពុងជួបការលំបាកច្រើនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
គួរកត់សម្គាល់ថា នៅក្នុងវិស័យទឹកស្អាត និងអនាម័យ JICA គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយ ហើយបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់។ នៅក្នុងខេត្តសៀមរាប JICA បានផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន ៨ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងដំឡើងបំពង់ប្រវែង ៣៦គីឡូម៉ែត្រ ក្នុងឆ្នាំ២០០៦។ 
 
បច្ចុប្បន្ន JICA កំពុងផ្តល់ហិរញ្ញប្បទានដល់ SRWSA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន ៦០ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងដំឡើងបំពង់មេ និងបំពង់ចែកចាយទឹកស្អាតប្រវែងប្រមាណ២៧០គីឡូម៉ែត្រ។ ​ការផ្តល់ហិរញ្ញប្បទានដំណាក់ទី២ មានទំហំទឹកប្រាក់ ៥៨,២១លានដុល្លារ​ ​ ហើយដែលត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី១១តុលា​ រវាងរដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំប្រ​ទេស​កម្ពុជា​៕
 
 

Tag:
 JICA
  ទឹកស្អាតិ
 អនាម័យ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com