អន្តរជាតិ
ការលាតត្រដាងឯកសារ បង្ហាញពីទ្រព្យសម្បត្តិលាក់កំបាំងរបស់មេដឹកនាំពិភពលោក
12, Oct 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ប្រាក់ដុល្លារអាមេរិក កំពុងត្រូវបានរាប់ដោយធនាគារិកម្នាក់នៅធនាគារមួយកន្លែងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៩។
រូបឯកសារ៖ ប្រាក់ដុល្លារអាមេរិក កំពុងត្រូវបានរាប់ដោយធនាគារិកម្នាក់នៅធនាគារមួយកន្លែងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៩។
ដោយ: VOA
មេដឹកនាំនៅទូទាំងពិភពលោកទាំងបច្ចុប្បន្ននិងអតីតកាល មានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់និងលាក់បាំងអចលនទ្រព្យនៅជុំវិញពិភពលោក។ នេះបើតាមរបាយការណ៍របស់អ្នកសារព័ត៌មានស៊ើបអង្កេតរាប់រយនាក់កាលពីថ្ងៃអាទិត្យបន្ទាប់ចងក្រងឯកសារសម្ងាត់រាប់លានពីមុន។

 
ឯកសារឈ្មោះ Pandora Papers បានលាតត្រដាងទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់មេដឹកនាំបច្ចុប្បន្ននិងអតីតចំនួន៣៥នាក់របស់ប្រទេសនានា រួមមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair នាយករដ្ឋមន្ត្រីឆែកលោក Andrej Babis និងស្តេច Abdullah របស់ប្រទេសហ្ស៊កដានី។
 
ការស៊ើបអង្កេតលើឯកសារជិត១២លានពីប្រភពចំនួន១៤នេះ ដឹកនាំដោយសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ ឈ្មោះ International Consortium of Investigative Journalists ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដោយមានអ្នកសារព័ត៌មានចំនួន ៦៥០ នាក់មកពីជុំវិញពិភពលោក។ កាសែត The Washington Post ដែលជាបណ្តាញព័ត៌មានដែលជួយដឹកនាំការស៊ើបអង្កេតនេះបាននិយាយថា ឯកសារទាំងនោះ រួមមានអ៊ីមែលឯកជនបញ្ជីសៀវភៅសម្ងាត់ កិច្ចសន្យាសម្ងាត់ និងកំណត់ត្រាផ្សេងទៀតដែលបង្ហាញពីគម្រោងហិរញ្ញវត្ថុ និងអ្នកនៅពីក្រោយ។
 
ឯកសារបានបង្ហាញថា មេដឹកនាំប្រទេសនានានៅទ្វីបទាំង៥ ជាញឹកញាប់បានលាក់ទ្រព្យសម្បត្តិនៅក្នុងប្រទេសដទៃ ដោយការស៊ើបអង្កេតបានលាតត្រដាងតួលេខម្ចាស់គណនីនៅក្រៅប្រទេសច្រើនជាងទ្វេដងនៃតួលេខរបស់ឯកសារ Panama Papers ដែលអ្នកកាសែតស៊ើបអង្កេតអំពីទ្រព្យសម្បត្តិ ហិរញ្ញវត្ថុលាក់កំបាំងនៅក្រៅប្រទេសនៅទូទាំងពិភពលោកពិនិត្យកាលពី ៥ ឆ្នាំមុន។
 
ឯកសារថ្មីនេះ បានពីគណនីនៅក្រៅប្រទេសចំនួន២៩.០០០នៅឯក្រុមហ៊ុនហិរញ្ញវត្ថុចំនួន ១៤ ដែលប្រតិបត្តិការនៅក្នុងប្រទេសនានារួមមានប្រទេសស្វ៊ីស សិង្ហបុរី ស៊ីប បេលី British Virgin Islands របស់អង់គ្លេស និងកន្លែងផ្សេងទៀត។ កាសែត The Washington Post បាននិយាយថា ក្នុងចំណោមម្ចាស់គណនីនេះ មានមនុស្សជាង១៣០ នាក់ដែលទស្សនាវដ្តី Forbes បានចុះបញ្ជីជាមហាសេដ្ឋី និងជាមន្ត្រីសាធារណៈជាង៣៣០នាក់ នៅក្នុងប្រទេស និងដែនដីជាង៩០។
 
កំណត់ត្រានេះបានបង្ហាញថា មេដឹកនាំហ្ស៊កដានីបានចំណាយប្រាក់ ១០៦ លានដុល្លារទិញផ្ទះប្រណីតនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកនៅទីក្រុង Malibu នៅរដ្ឋ California រដ្ឋវ៉ាស៊ីនតោននិងកន្លែងផ្សេងទៀត។ មេដឹកនាំកេនយ៉ា និងសាធារណរដ្ឋឆែកលាក់ទ្រព្យសម្បត្តិ និងប្រាក់រាប់លានដុល្លារ។
 
កំណត់ត្រាឱ្យដឹងថា មេដឹកនាំប្រទេសឆែកលោក Babis ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតនៅចុងសប្តាហ៍នេះបាន ប្រើក្រុមហ៊ុនវិនិយោគចំនួនពីរនៅក្រៅប្រទេសដើម្បីទិញវីឡាពីរនៅភាគខាងត្បូងប្រទេសបារាំងតម្លៃជាង ១៦ លានដុល្លារ។
 
កំណត់ត្រាបានបង្ហាញថា ផ្ទះដ៏ប្រណីតនៅមាត់ទឹកមួយនៅប្រទេសម៉ូណាកូ គឺជាលំនៅដ្ឋានរបស់ស្ត្រីជនជាតិរុស្ស៊ីម្នាក់ដែលត្រូវបានគេរាយការណ៍ថា មានកូនមួយជាមួយលោកពូទីន។ កាសែត The Washington Post បាននិយាយថា អ្នកតំណាងស្តេច Abdullah បានបដិសេធព្រះអង្គមិនបានចំណាយមូលនិធិសាធារណៈមិនត្រឹមត្រូវទេ រីឯមេដឹកនាំកេនយ៉ា ឆែក និង រុស្ស៊ី មិនធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នេះទេ ហើយស្ត្រីរុស្ស៊ីរូបនោះក៏ដូចគ្នាដែរ។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានាធិបតីអាមេរិក បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើអ្នកមានអំណាចនៅប្រទេសរុស្ស៊ីចំពោះអ្វីដែលក្រសួងហិញ្ញវត្ថុអាមេរិកហៅថា សកម្មភាពអាក្រក់។ ឯកសារ The Pandora Papers បានបង្ហាញថា អ្នកដែលត្រូវស៊ើបអង្កេតទាំងនោះជារឿយៗ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគេចពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មដោយប្តូរម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ឯកសារបានបង្ហាញថា ទណ្ឌកម្មនេះ បណ្តាលឱ្យខាតបង់ផ្នែកហិរញ្ញវត្ថុរួមទាំងហិរញ្ញវត្ថុសម្រាប់មន្រ្តីវិមានក្រឹមឡាំងផងដែរ។
 
យោងតាម BBC នៅអង់គ្លេស ឯកសារបាននិយាយថា លោក Blair និងភរិយារបស់លោកអ្នកស្រី Cherie បានសន្សំប្រាក់ពន្ធលើទ្រព្យសម្បត្តិចំនួន ៤២១.០០០ដុល្លារនៅពេលពួកគេទិញការិយាល័យនៅទីក្រុងឡុងដ៍ ពីក្រុមហ៊ុនក្រៅប្រទេសដែលជាម្ចាស់អគារនោះ។ BBC បាននិយាយថា ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev ក្រុមគ្រួសារ និងសហការីជិតស្និទ្ធរបស់លោក បានទិញទ្រព្យសម្បត្តិដោយសម្ងាត់តម្លៃជាង ៥៤០ លានដុល្លារនៅក្នុងប្រទេសអង់គ្លេស។
 
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជម្រកពន្ធអន្តរជាតិជាជាទីពេញចិត្តរបស់អ្នកមានដែលចង់លាក់បាំងទ្រព្យសម្បត្តិ។ ប៉ុន្តែកាសែត The Washington Post បាននិយាយថា ឯកសារ Pandora Papers បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្រ្តីនយោបាយនិងសាជីវកម្មបរទេស បានផ្លាស់ប្តូរកន្លែងលាក់ខ្លះទៅក្រុមហ៊ុនអាមេរិកដែលគេជឿទុកចិត្តដែលកាន់តែសម្ងាត់រួមទាំងនៅក្រុមហ៊ុនរដ្ឋ South Dakota៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com