ជាតិ
លោក វេង សាខុន ស្នើឱ្យADB បន្តជួយគាំទ្រ និងដោះស្រាយបញ្ហាវិស័យកសិកម្មនៅកម្ពុជា
12, Oct 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បន្តជួយគាំទ្រ និងដោះស្រាយបញ្ហាវិស័យកសិកម្មនៅកម្ពុជា។ លោក វេង សាខុន លើកសំណើនេះ នៅក្នុងជំនួបលោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្ម ការងារបីឆ្នាំនៅកម្ពុជា នាថ្ងៃទី១២ តុលានេះ។

 
លោក វេង សាខុន បានប្រាប់លោកស្រី Sunniya Durrani-Jamal ថា ក្រសួងកសិកម្ម កំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច ពីវិស័យកសិកម្ម។ ទន្ទឹមនឹងការពង្រឹងសមត្ថភាពនាំចេញនេះ រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យADB បន្តគាំទ្រ និងជួយដោះស្រាយបញ្ហានានា នៅក្នុងវិស័យកសិកម្មថែមទៀត។
 
លោក វេង សាខុន បានសរសេរលើហ្វេសប៊ុកខ្លួន យ៉ាងដូច្នេះថា៖«ស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម»។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ។ ជាក់ស្តែងនៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ផលិតកម្មកសិកម្ម ក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានជួយសម្រាលផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកាចសាហាវនេះ។ លោក វេង សាខុន បានអះអាងបែបនេះ។
 
លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា​ ដែលបញ្ចប់បេសកម្មការងារនេះ ក៏មើលខើញពីផលវិជ្ជមាននៃវិស័យកសិកម្មនៅកម្ពុជាដែរ។ «វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ»។ នេះបើតាមនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
 
៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មសរុបចំនួន ៥ ៩៣២ ៩២៣,៤៣តោន ទៅកាន់ប្រទេសចំនួន ៦៨។ កសិផលសរុប ដែលកម្ពុជានាំចេញនេះ កើនឡើង ៨៨,៤៨ភាគរយ ពោលគឺកើនឡើង ២ ៧៨៥ ២៣១,៥៧តោន បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ នេះបើតាមលទ្ធផល ការនាំចេញកសិផលទៅក្រៅប្រទេស របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ៕
 

Tag:
 វេង សាខុន
  កសិកម្
© រក្សាសិទ្ធិដោយ thmeythmey.com