អន្តរជាតិ
ប្រធានាធិបតី​អាមេរិក​ និង​កេនយ៉ា​ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​សេតវិមាន
14, Oct 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។ (Reuters)
រូបឯកសារ៖ ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។ (Reuters)
ដោយ: VOA
វ៉ាស៊ីនតោន — ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​ទទួល​រៀប​ចំ​កិច្ចប្រជុំ​មួយក្នុង​រដ្ឋធានា​វ៉ាស៊ីន តោននៅ​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta ខណៈ ពេល​ដែល​សេតវិមាន​កំពុង​ត្រៀមដាក់​ទណ្ឌកម្ម​ប្រឆាំង​ភាគីជម្លោះនៅក្នុង​តំបន់​ភាគខាង​ជើង​ប្រទេស​អេត្យូពី​ដែល​នៅ​ក្បែរខាង​ប្រទេស​កេនយ៉ា​នោះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
ជំនួប​នៅឯ​សេតវិមាន​នេះ​គឺ​ជា​លើក​ទី១​របស់​លោក​ Biden ក្នុង​នាម​ជាប្រធានាធិបតី​អាមេរិកជាមួយ​មេដឹកនាំ​មួយ​រូប​មក​ពី​ទ្វីប​អាហ្វ្រិក។
 
អ្នក​នាំពាក្យ​សេតវិមាន​លោកស្រី​ Jen Psaki បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា មេដឹកនាំ​ទាំង​ពីរ​ នឹង​ពិភាក្សាគ្នា​ពី​កិច្ច​ប្រឹងប្រែង​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធមនុស្ស​ ធ្វើឲ្យ​ជឿនលឿន​ដល់​សន្តិភាព​និង​សន្តិសុខ បង្កើន​ការរីកលូតលាស់​សេដ្ឋកិច្ច​និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។
 
ប្រទេស​កេនយ៉ា​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ខែនេះ។ សហរដ្ឋ​អាមេរិក​និង​កេនយ៉ា បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​យូរ​មក​ហើយ​លើ​វិស័យ​សេដ្ឋកិច្ច​និង​សន្តិសុខ​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ផង​ដែរ។
 
រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden កំពុង​ពិចារណា​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ចំពោះ​វិបត្តិ​ដែល​កំពុង​កាន់តែ​អាក្រក់​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី ជា​ទីកន្លែង​ដែល​មនុស្ស​រាប់​ពាន់​នាក់ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​រាប់​លាន​នាក់​ទៀត​ កំពុង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ជា​ខ្លាំងនោះ។
 
កាល​ពី​ខែ​មុន លោក​ប្រធានាធិបតី Biden បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិមួយ​ដើម្បី​ត្រួសត្រាយផ្លូវឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​អេត្យូពី​និងក្រុម​រណសិរ្ស TPLF ប្រសិន​បើ​ពួក​គេ​មាន​តួនាទី​នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ក្នុង​ការធ្វើ​ឲ្យ​ជម្លោះ​អូស​បន្លាយ​កាន់តែ​យូរ រារាំង​មិន​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​មនុស្ស​ធម៌​ឬក៏រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស​នោះ៕

Tag:
 អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com