អន្តរជាតិ
ចិនសន្យាផ្តល់ថវិកាចំនួន២៣៣លានដុល្លារសម្រាប់ការពារជីវៈចម្រុះសាកល
16, Oct 2021 , 9:29 am        
រូបភាព
ប្រធានាធិបតី​ចិន​លោកXi Jinping ថ្លែង​នៅ​​ខួបទី១១០​នៃ​បដិវត្តន៍ Xinhai នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)
ប្រធានាធិបតី​ចិន​លោកXi Jinping ថ្លែង​នៅ​​ខួបទី១១០​នៃ​បដិវត្តន៍ Xinhai នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)
ដោយ: VOA
ប៉េកាំង — ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ បើទោះបីជាមានការខ្វែងគំនិតគ្នាក្នុងចំណោមម្ចាស់ជំនួយសំខាន់ៗស្តីពីកិច្ចផ្តួចផ្តើមនេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
ចិនដែលជាប្រទេសបញ្ចេញឧស្ម័នកខ្វក់ធំជាងគេបំផុតនៅក្នុងពិភពលោក បានស្វះស្វែងដើរតួនាទីដ៏សំខាន់មួយនៅលើឆាកអន្តរជាតិស្តីពីការអភិរក្សជីវៈចម្រុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។
 
ការសន្យាបស់ចិន កើតមានឡើង នៅពេលដែលប្រតិភូមកពីប្រទេសប្រមាណ១៩៥បានជួបប្រជុំគ្នានៅក្នុងទីក្រុង Kunming ភាគខាងត្បូងប្រទេសចិនដែលជាកិច្ចប្រជុំកំពូលមាន២ផ្នែកលើកដំបូងស្តីពីការការពារព្រៃឈើ សត្វនិងប្រព័ន្ធបរិស្ថាន។
 
សន្និសីទកំពូលនេះ មានបំណងបង្កើតនូវកិច្ចព្រមព្រៀងថ្មីមួយដើម្បីដាក់ចេញនូវទិសដៅសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០និងឆ្នាំ២០៥០។
 
ប្រធានាធិបតីចិនលោកXi Jinping បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញនៅក្នុងកិច្ចប្រជុំកំពូល COP15 នោះថា «ចិននឹងដឹកនាំនៅក្នុងការបង្កើតថវិកាសម្រាប់ការពារជីវៈចម្រុះក្នុងកិច្ចប្រជុំទីក្រុង Kunming ដោយមានការរួមវិភាគទានជាទឹកប្រាក់ចំនួន២៣៣លានដុល្លារ ដើម្បីគាំទ្រនូវបុព្វហេតុអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមផ្តល់វិភាគទានថវិកា»។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការបាត់បង់នូវជីវៈ ចម្រុះ៕
 
អានព័ត៌មានផ្ទាល់លើ VOA (https://khmer.voanews.com/a/china-pledges-233-million-to-global-biodiversity-fund/6267712.html)
 

© រក្សាសិទ្ធិដោយ thmeythmey.com