ជាតិ
សេដ្ឋកិច្ច
FAO៖ គ្រួសារក្រីក្រនៅកម្ពុជា បន្តរងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ព្រោះតែវិបត្តិកូវីដ-១៩
16, Oct 2021 , 5:19 pm        
រូបភាព
ទិដ្ឋភាពផ្ទះប្រជាជនកម្ពុជានៅតាមជនបទ។ រូបថត AFP
ទិដ្ឋភាពផ្ទះប្រជាជនកម្ពុជានៅតាមជនបទ។ រូបថត AFP
ភ្នំពេញ៖ បណ្តាគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា នៅតែបន្តរងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែវិបត្តិកូវីដ-១៩។ នេះជាការលើកឡើងរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយបានបញ្ជាក់ថា ការប្រឈមវិបត្តិសេដ្ឋកិច្ចរបស់គ្រួសារក្រីក្រទាំងនោះ គឺមកពីពួកគេពឹងផ្អែកលើចំណូលដែលបានពីការធ្វើស្រែចម្ការ ការស៊ីឈ្នួលលក់កម្លាំងពលកម្ម និងសកម្មភាពមិនមែនកសិកម្ម ជាដើម។


វិបត្តិកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់បណ្តាគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) បានលើកឡើងដូច្នេះ នៅក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៤១ ប្រចាំឆ្នាំ២០២១។ 
 
មូលហេតុដែលគ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនេះ គឺដោយសារតែក្រុមមនុស្សទាំងនេះ បានពឹងផ្អែកតែទៅលើប្រភពចំណូលបានពីការធ្វើស្រែចម្ការ ការស៊ីឈ្នួលលក់កម្លាំងពលកម្ម និងសកម្មភាពមិនមែនកសិកម្ម ជាដើម។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO បានបញ្ជាក់ថា «តាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ច ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយបរិមាណនិងគុណភាពអាហារ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ»។ 
 
បើតាមអង្គការFAOផលប៉ះពាល់សង្គមសេដ្ឋកិច្ចនេះ គឺជាភាពរាំងស្ទះដល់ការសម្រេចឱ្យបាននូវការអភិវឌ្ឍដោយចីរភាពត្រឹមឆ្នាំ២០៣០នៅកម្ពុជា។
 
ថ្ងៃទី១៦តុលានេះ ក្រសួងកសិកម្ម រួមជាមួយអង្គFAO បានរៀបចំទិវាស្បៀងអាហារពិភពលោកប្រចាំឆ្នាំនៅក្នុងខេត្តព្រៃវែង ក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។
 
លោក Antonio Schiavone តំណាងស្ដីទីអង្គការFAOប្រចាំកម្ពុជាលើកឡើងថា៖« ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ឱ្យបង្កើនការយកចិត្តទុកដាក់ ទៅលើការជ្រើសអាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារ ដែលធ្វើឱ្យយើងគ្រប់គ្នា ក្លាយជាផ្នែកសំខាន់មួយ នៃប្រព័ន្ធនេះ»។ 
 
សូមរម្លឹកថា កាលឆ្នាំ២០២០កម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ«រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពផែនដី»៕ 

Tag:
 កសិកម្ម
  FAO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com