ជាតិ
មរណភាពលោក ទន់ សុវណ្ណ តំណាងសហគមន៍ខ្មែរ-អាម៉េរិកដ៏ឆ្នើម នាំមកនូវការចងចាំអំពីកេរដំណែលសំខាន់ៗ
17, Oct 2021 , 8:19 pm        
រូបភាព
 លោក ទន់ សុវណ្ណ ប្រធានពុទ្ធិកសមាគមខ្មែរវត្តពុទ្ធិការាម រដ្ឋម៉ារីឡែនដ៍ ចាប់ជាមួយសម្តេចប៉ាបកាតូលិក ហ្រ្វង់ស៊ីស នាអំឡុងកិច្ចប្រជុំក្រុមមេដឹកនាំអន្តរសាសនាបុរីវ៉ាទីកង់ ឆ្នាំ២០១៥។ រូបថត៖ វ៉ាទីកង់
លោក ទន់ សុវណ្ណ ប្រធានពុទ្ធិកសមាគមខ្មែរវត្តពុទ្ធិការាម រដ្ឋម៉ារីឡែនដ៍ ចាប់ជាមួយសម្តេចប៉ាបកាតូលិក ហ្រ្វង់ស៊ីស នាអំឡុងកិច្ចប្រជុំក្រុមមេដឹកនាំអន្តរសាសនាបុរីវ៉ាទីកង់ ឆ្នាំ២០១៥។ រូបថត៖ វ៉ាទីកង់
ដោយ: VOA
ក្រុង CHARLOTTE រដ្ឋ NORTH CAROLINA — លោកបណ្ឌិត ទន់ សុវណ្ណ គឺជា ខ្មែរ-អាម៉េរិកដែលមានចំណេះដឹងជ្រៅជ្រះមានទេពកោសល្យខ្ពស់ និង បានបន្សល់ទុកស្នាដៃនិងកេរដំណែលជាច្រើនដល់សហគមន៍ខ្មែរនៅ ប្រទេសអាមេរិកបន្ទាប់ពីលោកបានទទួលអនិជ្ជកម្ម។ ស្នាដៃទាំងនោះរួមមានការភ្ជាប់ទំនាក់ទំនងការកសាងវិស័យពុទ្ធសាសនានិងកិច្ចការជួយសហគមន៍ខ្មែរលើកិច្ចការសំខាន់ៗជាច្រើនក្នុងរយ:ពេលជាង៤០ឆ្នាំនេះ។

 
ក្រោយពីការវះកាត់ពីរលើកចាប់តាំងពីថ្ងៃទី៣ខែមិថុនាមិនទទួលបានជោគជ័យអ្នកស្រី ង៉ោ យក់បៀន ជាភរិយាបានថ្លែងថា លោក ទន់ សុវណ្ណ អាយុ៨១ឆ្នាំ បានស្លាប់ដោយសាររោគាពាធកាលពីថ្ងៃសៅរ៍ទី៩ខែតុលា ឆ្នាំ២០២១ដោយបន្សល់នូវកូន៣នាក់និងចៅ៤នាក់ ក្រៅពីអ្នកស្រីជាភរិយា។
 
អ្នកស្រីបានបន្ថែមថាវេជ្ជបណ្ឌិតបានរកឃើញលោកមានជំងឺមហារីកពោះវៀនដែលទើបរកឃើញក្រោយពីការវះកាត់លើកទី២ក្នុងរយ:ពេលប្រមាណជិត៤ខែចុងក្រោយ។


 ពីឆ្វេងទៅស្តាំ៖ អភិបាលរដ្ឋ Maryland លោក Larry Hogan លោក ទន់ សុវណ្ណ និងលោកស្រី យុមី ហូហ្កាន ភរិយារបស់លោកអភិបាលរដ្ឋលោក Hogan។ រូបថតនេះ ថតនៅឆ្នាំ ២០១៥ ។ រូបថត៖ ទន់ សុវណ្ណ

អ្នកស្រីនិងអ្នករៀបចំបុណ្យសពបានបន្ថែមថាពិធីបុណ្យសពរបស់លោក ទន់ សុវណ្ណ ប្រារព្ធធ្វើតាមព្រះពុទ្ធសាសនាដោយមានការចូលរួមពីញាតិមិត្តក្រុមគ្រួសារជាធម្មតាដោយប្រកាន់តាមវិធានការសុខាភិបាលទោះមានបញ្ហាជំងឺកូវីដ១៩ក្តីគឺប្រារព្ធធ្វើនៅថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រ ថ្ងៃសៅរ៍នេះក្នុងវត្តពុទ្ធិការាមនៃរដ្ឋ Maryland (ម៉ារីលែន)មុននឹងដង្ហែរទៅកន្លែងបូជាសព Funeral Home ។
 
ទាំងក្រុមគ្រួសារសពនិងមិត្តភក្តិព្រមទាំងព្រះសង្ឃបានចងចាំយ៉ាងច្រើនពីការជួយជ្រោមជ្រែងអស់ពីចិត្តពីថ្លើមរបស់បណ្ឌិត ទន់ សុវណ្ណក្នុងវិស័យពុទ្ធសាសនាវិស័យសង្គម និងទំនាក់ទំនងជាអន្តរជាតិជាមួយរដ្ឋការអាមេរិកាំងជនជាតិផ្សេងៗដែលជាជនអន្តោប្រវេសន៍នៅលើទឹកដីអាមេរិកនៅពេលលោកនៅមានជីវិត។
 
អ្នកស្រី ង៉ោ យក់បៀន បានបន្ថែមថាអ្វីដែលអ្នកស្រីចងចាំគឺទឹកចិត្តដែលលោកទន់ សុវណ្ណតែងគិតគូដល់សហគមន៍ខ្មែរនិង សហគមន៍ជនអន្តោប្រវេសន៍ចម្រុះផ្សេងៗទោះជានៅដង្ហើមចុងក្រោយលោកនៅតែផ្តែផ្តាំឲ្យជួយដល់សហគមន៍ជាប្រចាំ។
 
អ្នកស្រីបានបញ្ជាក់ប្រាប់វីអូអេថា៖ «គាត់ចង់ឲ្យខ្ញុំជួយវត្ត (ខ្មែរ)ជួយវត្តស្រីលង្កាដែលវត្តហ្នឹងត្រូវការបច្ច័យដើម្បីបង់ថ្លៃវត្តហើយឲ្យជួយមើលទៅស្រុកខ្មែរជួយកូនក្មេងរៀនអ៊ីចឹង» ។
 
អ្នកស្រីបានបញ្ជាក់បន្តថាទឹកចិត្តដែលលោកសុវណ្ណជួយសហគមន៍មានច្រើនរហូតដល់ជាតិសាសន៍ផ្សេងៗមានការគោរពស្រឡាញ់ដល់លោកយ៉ាងខ្លាំង តែរឿងមួយដែលក្តីប្រាថ្នារបស់លោកមិនទាន់បានធ្វើគឺទៅបម្រើកិច្ចការជូនប្រទេសកំណើតដែលអ្នកស្រីបានឃាត់មិនចង់ឲ្យទៅហើយលោកក៏សុខចិត្តនៅជួយសហគមន៍និងវិស័យពុទ្ធសាសានានៅសហរដ្ឋអាមេរិកវិញ។
 
លោក គុជ ច័ន្ទលី ខ្មែរអាមេរិកាំងនៅរដ្ឋ Maryland បានថ្លែងថាលោកបានទទួលដំណឹងពីការស្លាប់របស់លោកទន់ សុវណ្ណដែលលោកថាជាទុក្ខក្រៀមក្រំនិងជាការខាតបង់យ៉ាងខ្លាំងសម្រាប់វិស័យពុទ្ធសាសនានិងសហគមន៍ខ្មែរ។
 
លោកថ្លែងថា៖ «លោកទន់ សុវណ្ណគឺជាសកម្មជនប្រចាំសហគមន៍ខ្មែរនៅតំបន់វ៉ាស៊ីនតោនឌីស៊ីនេះយ៉ាងសកម្មណាស់ហើយលោកជាអ្នកធម៌អាថ៌លោកធ្លាប់ធ្វើជាប្រធានវត្តនៅ Maryland នេះជាច្រើនឆ្នាំដែរហើយលោកមានប្រជាប្រិយភាពខ្លាំងនៅក្នុងសហគមន៍ខ្មែរយើងទាំងរដ្ឋ Virginiaរដ្ឋ Maryland ហើយនិងតំបន់ជិតខាងឬក៏ទូទាំងស្រុកអាមេរិកទាំងមូលនេះផង»។
លោកថាលោកទន់ សុវណ្ណជាគំរូម្នាក់ផ្នែកបណ្តុះបណ្តាលវិស័យពុទ្ធសាសនានិងកិច្ចការបម្រើសហគមន៍។
  

លោក ទន់ សុវណ្ណ (កណ្តាល) ឈរជាមួយម្តាយ ប្អូនស្រីពីរនាក់ និងប្អូនថ្លៃប្រុសម្នាក់ នៅមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នៅឆ្នាំ ១៩៦២ ។ រូបថត៖ ទន់ សុវណ្ណ

លោកច័ន្ទលី បានថ្លែងថាលោកនិងលោក ទន់ សុវណ្ណ ឧស្សាហ៍ជួបគ្នាដើម្បីរកមធ្យោបាយជួយដល់សហគមន៍ខ្មែរឲ្យបានរឹងមាំនិងជួយស្តារទំនុកចិត្តក្នុងសហគមន៍។
 
លោកពន្យល់ថា៖ «ពីព្រោះការមិនទុកចិត្តគ្នានៅក្នុងសហគមន៍ខ្មែរនេះហើយដែលខ្ញុំនិងលោកទន់ សុវណ្ណបានមើលឃើញដូចគ្នាថាខ្មែរយើងខ្វះការជឿទុកចិត្តគ្នាច្រើនហើយខ្វះការជួយជ្រោមជ្រែងគ្នាក៏ដោយសារការពុំទុកចិត្តគ្នានេះផងដែរ។ លោកទន់ សុវណ្ណគាត់មានពិសោធន៍នៅក្នុងស្រុកអាមេរិកនេះច្រើនហើយលោកចូលរួមនៅក្នុងសមាគមឬក៏អង្គការអន្តរជាតិជាច្រើនដូចជាសមាគមចិនសមាគមអាមេរិកាំងអង្គការផ្សេងៗមួយចំនួនមិនត្រឹមតែសមាគមខ្មែរនិងសហគមន៍ខ្មែរនេះទេដូច្នេះលោកមានពិសោធន៍ច្រើនទូលំទូលាយណាស់ក្នុងសេចក្តីត្រូវការរបស់សហគមន៍និងបុគ្គលម្នាក់ៗផង»។
 
លោកថ្លែងថាលោក ស្គាល់លោក ទន់ សុវណ្ណ ជាង៣០ឆ្នាំហើយដោយបានឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជួយកសាងវត្តអារាម ជួយសហគមន៍ខ្មែរនិង សហគមន៍ជនជាតិផ្សេងៗទៀត។
 
លោកធ្លាប់ធ្វើជាមន្ត្រីស្ថិតិនិង មន្ត្រីកសិកម្មហើយនិងជាទីប្រឹក្សាសេដ្ឋកិច្ចលោកសេនា ប្រមុខ លន់ នល់មុនមកកាន់សហរដ្ឋអាមេរិកដើម្បីបន្តការសិក្សា។
កាលដើមទសវត្សរ៍១៩៧០ លោក ទន់សុវណ្ណគឺជានិស្សិតអាហារូបករណ៍មកសិក្សានៅសហរដ្ឋអាមេរិក ក្រោយមកនៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សយ៉ាងរង្គាលលោកក៏បានក្លាយជាជនភៀសខ្លួន។
 
ក្រោយពេលដែលលោកទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឯសកលវិទ្យាល័យTennessee ឆ្នាំ១៩៧៩លោក ទន់សុវណ្ណបានធ្វើការឲ្យរដ្ឋាភិបាលក្នុងស្រុកមួយនិងធ្វើការឲ្យគណកម្មការផ្តល់ឱកាសការងារស្មើគ្នារបស់អាមេរិក Equal Employment Opportunity Commission (EEOC) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធទទួលខុសត្រូវខាងការស៊ើបអង្កេតទៅលើការរើសអើងនៅក្នុងកន្លែងការងារ។
 
ក្នុងពេលទំនេរលោកចំណាយពេលផ្ទាល់ខ្លួនដើម្បីជួយដល់ពលរដ្ឋកម្ពុជានិងជនភៀសខ្លួនសាសន៍ ដទៃទៀតដែលមកកាន់សហរដ្ឋអាមេរិកហើយនឹងជួយលើកកម្ពស់ការយល់ដឹងអំពីសេចក្តីជំនឿរវាងគ្នានិងគ្នា។
 
ក្នុងចំណោមតួនាទីជាច្រើនរបស់លោកលោកគឺជាប្រធានពុទ្ធិកសមាគមព្រះពុទ្ធ សាសនា ឬ Cambodia Buddhist Society នៅក្នុងទីក្រុង Silver Spring រដ្ឋ Maryland ជាអនុប្រធានបណ្តាញពុទ្ធសាសនិកនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនជាសមាជិកស្ថាបនិកមួយរូប នៃសមាគមពុទ្ធសាសនិកអន្តរជាតិនៅអាមេរិកហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសន្និសីទអន្តរសាសនានៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
  

លោកបណ្ឌិត ទន់ សុវណ្ណ រួមទាំងក្រុមគ្រួសារ ក្នុងពិធីប្រោសព្រំ រំឭកគុណ និងតែងតាំងលោកជាប្រធានកិត្តិយសនៃវត្តពុទ្ធិការាម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត ទែន សុខស្រីនិត VOA

សម្តេចប៉ាបកាតូលិក Pope Francis បានអញ្ជើញលោកទន់ សុវណ្ណទៅចូលរួមក្នុងកិច្ចពិភាក្សារវាងសាសនាព្រះពុទ្ធនិងកាតូលិកនៅឯវិមានវ៉ាទីកង់ (Vatican) កាលពីខែមិថុនាឆ្នាំ២០១៥ ហើយបីខែក្រោយមកលោកត្រូវសម្តេចប៉ាបអញ្ជើញលោកម្តងទៀតឲ្យចូលរួមក្នុងកម្មវិធីព្រះអង្គក្នុងអំឡុងពេលសម្តេចប៉ាបបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកនៅក្នុងខែកញ្ញា។
 
ក្នុងនាមជាសមាជិកគណៈកម្មាធិការមួយរូបនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកអាមេរិកាំងប្រចាំនៅក្នុងរដ្ឋMarylandតាំងពីឆ្នាំ១៩៩៨មកលោកគឺជាសមាជិកមួយរូបដែលបានបង្កើតក្រុមប្រឹក្សាផ្តល់សិទ្ធិអំណាចសម្រាប់ជនអន្តោប្រវេសន៍ឬ Immigrant Empowerment Council (IEC) នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនហើយលោកក៏ជាសមាជិកនាយកនៃគណៈអភិបាលនៃអង្គការFriends of Khmer Culture ផងដែរ។
 
លោកទន់ សុវណ្ណបានជួយធានាព្រះសង្ឃខ្មែររាប់សិបអង្គមកគង់នៅវត្តសហរដ្ឋអាមេរិកជាពិសេសវត្តពុទ្ធិការាមក្នុងរដ្ឋម៉ារីលែនព្រមទាំងជួយកិច្ចការសំខាន់ៗជាច្រើនផ្សេងទៀត។
ព្រះចៅធិការវត្តពុទ្ធិការាមព្រះតេជគុណ សុវណ្ណជោតោអ៊ុក ច័ន្ទហន មានសង្ឃដីកាថាលោក ទន់ សុវណ្ណ គឺជាមនុស្សឧស្សាហ៍ជាធនធានកម្របានឃើញនិងជាអ្នកជួយជ្រោមជ្រែងសហគមន៍ខ្មែរនិងសហគមន៍ជាតិសាសន៍ជនអន្តោប្រវេសន៍ចម្រុះដ៏ពិតប្រាកដនិងក្នុងវិស័យពុទ្ធសាសនានិង ផ្នែកទំនាក់ទំនងដែលព្រះអង្គផ្ទាល់មិនអាចចងចាំអស់ពីស្នាដៃជាច្រើនរបស់លោកទន់ សុវណ្ណបាន។
 
ព្រះតេជគុណមានមានសង្ឃដីកាថា៖ «ផ្នែកវិស័យអាណាចក្រលោកបានចូលបម្រើការងារស្ម័គ្រចិត្តសម្រាប់ជួយប្រជាជនទូទៅជាពិសេសជនជាតិខ្មែរ ដើម្បីការពារផលប្រយោជន៍និងព្រះពុទ្ធសាសនា។ ក្នុងសាសនា គាត់តែងនាំសាសនាទៅផ្សាយទៅកាន់ពិភពលោកចូលក្នុងអង្គការInterfaithអង្គការនានាឲ្យតែនិយាយពីសាសនាធំៗគេផ្សព្វផ្សាយគាត់នាំសាសនាទៅចូលក្នុងហ្នឹងរហូតដល់ឆ្នាំ២០១៦ត្រូវបានបុរី Vaticanសម្តេចប៉ាបគេកម្រអញ្ជើញនរណាចូលរួមណាស់ស្រាប់ម្តងហ្នឹងគេអញ្ជើញគាត់ឲ្យចូលរួមគេអញ្ជើញគាត់ហើយគេឲ្យសិទ្ធិគាត់រើសប្រទេសនៅអាស៊ានឬប្រទេសកាន់ព្រះពុទ្ធសាសនាលើពិភពលោកគាត់ចង់រើស (តំណាង)ប្រទេសណាទៅជាមួយក៏បានដែរ»។


 អ្នកស្រី ង៉ោ យក់បៀន ភរិយាសពលោក ទន់ សុវណ្ណ នៅឯពីធីបុណ្យសពក្នុងវត្តពុទ្ធិការ៉ាម រដ្ឋ Maryland នៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១។ រូបថតផ្តល់ឲ្យ

ព្រះតេជព្រះគុណបានបន្តថាព្រះសង្ឃថៃនិងស្រីលង្កាបានមកធ្វើទំនាក់ទំនងច្រើនដើម្បីបានទៅចូលរួមនៅក្នុងកម្មវិធីសាសនានៅបុរីវ៉ាទីកង់ដើម្បីជួយដល់សង្គមមនុស្សបំបាត់អំពើហិង្សា និងជួយផ្នែកការពារសន្តិសុខមនុស្សលោកបោះបង់ចោលជម្លោះភាពស្អប់ខ្ពើមគ្នាចេះស្រឡាញ់គ្នាតាមវិធីសាសនាជាដើម។
 
បន្ថែមពីលើនេះទៀតព្រះគ្រូចៅអធិការវត្តអ៊ុក ច័ន្ទហន មានសង្ឃដីកាបន្តថាព្រះតេជព្រះគុណផ្ទាល់និងព្រះសង្ឃយ៉ាងតិច៤អង្គផ្សេងទៀតក៏ត្រូវបានធានាដោយលោកទន់ សុវណ្ណមកកាន់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ១៩៩៧ ដែរ រហូតដល់ទទួលបានសិទ្ធិគង់នៅវត្តនេះដោយស្របច្បាប់សហរដ្ឋអាមេរិកដើម្បីបម្រើវិស័យពុទ្ធសាសនា។ ហើយព្រះគ្រូចៅអធិការវត្តបន្ថែមថានៅមុនពេលវគ្គនោះនិងវគ្គក្រោយៗទៀតមានព្រះសង្ឃរាប់សិបអង្គដែលត្រូវលោកទន់ សុវណ្ណ ធានានិងជួយរត់ការច្បាប់ដូចគ្នាដែរ៕
 
ដោយ សុខ ខេមរា
 

© រក្សាសិទ្ធិដោយ thmeythmey.com