ជាតិ
សង្គមជាតិ
អាជ្ញាធរ ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកក្នុងខេត្ត៤ បន្តហក់ឡើង
17, Oct 2021 , 5:28 pm        
រូបភាព
កម្ពស់ទឹកហក់ឡើងខ្ពស់ ក្នុងខេត្តឧត្ដរមានជ័យ ឱ្យពលរដ្ឋប្រុងប្រយ័ត្ន។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
កម្ពស់ទឹកហក់ឡើងខ្ពស់ ក្នុងខេត្តឧត្ដរមានជ័យ ឱ្យពលរដ្ឋប្រុងប្រយ័ត្ន។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ភ្នំពេញ៖  ភ្លៀងធ្លាក់ជាប់គ្នា បណ្ដាលឱ្យកម្ពស់ទឹកក្នុងខេត្ត៤ រួមមាន ឧត្ដរមានជ័យ ពោធិ៍សាត់ រតនគិរី និង មណ្ឌលគិរី ហក់ឡើងខ្ពស់។ លោក ឃុន សុខា អ្នកនាំពាក្យគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា កម្ពស់ទឹកតាមបណ្ដាខេត្តមួយចំនួន ឡើងដល់កម្រិតប្រកាស ដែលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន។



«តាមបណ្ដាខេត្តទាំងហ្នឹង ភ្លៀងប៉ុន្មានថ្ងៃហ្នឹងជាប់ៗគ្នា គឺមានតំបន់ខ្លះគឺត្រូវប្រកាសឱ្យ(ពលរដ្ឋ) ត្រៀម។ ប៉ុន្តែតាមភូមិខ្លះក៏មានការជន់លិចតិចតួចដែរ តែមិនទាន់ធ្ងន់ធ្ងរពេកទេ»។ នេះជាការលើកឡើងរបស់ លោក ឃុន សុខា ដោយបន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងតាមដានស្ថានភាពទឹកនេះ ដោយសារស្ថានភាពទឹកកំពុងមានការហក់ឡើងខ្ពស់នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២១នេះ។

បើតាមអ្នកនាំពាក្យគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដដែល អាជ្ញាធរតាមបណ្ដាខេត្តនីមួយៗ បានត្រៀមកម្លាំងដើម្បី ត្រៀមជួយពលរដ្ឋ និងអន្តរាគមន៍ ក៏ដូចជាបន្តតាមដានស្ថានភាពទឹកនេះផងដែរ។

ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី កំពុងហក់ឡើងខ្ពស់ ដែលអាជ្ញាធរខេត្តនីមួយៗ ប្រាប់ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ត្រឹមរសៀលថ្ងៃទី១៧ខែតុលានេះ ទឹកស្ទឹងក្រុងពោធិ៍សាត់ទឹកឡើងដល់ ៤,៩៣ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ ពោលមិនទាន់ហៀរចូលក្រុងនៅឡើយទេ។

ឯកម្ពស់ទឹកនៅស្រុកភ្នំក្រវាញ មានកម្ពស់ ២,៤៧ ចំណុចប្រកាសអាសន្ន ៦ម៉ែត្រ ខណៈស្រុកវាលវែងកម្ពស់ទឹកស្រកពី ៧ម៉ែត្រកន្លះ មកត្រឹម២,១៥ម៉ែត្រ។ នេះបើតាម លោក កែវ វ័យ ដដែល ដោយលោកបន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានត្រៀមកម្លាំងរួចជាស្រេចក្នុងការអន្តរាគមន៍ដល់ពលរដ្ឋ ក៏ដូចជាបណ្ដាខេត្តផ្សេងៗផងដែរ៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com