ជាតិ
សេដ្ឋកិច្ច
​ផែនការមេ​អភិវឌ្ឍ​ន៍ទេសចរណ៍​ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ នឹងដាក់ឱ្យអនុវត្តនៅថ្ងៃទី២០តុលា
17, Oct 2021 , 6:20 pm        
រូបភាព
ភ្ញៀវទេសចរមកម្សាន្តនៅប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី១៧តុលា ឆ្នាំ២០២១។ រូបថត៖ សែម វណ្ណា/ThmeyThmey.
ភ្ញៀវទេសចរមកម្សាន្តនៅប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី១៧តុលា ឆ្នាំ២០២១។ រូបថត៖ សែម វណ្ណា/ThmeyThmey.
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ន៍ឍទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០តុលា តាមប្រព័ន្ធអនឡាញ។​ ការត្រៀមប្រកាសដាក់ឱ្យអនុវត្តផែនការមេនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលអនុម័តលើផែនការនេះ អស់រយៈប្រមាណ៦ខែកន្លងមក។​



អត្ថបទទាក់ទង


ផែនការមេ​អភិវឌ្ឍន៍ទេសចរណ៍​ខេត្ត​សៀមរាបឆ្នាំ២០២១-២០៣៥ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​កាលពី​ថ្ងៃទី៣០​មីនា ឆ្នាំ២០២១។ ជាង៦ខែ ក្រោយរដ្ឋាភិបាល​អនុម័តលើផែនការមេនេះ ក្រសួង​ទេសចរណ៍​ នឹង​រៀបចំ​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍ​ន៍ទេសចរណ៍​ខេត្ត​សៀមរាបនេះ នៅថ្ងៃទី២០តុលា ក្រោមអធិបតីភាពរបស់ ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។​

កន្លងមកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធា្លប់បានលើកឡើងថា ដើម្បីស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩ ហើយដើម្បីអាចឈានសម្រេចបាននូវប្រាក់ចំណូល ៦ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ជាង១០លាននាក់ និងអន្តរជាតិ៧លាននាក់ នៅក្នុងឆ្នាំ២០៣៥ នោះ ក្រសួងទេសចរណ៍នឹងបង្កើតផលិតសេវាទេសចរណ៍ចំនួន៦ទីតាំង។ លោក​បានបញ្ជាក់ថា​ ផលិតសេវាទេសចរណ៍ទាំងនោះ គឺសុទ្ធសឹងតែស្ថិតនៅផែនការមេ​អភិវឌ្ឍ​ន៍ទេសចរណ៍​ខេត្ត​សៀមរាបឆ្នាំ២០២១-២០៣៥។

បើតាមលោក ថោង ខុន ​គោលដៅ​ទេសចរណ៍​ទាំង​៦​ទីតាំងនោះ ​មាន​២​ទីតាំង ជា​គោលដៅ​ទេសចរណ៍​មាន​ស្រាប់ គឺជាតំបន់​ប្រាសាទ​អង្គរ និង​ក្រុង​សៀមរាប នាពេល​បច្ចុប្បន្ន​។ ចំពោះ​គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន​៤​ទៀត គឺមានការបង្កើត​ទីក្រុង​សៀមរាប​ថ្មី, ការអភិវឌ្ឍ​ន៍តំបន់​ជាប់​បឹង​ទន្លេសាប​, ភ្នំ​គូលែន និង​ស្រុក​បន្ទាយស្រី ជាមួយនឹង​តំបន់​នៅ​ជុំវិញ​។

ចក្ខុវិស័យរបស់ផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាបនេះគឺ៖ «ការក្តាប់យកមកវិញនូវមោទកភាពជាគោលការណ៍ទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»៕

Tag:
 ផែនការមេ​
© រក្សាសិទ្ធិដោយ thmeythmey.com