​ផែនការមេ ២០២០-២០៣៥ ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ទៅជា «​មាស​បៃតង​»
ជាតិ
​ផែនការមេ ២០២០-២០៣៥ ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ទៅជា «​មាស​បៃតង​»
09, Sep 2020 , 11:23 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ កំពុងដឹកនាំអន្តរក្រសួង
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ កំពុងដឹកនាំអន្តរក្រសួង
​កាលពី​ថ្ងៃទី​៧ ខែកញ្ញា លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ដឹកនាំ​អន្តរក្រសួង​ប្រជុំ​ឆ្លង​សេចក្តីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០-២០៣៥​។ រដ្ឋាភិបាល​បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ពង្រីក​វិស័យ​ទេសចរណ៍​ទៅជា​មាស​បៃតង ដោយ​ក្រៅពី​ប្រាសាទ​នានា  ខេត្តសៀមរាប​មាន​តំបន់​ជាច្រើន​ទៀត​ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​ទេសចរណ៍ ដូចជា​ទន្លេសាប ស្ទឹង​សៀមរាប ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដ៏​ទាក់ទាញ​។ មណ្ឌលគិរី និង​កែប ក៏​ជាការ​ខេត្ត​គោលដៅ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ ២០២០-២០៣៥​ផងដែរ​។​

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០-២០៣៥ របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​ទេសចរណ៍  ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ក្រៅពី​ចូលរួម​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​លើកស្ទួយ​វប្បធម៌​ជាតិ ក៏​ទ្រ​ទ្រ​ង​ដល់​កិច្ច​គាំពារ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់  និង​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ដើម្បី​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព (Alternative Tourism/Quality Destination)​។ 
 
​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​ទេសចរណ៍ ក៏បាន​បង្ហាញ​ពី​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ច្បាស់លាស់ និង​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរ និង​ធនធានធម្មជាតិ​ឱ្យបាន​អតិបរមា ដោយ​សំដៅ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ឱ្យបាន​ច្រើនដង​។ ជាពិសេស​ទទួលបាន​ភ្ញៀវទេសចរ​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​នូវ​ប្រភព​ចំណូល​ជូន​ជាតិ និង​ពលរដ្ឋ​មូលដ្ឋាន​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​អះអាងថា ចក្ខុវិស័យ​របស់​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ​គឺ​៖«​ការ​ក្តាប់​យកមក​វិញ​នូវ​មោទកភាព​ជាគោលការណ៍​ទេសចរណ៍​ចម្បង​បំផុត​របស់​វិស័យ​ទេសចរណ៍​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។ 
 
​សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ទាក់ទាញ​ជាច្រើន​ទៀត​។ នេះ​ជា​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ខេត្តសៀមរាប ដោយ​ធានាបាន​នូវ​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍​។ ពោលគឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​, តំបន់​ទីក្រុង​ដែលមាន​ជាប់​ស្ទឹង​សៀមរាប , តំបន់​ទន្លេសាប​, ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដែលជា​គោលដៅ​ទេសចរណ៍​ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​


 
​ពិសេស​ខេត្តសៀមរាប ត្រូវតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ដែលមាន​គុណ​ភាព​មក​កម្សាន្ត ម្តង​ហើយ​ម្តងទៀត ស្នាក់នៅ​បានយូរ និង​ចំណាយ​ច្រើន អាច​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិ​យា​ប័ន្ន​។ 
 
​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​គោលបំណង​ទាំងនេះ រាជរដ្ឋាភិបាល​តាមរ​យៈ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​ទេសចរណ៍​ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជា​ប្រធាន និង​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍  លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជា​សមាជិក​នោះ បានដាក់​ចេញ​គោលដៅ​យុទ្ធ​សាស្ត្រា​ចំនួន​៧​ចំណុច​។ 
 
​យុទ្ធសាស្ត្រ​ទាំង​៧​ចំណុច​នោះ​មាន​៖ ១.​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ខេត្តសៀមរាប​។ ២. គឺ​ការវិនិយោគ​ទេសចរណ៍ និង​អភិវឌ្ឍ​របៀង​ទេសចរណ៍​ថ្មីៗ​ក្នុង​ខេត្តសៀមរាប​។ ៣. ការអភិវឌ្ឍ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ និង​ការតភ្ជាប់​។ ៤. ការ​ព​អង្រឹង​គុណភាព និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ ៥. ការគ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប​។  ៦. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការពង្រឹង​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​យុទ្ធសាស្ត្រ​ទី​៧ គឺ​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​ទេសចរណ៍ ខេត្តសៀមរាប​។ ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា ក្នុងចំណោម​យុទ្ធសាស្ត្រ​ទាំង​៧​នេះ មាន យុទ្ធសាស្ត្រ​តូចៗ​ចំនួន​៤៦ និង​សកម្មភាព​អនុវត្ត​ចំនួណ​១៥១ ដែល​បានកំណត់​រយៈពេល​នៃ​ការអនុវត្ត ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​។​
 


បើតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច សេចក្តីព្រាង​«​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២០-២០៣៥ នឹង​ប្រជុំ​រវាង​អន្តរក្រសួង​ម្តងទៀត​នៅ​ចុងខែ​តុលា ឆ្នាំ​២០២០ ហើយ​ក្រោយពី​កែសម្រួល​មុននឹង​​ដាក់ជូន សម្តេច ហ៊ុន សែន  ដើម្បី​ពិនិត្យ និង​សម្រេច​។ 
 
​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០២០-២០៣៥ ក្រៅពី​មាននៅ​ខេត្តសៀមរាប​នេះ រាជរដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្ត​កែប​ផងដែរ​។ នេះ​បើ​យោង​របាយការណ៍​របស់​ក្រសួងទេសចរណ៍​៕ 
 
 
 

Tag:
 ផែនការមេ​
  ទេសចរណ៍​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com