ជាតិ
សង្គមជាតិ
ទឹកស្ទឹងសង្កែស្រកមកធម្មតាវិញ ធ្វើ​ឱ្យស្ថានភាពក្រុងបាត់ដំបងធូរស្រាល
18, Oct 2021 , 11:51 am        
រូបភាព
ស្ថានភាពទឹកស្ទឹងសង្កែ ស្រកចុះវិញហើយ នៅថ្ងៃទី១៨ខែតុលានេះ។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។
ស្ថានភាពទឹកស្ទឹងសង្កែ ស្រកចុះវិញហើយ នៅថ្ងៃទី១៨ខែតុលានេះ។ រូបភាពពី ទំព័រហ្វេសប៊ុក លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។
បាត់ដំបង៖ ទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបងស្រកមកកម្រិតធម្មតាវិញហើយ នៅថ្ងៃទី១៨ ខែតុលានេះ ខណៈទឹកហៀរចូលក្រុងបាត់ដំបង ក្នុងសង្កាត់ចំនួន៦ និងលិចជុំវិញផ្សារបឹងឈូកនោះ ក៏ស្រកអស់ដែរ។ បើតាមលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក្រោយស្ថានភាពទឹកជំនន់ ក្រុងបាត់ដំបងមកប្រក្រតីវិញនេះ មិនមានការប៉ះពាល់ដល់ពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។



កម្រិតទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង បានស្រកមកកម្រិតធម្មតាវិញ ដែលធ្វើឱ្យស្ថានភាពក្នុងក្រុងធូរស្រាល។ នេះជាការបញ្ជាក់របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។ 
«ទឹកស្ទឹងសង្កែគិតមកត្រឹមថ្ងៃនេះ គឺស្រកហើយ កម្ពស់ប្រហែលជាង១០ម៉ែត្រ។ កម្ពស់១០ម៉ែត្រ គឺជាកម្ពស់ទឹកធម្មតា។ ដោយសារតែជំនន់ទឹកយើងនេះ គឺចូលបានត្រាំតែមួយយប់ទេ ដល់អ៊ីចឹងតែស្ទឹងស្រកទៅទឹកហ្នឹងគឺវាហូរទៅវិញ ដោយឡែកនៅផ្សារបឹងឈូកក៏ដូចគ្នាដែរ នៅពេលដែលទឹក(ស្ទឹង)ចាប់ផ្ដើមស្រក ទឹកនៅផ្សារបឹងឈូក ក៏វាហូរតាមលូវិញ»។ នេះជាការពន្យល់របស់ លោក ផេង សិទ្ធី រៀបរាប់ពីស្ថានភាពបច្ចុប្បន្នក្នុងក្រុងបាត់ដំបង។ 
 
បើតាមអភិបាលក្រុងដដែល ក្រោយជំនន់ទឹកស្រកនេះ មិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ឬខូចខាតលំនៅឋានពលរដ្ឋឡើយ ខណៈប៉ះពាល់ដល់ផ្លូវក្នុងក្រុងមួយចំនួន។ លោកអះអាងដូច្នេះ៖«វាខូចខាតតែផ្លូវថ្នល់មួយចំនួន ដោយសារតែផ្លូវថ្នល់យើងវាមានជង្ហុកសំបុកមាន់ ដែលពេលត្រាំទឹកអីចឹងវាប៉ះពាល់ស្ថានភាពផ្លូវ ដែលផ្លូវហ្នឹងវាខូចខាតស្រាប់ដែរទេ មានផ្លូវលេខ៣ ផ្លូវលេខ៤ បើនិយាយទៅផ្លូវនៅក្នុងក្រុងយើង ស្ថានភាព​ខូចជង្ហុកៗ»។
  

                                                       លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។

ជុំវិញបញ្ហាផ្លូវក្រោយទឹកស្រកនេះ លោក ផេង សិទ្ធី មានប្រសាសន៍ថា រង់ចាំការអន្តរគមន៍ពីអភិបាលខេត្តបាត់ដំបង ខណៈស្នើស្នងការនគរបាលខេត្ត ផ្អាកចរាចរណ៍រថយន្តធុនធំ ចូលក្រុងមួយថ្ងៃទៀត។
កាលពីថ្ងៃទី១៦ខែតុលា ទឹកស្ទឹងសង្កែបានហក់ខ្ពស់ បណ្ដាលឱ្យទឹកហៀរចូលសង្កាត់ចំនួន៦ ក្នុងក្រុងបាត់ដំបងក្នុងនោះ សង្កាត់វត្តគរ សង្កាត់ព្រែកព្រះស្ដេច សង្កាត់ស្វាយប៉ោ សង្កាត់រតនៈ សង្កាត់ក្ដុលដូនទាវ និងសង្កាត់ស្លាកែត ជាពិសេសផ្សារបឹងឈូក៕

© រក្សាសិទ្ធិដោយ thmeythmey.com