ជាតិ
ព្រំដែន
លោក កែវ រ៉េមី៖ បើបាត់ដី អ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត គឺបក្សប្រជាជន
18, Oct 2021 , 1:51 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (រូបពីគណនីហ្វេសប៊ុករបស់លោក)
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (រូបពីគណនីហ្វេសប៊ុករបស់លោក)
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានរម្លឹកពាក្យប្រមុខរដ្ឋាភិបាល និងគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ដែលលើកឡើងកន្លងមកថា កម្ពុជា មិនបាត់បង់ទឹកដីទៅប្រទេសជិតខាងឡើយ។ បើបាត់បង់ទឹកដីចំណែកណាមួយពិតមែននោះ លោក ប្រាប់ថា គឺគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស គឺជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត។



ក្នុងបទសម្ភាសជាមួយលោក ម៉ែន គឹមសេង នៃសារព័ត៌មានវីអូអេ (VOA) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក កែវ រ៉េមី ដែលនៅក្នុងគណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្តាលម្នាក់ដែរនោះ បានមានប្រសាសន៍ថា៖«អ្នក ដែលទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត យើង និយាយឲ្យត្រង់ជាមួយគ្នាទៀត គឺគណបក្សប្រជាជនកមម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ពីព្រោះថ្នាក់ដឹកនាំថា មិនបាត់ដីធ្លីទេ អ៊ីចឹងជាប្រវត្តិសាស្រ្តនៅចំពោះមុខប្រជាជនខ្មែរគ្រប់ជំនាន់ទាំងអស់ បើសិនជាបាត់ដីធ្លី គឺគាត់ហើយ ជាប់ឈ្មោះ [ក្នុងប្រវត្តិសាស្រ្ត] ហើយ។ អាហ្នឹង យើង និយាយឲ្យត្រង់ជាមួយគ្នាលះឲ្យអស់តែម្តង»។

សំឡេងលោក កែវ រ៉េមី





វីអូអេ ធ្វើបទសម្ភាសជាមួយលោក កែវ រ៉េមី អំពីការអនុវត្តិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្ថានភាពសិទ្ធិមនុស្សរយៈ៣០ឆ្នាំនៅកម្ពុជា ខណៈការរម្លឹកខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងមកដល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ ក្រៅពីការអនុវត្តិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្ថានភាពសិទ្ធិមនុស្ស លោក កែវ រ៉េមី បាននិយាយដល់បញ្ហាទឹកដី និងរឿងព្រំដែន ក្រោយពីលោក ម៉ែន គឹមសេង សុំឲ្យលោក បកស្រាយពីការចាប់អ្នកបញ្ចេញមតិពីរឿងព្រំដែន។

លោក កែវ រ៉េមី រម្លឹកពីប្រវត្តិសាស្រ្តថា ជំនាន់លោកសេនាប្រមុខរដ្ឋ លន់ នល់ បានយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម ធ្វើជាប្រធានបទក្នុងការវាយប្រហាររដ្ឋាភិបាលរបស់សម្តេចព្រះបាទ នរោត្តម សីហនុ រហូតដល់អាចឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់ព្រះអង្គបានជោគជ័យ ដោយលោកសេនាប្រមុខ លន់ នល់។ លោក បន្តថា ដោយសារមានបទពិសោធប្រវត្តិសាស្រ្តនេះហើយ ទើបរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែទប់ស្កាត់អំពើញុះញង់ និងការបង្កើតក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាល តាមរយៈការយកបញ្ហាព្រំដែនធ្វើជាប្រធានបទ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានហៅការទប់ស្កាត់មិនឲ្យយកបញ្ហាព្រំដែនធ្វើជាប្រធាន ដើម្បីបះបោរប្រឆាំងនឹងរដ្ឋាភិបាល ថាជាការពន្លត់រងើកភ្លើង កុំឲ្យឆេះសន្ធោសន្ធៅ។ លោក បញ្ជាក់ថា៖«ទប់ភ្លើងកុំឲ្យវាឆេះឆាប នៅមានរងើកភ្លើងតិចតួច គឺថាយើងពន្លត់។ ពន្លត់ហ្នឹង គោលបំណងដើម្បីថែរក្សាស្ថិរភាពនេះឯង»។

ម្យ៉ាងទៀត ប្រជាពលរដ្ឋកម្ពុជា ក៏កំពុងជួបការលំបាកផ្នែកជីវភាពដោយសារជំងឺកូវីដ-១៩ ដូច្នេះបើបណ្តែតបណ្តោយឲ្យមានការយកបញ្ហាព្រំដែន ទៅបង្កើតជាការញុះញង់និងបង្កើតជាក្រុមបះបោរនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកកាន់តែខ្លាំង។ នេះជាហេតុផលមួយបន្ថែមទៀត ដែលលោក កែវ រ៉េមី លើកឡើងថា រដ្ឋាភិបាល ត្រូវតែទប់ស្កាត់។

លោក កែវ រ៉េមី ឆ្លៀតរម្លឹកពីការបកស្រាយរបស់សម្តេច ហ៊ុន សែន រយៈពេល៥ម៉ោងកន្លះអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងរដ្ឋសភា កាលពីឆ្នាំ២០១២។ លោក រម្លឹកទៀតថា រយៈពេល៥ម៉ោងកន្លះក្នុងរដ្ឋសភានាពេលនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបកស្រាយរួចហើយថា កម្ពុជា ពុំបានបាត់ទឹកដីទៅប្រទេសជិតខាងឡើយ។ សម្រាប់លោក បញ្ហាព្រំដែន គួរតែទុកឲ្យរដ្ឋាភិបាលដោះស្រាយ៕
 

Tag:
 កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com