ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាក្បាលម៉ាស៊ីនថ្មីមួយ​ ជួយជំរុញកំណើនសេដ្ឋកិច្ច
18, Oct 2021 , 9:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃទីក្រុងព្រះសីហនុ កាលពីដើមខែកញ្ញា ឆ្នាំ២០២១
ទិដ្ឋភាពរួមនៃទីក្រុងព្រះសីហនុ កាលពីដើមខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជានឹងអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថា  ការអភិវឌ្ឍខេត្តព្រះសីហនុនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

 
 
៥ឆ្នាំចុងក្រោយនេះ​ ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដោយបានប្រែក្លាយពីខេត្តស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក នៅក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ ជាពិសេស​ខេត្តនេះ បានក្លាយជាតំបន់តភ្ជាប់ផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់។ 
 


ព្រឹកថ្ងៃទី១៨តុលានេះ វិទ្យាស្ថានផែនការ និង គំនូសប្លង់ទីក្រុង របស់ខេត្តស៊ិនជិន (Urban Planning and Design Institute of Shenzhen-UPDIS) បានចុះហត្ថលេខាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន។ 
 

          លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានថ្លែងនៅក្នុងពិធីខាងលើ ថា គោលដៅនៃការរៀបចំផែនការមេ ​សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍ ឱ្យស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ លើសពីនេះ គឺដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ និងការទាក់ទាញបន្ថែមនូវការវិនិយោគ ធុរកិច្ច ដែលកើតពីការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ចូលមកកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយសំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។ 
 
បច្ចុប្បន្ន កម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តនេះឱ្យជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការទាក់ទាញ​និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានក្លាយទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។ ជាពិសេសប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមការលើកឡើងរបស់​លោក អូន ព័ន្ធមុនីរ័ត្ន។ 
 
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា៖ «ផែនការមេនេះ បានកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា​ និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ស្របទៅតាមទិសដៅនៃការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។ ជាពិសេស ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្តល់ការងារជូនពលរដ្ឋ​ ប្រមូលចំណូលជូនរដ្ឋាភិបាល និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល»។ 

ជាមួយគ្នានេះ លោក Sima Xiao ដែលជាប្រធានវិទ្យាស្ថានUPDIS របស់ប្រទេសចិន ទទួលបន្ទុករៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ បានលើកឡើងថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តព្រះសីហនុ​នឹងអាចបញ្ចប់បេសកកម្ម ដែលកម្ពុជាបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ លោកបានអះអាងថា​ ខេត្តព្រះសីហនុ នឹងក្លាយខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ ជាមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកឧស្សាហកម្ម និងវិស័យដឹកជញ្ជូននៅអាស៊ីអាគ្នេយ៍ ហើយក៏ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រលំដាប់ពិភពលោក ផងដែរ។ 


           លោក Sima Xiao ដែលជាប្រធានវិទ្យាស្ថានUPDIS 
 
លោក Sima Xiao បាននិយាយដូច្នេះ៖ «ក្រោមការដឹកនាំរដ្ឋាភិបាលកម្ពុជា​ និងការចូលរួមពីគ្រប់ភាគី យើងខ្ញុំនឹងអាចបញ្ចប់ការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងប្រកបដោយគុណភាពខ្ពស់។ [យើង] នឹងគូសប្លង់មេដ៏ល្អឥតខ្ចោះមួយ ដើម្បីកសាងខេត្តព្រះសីហនុឱ្យក្លាយជាច្រកទ្វារជាតិ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេ និងជាទីក្រុង​ឈ្លាសវៃប្រកបដោយចីរភាព និងភាពបៃតង គួរឱ្យចង់រស់នៅ»៕  

Tag:
 ផែនការមេ
 ​ ព្រះសីហនុ
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com