ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីយុត្តិធម៌៖«ជួយអ្នកក្រកាន់តែច្រើន វិជ្ជាជីវៈមេធាវី កាន់តែមានតម្លៃ»
19, Oct 2021 , 8:59 pm        
រូបភាព
លោក កើត រិទ្ធ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានថ្មីនៃតុលាការខេត្តក្រចេះ កាលពីកក្កដា ឆ្នាំ២០២០។
លោក កើត រិទ្ធ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានថ្មីនៃតុលាការខេត្តក្រចេះ កាលពីកក្កដា ឆ្នាំ២០២០។
ដោយ: ថ្មីៗ
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញទឹកចិត្តមេធាវីនៅកម្ពុជា ឲ្យបន្តជួយការពារក្តីជូនអ្នកក្រីក្រដោយឥតគិតថ្លៃ។ លោក យល់ថា ការជួយអ្នកក្រីក្រតាមរយៈការការពារក្តីដោយឥតគិតថ្លៃ គឺជាតម្លៃដ៏ខ្ពស់មួយ សម្រាប់វិជ្ជាជីវៈមេធាវី និងនាំឲ្យវិជ្ជាជីវៈមេធាវីមានឧត្តមភាព។


 
ធ្វើជាអធិបតីក្នុងការប្រកាសបិទបញ្ចប់មហាសន្និបាតគណៈមេធាវីកម្ពុជាលើកទី២៦ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក កើត រិទ្ធ ដែលជាមេធាវីដែរនោះ តែមិនប្រកបវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការជួយជនក្រីក្រ មិនត្រឹមតែធ្វើឲ្យមេធាវី ត្រូវបានគោរព និងឲ្យតម្លៃពីជនក្រីក្រ ដែលទទួលបានសេវាការពារក្តីនោះទេ សូម្បីមហាជនទូទៅ ក៏គោរព និងឲ្យតម្លៃដែរ។ លោក ប្រាប់មេធាវីថា ការការពារក្តីជូនជនក្រីក្រដោយមិនយកប្រាក់ គឺមិនអាចមើលរំលងបានឡើយ។ 
 
លោករដ្ឋមន្រ្តីយុត្តិធម៌ ថ្លែងថា៖«ការចូលរួមក្នុងសកម្មភាពជួយដល់ប្រជាពលរដ្ឋក្រីក្រកាន់តែច្រើន ធ្វើឲ្យវិជ្ជាជីវៈមេធាវី កាន់តែមានតម្លៃ និងទទួលបានការគោរព ការដឹងគុណ កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសពីសំណាក់ប្រជាពលរដ្ឋក្រីក្រ»។


លោក កើត រិទ្ធ ថ្លែងក្នុងពិធីបិទមហាសន្និបាតគណៈមេធាវីកម្ពុជាលើកទី២៦។

ក្រៅពីការលើកទឹកចិត្តឲ្យបន្តជួយការពារក្តីជូនអ្នកក្រីក្រដោយមិនយកប្រាក់ លោករដ្ឋមន្រ្តីយុត្តិធម៌ ក៏បានជំរុញមេធាវីឲ្យគោរពក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវផងដែរ។
 
របាយការណ៍ ដែលលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អានក្នុងមហាសន្និបាត បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ គណៈមេធាវី បានចាត់តាំងមេធាវីឲ្យការពារក្តីជូនជនក្រីក្របានជាង៦ពាន់នាក់។ 
 
ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពជួលមេធាវី អាចស្នើទៅគណៈមេធាវី ដើម្បីសុំឲ្យផ្តល់មេធាវីជួយការពារក្តីដោយមិនគិតថ្លៃ។ ក្នុងករណីខ្លះ ប្រធានតុលាការ ជាអ្នកស្នើទៅគណៈមេធាវី ដើម្បីសុំឲ្យចាត់តាំងមេធាវី ជួយការពារក្តីជូនជនណាម្នាក់។
 
ការចាត់តាំងមេធាវីឲ្យការពារក្តីជូនជនក្រីក្រដោយឥតថ្លៃនេះ គឺជាផ្នែកមួយនៃការផ្តល់សេវាច្បាប់ជូនជនក្រីក្រ។ គណៈមេធាវីកម្ពុជា តែងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំពីរដ្ឋាភិបាល សម្រាប់ចំណាយលើការចាត់តាំងមេធាវី ឲ្យការពារក្តីជូនជនក្រីក្រ។ កញ្ចប់ថវិកានេះ ត្រូវបានរដ្ឋាភិបាល ដំឡើងជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០០៣ កញ្ចប់ថវិកានេះ មានទំហំប្រមាណ២រយលានរៀលប៉ុណ្ណោះ តែត្រូវបានរដ្ឋាភិបាល បន្ថែមដល់២ពាន់លានរៀល នៅឆ្នាំ២០២១។ គណៈមេធាវី គ្រោងស្នើឲ្យរដ្ឋាភិបាល ដំឡើងកញ្ចប់ថវិកានេះ ដល់២,៦ពាន់លានរៀល នៅឆ្នាំ២០២២។
 
លោក កើត រិទ្ធ លើកឡើងថា ការចាត់តាំងមេធាវីឲ្យការពារក្តីជូនជនក្រីក្រ គឺជាកាតព្វកិច្ចរបស់គណៈមេធាវី ដែលមានចែងក្នុងច្បាប់។ ច្បាប់ ចែងថា មេធាវីទាំងអស់ មានកាតព្វកិច្ចជួយការពារជនក្រីក្រតាមបែបបទនៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ លោក អះអាងថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ជាអាទិភាពលើគោលនយោបាយផ្តល់សេវាជំនួយផ្នែកច្បាប់ជូនជនក្រីក្រ៕

 

Tag:
 កើត រិទ្ធ
  មេធាវី
  ការពារក្តីជនក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com